(ភ្នំពេញ)៖ ធនាគារ វីង បានផ្តល់ការគាំទ្រគំនិតផ្តួចផ្តើមរបស់សភាពាណិជ្ជកម្មកម្ពុជា ដើម្បីជួយដល់ក្រុមហ៊ុនក្នុងស្រុកដើម្បីបង្កើនការនាំចេញទៅក្នុងទីផ្សារប្រទេសចិន។ ជាក់ស្តែង សភាពាណិជ្ជកម្មកម្ពុជា (CCC) និងធនាគារ វីង កាលពីពេលថ្មីៗនេះ បានសហការរៀបចំសិក្ខាសាលាស្តីពីលក្ខខណ្ឌតម្រូវ និងកិច្ចសម្រួលពាណិជ្ជកម្មនាំចេញទំនិញទៅកាន់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈការចែករំលែកនូវចំណេះដឹង និងដំណោះស្រាយហិរញ្ញវត្ថុចាំបាច់ទៅដល់ម្ចាស់អាជីវកម្មក្នុងស្រុកជាច្រើន ដើម្បីបង្កើនសមត្ថភាពនាំចេញទៅកាន់ប្រទេសចិន ដែលជាទីផ្សារដ៏មានសក្តានុពល។ កម្មវិធីនេះបានប្រមូលផ្តុំដោយអ្នកដឹកនាំក្នុងវិស័យនានាអ្នកបង្កើតគោលនយោបាយ និងភាគីពាក់ព័ន្ធជាច្រើនទៀតជាង ១០០នាក់ ដែលអនុញ្ញាតឱ្យអ្នកចូលរួមទាំងអស់ស្វែងយល់កាន់តែស៊ីជម្រៅអំពីនីតិវិធីនាំចេញ ការសម្របសម្រួលពាណិជ្ជកម្ម និងដំណោះស្រាយហិរញ្ញវត្ថុដែលសមស្របដើម្បីបង្កើនសមត្ថភាពនៃការធ្វើពាណិជ្ជកម្មនៅក្នុងទីផ្សារអន្តរជាតិ។

ក្នុងនាមជាដៃគូនាំចេញធំលំដាប់ទី៣ របស់ទីផ្សារកម្ពុជា ប្រទេសចិនបានរួមចំណែកដ៏សំខាន់ក្នុង ការគាំទ្រកំណើន សេដ្ឋកិច្ច របស់ប្រទេសកម្ពុជា។ ជាក់ស្តែង ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនមានទំហំទឹកប្រាក់កើនដល់ ១.៧៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៤ ដែលបង្ហាញការកើនឡើងគួរឱ្យកត់សម្គាល់ ១៨.៤% បើធៀបនឹងឆ្នាំ២០២៣ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ជាមួយនឹងកំណើនបញ្ជារទិញដ៏ច្រើនរបស់ប្រទេសចិន សិក្ខាសាលានេះត្រូវបានរៀបចំឡើង ស្របតាមស្ថានការណ៍តម្រូវជាក់ស្តែងដើម្បីជួយទៅដល់ម្ចាស់អាជីវកម្មអាចកែលម្អយុទ្ធសាស្រ្តនាំចេញរបស់ពួកគេ និងចាប់យកនូវឱកាសថ្មីៗនៅក្នុងទីផ្សារប្រទេសចិន។

ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងលើសារៈសំខាន់នៃគំនិតផ្តួចផ្តើមនេះដោយគូសបញ្ជាក់ថា៖ «សិក្ខាសាលានេះប្រមូលផ្តុំគ្រប់ភាគីទាំងអស់មកជួបជុំគ្នា រួមទាំងនិយ័តករ និងអ្នកនាំចេញ ដោយផ្តល់ឱ្យអាជីវកម្មនូវផែនទីបង្ហាញផ្លូវច្បាស់លាស់សម្រាប់នីតិវិធីនាំចេញ ការបំពេញបែបបទឯកសារ និងការប្រើប្រាស់ធនធានដែលមានស្រាប់»។

ឧកញ៉ា គួច ផេង បានបន្ថែមថា៖ «កិច្ចខិតខំប្រឹងប្រែងនេះគឺជាជំហានដ៏សំខាន់មួយក្នុងការជួយឱ្យអាជីវកម្មអាចដោះស្រាយនូវបញ្ហាប្រឈមនានា ក៏ដូចជាពង្រីកទីផ្សារនៃការនាំចេញបានធំទូលំទូលាយជាងមុន»។

ឧកញ៉ា គួច ផេង ក៏បានកោតសរសើរធនាគារ វីង ដែលតែងតែរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញកំណើនអាជីវកម្មក្នុងស្រុក ក៏ដូចជាផ្សព្វផ្សាយពីសក្តានុពលនៃការធ្វើពាណិជ្ជកម្មរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិនៅទូទាំងសកលលោកផងដែរ។

សិក្ខាសាលានេះនឹងបន្តពេញមួយឆ្នាំ២០២៥ ជាមួយនឹងការរៀបចំវគ្គជាបន្តបន្ទាប់ដោយផ្តោតទៅលើដៃគូពាណិជ្ជកម្មសំខាន់ៗផ្សេងទៀតរួមមាន៖ សាធារណរដ្ឋកូរ៉េ ដែលនឹងធ្វើឡើងនៅក្នុងខែមីនា ប្រទេសជប៉ុនក្នុងខែមិថុនា ប្រទេសអូស្ត្រាលីក្នុងខែកញ្ញា និងប្រទេសកាណាដាក្នុងខែធ្នូ ដោយរំពឹងថាម្ចាស់អាជីវកម្មប្រមាណជាង ៥០០នាក់ នឹងទទួលបានអត្ថប្រយោជន៍ពីសិក្ខាសិលានេះ ក្នុងគោលដៅលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីនាំចេញរបស់កម្ពុជាឱ្យកាន់តែរឹងមាំ ថែមទាំងបង្កើនការប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោកបានកាន់តែប្រសើរ។

