(ភ្នំពេញ)៖ តារាចម្រៀងល្បីឈ្មោះក្នុងស្រទាប់យុវវ័យ និងជាគ្រាប់ពេជ្ររបស់ផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាថ្មី ខណៈដែលនាងត្រូវបានក្រុមផលិតផលថែរក្សាសម្រស់ដ៏ល្បីមួយមានឈ្មោះថា TRE ជ្រើសរើសឲ្យក្លាយជាទូតសុឆន្ទៈនៃផលិតផលរបស់ខ្លួន បន្ទាប់បានឃើញពីប្រជាប្រិយភាពរបស់តារាចម្រៀង សុខ ពិសី មានសសន្ទុះនិងការគាំទ្រច្រើន និងពិតជាស័ក្ដិសម្រាប់តំណែងមួយនេះ ទោះបីការងារសិល្បៈរបស់នាងកំពុងតែមមាញឹកយ៉ាងណាក៏ដោយ។

ពិធីប្រកាសជាផ្លូវការទូតសុឆន្ទៈនេះត្រូវបានធ្វើឡើងនាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ នៅផ្សារទំនើប K Mall ដោយមានការចូលរួមពីម្ចាស់ក្រុមហ៊ុន TRE តារាចម្រៀង, អ្នកផលិតមាតិកាល្បីៗ, តារាបង្ហាញម៉ូដ​ និងមហាជនយ៉ាងច្រើនកុះករ។ ក្នុងនោះក៏មានការសម្ដែងបទចម្រៀងជូនដល់មហាជន ទស្សនាយ៉ាងសប្បាយរីករាយផងដែរ។

តារាចម្រៀងគ្រាប់ពេជ្ររបស់ផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បានថ្លែងប្រាប់ឲ្យ Fresh News Plus ដឹងថា ថ្ងៃនេះនាងពិតជាសប្បាយចិត្តដែលបានក្លាយជាអ្នកតំណាងផលិតផលខូឡាទីនរបស់ក្រុមហ៊ុន TRE ព្រោះនាងបានប្រើប្រាស់ផលិតនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ទើបជឿជាក់លើផលិតផលថែរក្សាសម្រស់នេះ ហើយព្រមទទួលយកតំណែងជាទូតសុឆន្ទៈទាំងដែលខ្លួន កំពុងរវល់នឹងការងារសិល្បៈស្ទើរតែរកពេលសម្រាកគ្មាន។ សុខ ពិសី បន្តថា តាមការពិតទៅសព្វថ្ងៃនេះ ការងារសិល្បៈ និងជំនួញរកស៊ីរបស់នាងពិតជាមមាញឹកខ្លាំងមែនទែន ប៉ុន្តែដោយសារនាង និងម្ចាស់ប្រេនស្គាល់ និងរាប់អានគ្នាយូរឆ្នាំមកហើយ ទើបនាងសម្រេចចិត្តទទួលយកការងារនេះ និងបន្តជួយដោយក្ដីរីករាយ។

តារាចម្រៀង សុខ ពិសី បានបន្ថែមទៀតថា អ្វីដែលនាងអាចទទួលយកបាននោះ គឺគុណភាពរបស់ផលិតផល គឺថាបានគុណភាពល្អហើយជឿជាក់ ព្រោះរូបនាងផ្ទាល់ក៏បានប្រើប្រាស់ទាំងសាប៊ូកក់សក់ ឡេលាបខ្លួន ខូឡាជេន និងផលិតជាច្រើនទៀតរបស់ក្រុមហ៊ុន TRE គឺឃើញថាមានគុណភាពល្អ។

ដោយឡែក​អគ្គនាយិកាក្រុមហ៊ុន​ TRE លោកស្រី តែ ស៊ូអេង​ បានថ្លែងប្រាប់​ឲ្យដឹងថា មូលហេតុ​ដែលជ្រើសរើសតារាចម្រៀង សុខ ពិសី ជា BA នៃផលិតផលសម្រស់របស់​ក្រុមហ៊ុន​ TRE ដោយសារតែផលិតដែលនាំចូលមកពីក្រៅប្រទេសទាំងអស់នេះមានគុណភាពខ្ពស់ ស័ក្ដិសម​នឹងនារីសម័យថ្មី និងយុវវ័យទូទៅ ជាពិសេសតារាចម្រៀង សុខ ពិសី ដែលកំពុងតែទទួលបានការគាំទ្រដ៏ច្រើននាពេលនេះ។​

លោកស្រីបន្តថា ទោះបីជាតារាចម្រៀង សុខ ពិសី មមាញឹកនឹងការងារសិល្បាយ៉ាងណាក្ដី ប៉ុន្តែរូបលោកស្រីនៅតែចង់បានតារារូបនេះធ្វើជាទូតសុឆន្ទៈដដែល ព្រោះបើមើលទៅលើជីវិតពិត គឺមានការតស៊ូពុះពារច្រើនឧបសគ្គដូចគ្នា ទំរាំទទួលបានជោគជ័យដល់សព្វថ្ងៃនេះ ជាពិសេសការងារជំនួញរកស៊ី៕