(ភ្នំពេញ)៖ មន្ដ្រីជាន់ខ្ពស់គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» (គ.ច.យ.ខ.ព) រំពឹងព្រឹត្តិការណ៍យុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី២ នាខែវិច្ឆិកាខាងមុខ នឹងប្រព្រឹត្តទៅកាន់តែល្អប្រសើរ ពិសេសលើការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល-ចៅក្រម បន្ទាប់ពីចូលរួមវគ្គបណ្ដុះបណ្ដាល រយៈពេល ២ថ្ងៃ កាលពីថ្ងៃទី២២-២៣ ខែមីនាកន្លងទៅ នៅសាលាកីឡាគុណធម៌។

លោក វ៉ាត់ ចំរើន អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មការចំពោះកិច្ចខាងលើ បានបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមនេះ នឹងរៀបចំ ២លើក ខណៈលើកទី២ នឹងត្រូវរៀបចំកំឡុងខែតុលា ដើម្បីពង្រឹងសមត្ថភាព និងការត្រៀមខ្លួនបានកាន់តែល្អរបស់អាជ្ញាកណ្ដាល-ចៅក្រម សម្រាប់ត្រៀមការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» លើកទី២ នាថ្ងៃទី២៧-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

លោកបន្ដថា «ដើម្បីធានាឲ្យដំណើរការប្រកួតប្រព្រឹត្តទៅបានល្អ ទាល់តែមានអាជ្ញាកណ្ដាល-ចៅក្រម និងមន្ដ្រីបច្ចេកទេស មានវិជ្ជាជីវៈត្រឹមត្រូវ យល់ដឹងអំពីរបៀបរបបដឹកនាំការប្រកួត មានការវិនិច្ឆ័យប្រកបដោយយុត្តិធម៌ ស្របតាមគោលការណ៍ Fair-Play និងត្រូវមានក្រមសីលធម៌ អព្យាក្រឹត ជាមួយរបៀបរបបនៃការផ្ដល់នូវសញ្ញា និងផ្ដល់នូវពិន្ទុឲ្យកីឡាករ-កីឡាការិនីចូលរួមប្រកួត មានភាពកក់ក្ដៅ និងមើលឃើញនូវភាពត្រឹមត្រូវ យុត្តិធម៌ ក្នុងការវិនិច្ឆ័យ ដើម្បីឲ្យពួកគាត់មានទឹកចិត្តក្នុងការហ្វឹកហាត់ជំនាញកាន់តែល្អប្រសើរ ចៀសវាងនូវការបាក់ទឹកចិត្ត ដោយសារការវិនិច្ឆ័យមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស»

ឆ្លើយតបតាមនឹងគោលបំណងខាងលើ លោកបានវាយតម្លៃខ្ពស់ ចំពោះការចូលរួម និងស្មារតីចង់ចេះចង់ដឹងរបស់សិក្ខាកាមទាំង ៧០នាក់ ដែលបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការសិក្សារៀនសូត្រពីគ្រូឧទ្ទេស ដែលសុទ្ធតែជាអ្នកជំនាញ និងមានបទពិសោធន៍ ក្នុងការចែករំលែកចំណេះដឹងដល់អាជ្ញាកណ្ដាល-ចៅក្រម ដើម្បីផ្ដល់នូវទំនុកចិត្តដល់ការប្រកួត ទាំងវិញ្ញាសាប្រយុទ្ធ និងវិញ្ញាសាសម្ដែង ដោយភ្ជាប់ជាមួយការរៀនសូត្រអំពីការដាក់ពិន្ទុតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ស្របតាមសម័យកាលកីឡាឌីជីថល ដែលជំរុញឲ្យដំណើរសិក្សារយៈពេល ២ថ្ងៃ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

ជាមួយគ្នា ក្នុងនាមគណៈកម្មការចំពោះកិច្ច ក៏ដូចជាសិក្ខាកាម ដែលជាអាជ្ញាកណ្ដាល-ចៅក្រមយុទ្ធគុនចម្រុះខ្មែរបុរាណទាំងអស់ លោក វ៉ាត់ ចំរើន បានគូសរំលេចថា «យើងខ្ញុំទាំងអស់គ្នា ពិតជាមានការសប្បាយរីករាយ និងមានភាពកក់ក្ដៅជាខ្លាំង ដែលទទួលបាននូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ក្នុងការលើកកម្ពស់កីឡាយុទ្ធគុនខ្មែរបុរាណ ដែលជាព្រលឹងនៃដូនតាខ្មែរបស់យើងនេះឡើងវិញ ។ ខ្ញុំសង្ឃឹមថា យើងទាំងអស់គ្នា នឹងធ្វើកិច្ចការនេះឲ្យបានកាន់តែល្អប្រសើរ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍យុទ្ធគុនដូនតាខ្មែររបស់យើង»

គួរដឹងថា ដើម្បីធានាការត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ នាចុងខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ ឲ្យកាន់តែអស្ចារ្យ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍ណែនាំ និងអនុញ្ញាតជាគោលការណ៍ឲ្យគណៈកម្មការចំពោះកិច្ចរៀបចំវគ្គបណ្ដុះបណ្ដាលជាបន្ដបន្ទាប់ តាំងពីដើមឆ្នាំ ជាក់ស្ដែងកាលពីដើមខែកុម្ភៈកន្លងទៅ គ.ច.យ.ខ.ព ក៏បានរៀបចំសិក្ខាសាលាបច្ចេកទេសយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី១ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេស ដល់គ្រូបង្វឹកគ្រប់យុទ្ធគុនខ្មែរបុរាណប្រមាណ ៧០នាក់ មកពីទូទាំងប្រទេសផងដែរ៕