ក្នុងនាមជាដៃគូគាំទ្រហិរញ្ញវត្ថុដ៏សំខាន់មួយ ធនាគារ វីង នៅតែបន្តការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីផ្តល់ការគាំទ្រទៅដល់ក្រុមហ៊ុននាំចេញ ដោយផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងងាយស្រួលប្រើប្រាស់។

លោក Dmytro Kolechko អគ្គនាយកធនាគារ វីង បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ធនាគារ វីង ដែលបានចូលរួមគាំទ្រសម្របសម្រួលពាណិជ្ជកម្មពិភពលោក ដោយបានលើកឡើងថា៖ «ធនាគារ វីង លើសពីធនាគារផ្តល់សេវាហិរញ្ញវត្ថុតាមបែបប្រពៃណី ពោលគឺផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែបដែលសមស្របសម្រាប់ពាណិជ្ជកម្មអន្តរជាតិ រួមមានដូចជា៖ ការសម្របសម្រួលប្រតិបត្តិការហិរញ្ញវត្ថុមានភាពលឿនរហ័ស និងរលូនការគ្រប់គ្រងហានិភ័យ និងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្របតាមតម្រូវការរបស់អាជីវកម្មនីមួយៗ ដែលកត្តានេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ វីង ដែលតែងតែគាំទ្រអាជីវកម្មក្នុងស្រុក ដើម្បីពង្រីកលទ្ធភាពនាំចេញទៅកាន់ប្រទេសចិន និងទីផ្សារគោលដៅផ្សេងៗទៀត»។ដើម្បីជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងដែនឱ្យកាន់តែមានប្រសិទ្ធភាពធនាគារ វីង ផ្តល់ជូននូវសេវាហិរញ្ញប្បទានពាណិជ្ជកម្ម ដ៏សម្បូរបែបរួមមាន៖ សេវាលិខិតឥណទានសម្រាប់ធានាសុវត្ថិភាពលើការទូទាត់ សេវាបេឡានិច័យសម្រាប់ទទួលឬបញ្ជូនឯកសារដើម្បីទទួលបានការទូទាត់ សេវាលិខិតធានាពីធនាគារសម្រាប់ធានាការទូទាត់ក្នុងករណីអ្នកស្នើសុំមិនបានអនុវត្តតាមកាតព្វកិច្ចនៃកិច្ចសន្យា ការផ្តល់ហិរញ្ញប្បទានមុននិងក្រោយការដឹកជញ្ជូនទំនិញក្រោមលិខិតឥណទាននាំចេញដើម្បីសម្របសម្រួលក្នុងការបង្វិលដើមទុនរយៈពេលខ្លីដល់អ្នកនាំចេញ ផ្ទេរប្រាក់ចូលមកប្រទេសកម្ពុជាតាមប្រព័ន្ធ SWIFT ឥតគិតថ្លៃ សេវាទូទាត់ឆ្លងដែនជាមួយអត្រាប្តូររូបិយប័ណ្ណបរទេសដែលមានភាពប្រកួតប្រជែងខ្ពស់ ក៏ដូចជាផ្តល់នូវដំណោះស្រាយសម្រាប់ការធ្វើពាណិជ្ជកម្មតាមថ្នាលឌីជីថលតាមរយៈ Wingmarket និង Wingmall ដែលថ្នាលឌីជីថលដ៏មានភាពប្រឌិតទាំងនេះត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលការធ្វើពាណិជ្ជកម្ម និងជំរុញប្រព័ន្ធអេកូឡូនៃស៊ីច្រវាក់ផ្គត់ផ្គង់របស់កម្ពុជាឱ្យកាន់តែប្រសើរថែមទៀតផង។

កិច្ចសហការរវាងសភាពពាណិជ្ជកម្មកម្ពុជា និងធនាគារ វីង ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងនៃការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចិន ក៏ដូចជាប្រទេសដៃគូផ្សេងៗទៀតនៅលើពិភពលោក។ តាមរយៈការជួយគាំទ្រដោយផ្តល់នូវធនធានសមស្រប និងដំណោះស្រាយហិរញ្ញវត្ថុបត់បែន ក៏ដូចជាផ្តល់នូវមតិយោបល់សម្រាប់យុទ្ធសាស្រ្តតម្រង់ទិស នានា គំនិតផ្តួចផ្តើមទាំងនេះជាការត្រួសត្រាយដ៏ចាំបាច់ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពដោយគាំទ្រដល់អាជីវកម្មក្នុងស្រុកឱ្យមានសមត្ថភាព និងលទ្ធភាពរឹងមាំសម្រាប់ការប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក។ ខណៈដែលប្រទេសកម្ពុជាកំពុងធ្វើសមាហរណកម្មប្រសើរឡើងជាបន្តបន្ទាប់នៅក្នុងសេដ្ឋកិច្ចអន្តរជាតិ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បង្ហាញយ៉ាងច្បាស់អំពីសារៈសំខាន់ក្នុងការធានានូវភាពជោគជ័យរយៈពេលវែងនៅក្នុងពិភពលោកដែលមានការតភ្ជាប់គ្នាកាន់តែខ្លាំងឡើង៕