(លីស្បោន)៖ ប្រធានក្រុម Cristiano Ronaldo បានរួមចំណែកជួយជម្រើសជាតិបច្ចខែលព័រទុយហ្គាល់ ឡើងទៅប៉ះក្រុមខ្លាំង ឥន្រ្ទីដែកអាល្លឺម៉ង់ អតីតម្ចាស់ជើងបាល់ទាត់ពិភពលោក World Cup ៤សម័យកាល សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្មវិធីអឺរ៉ុប UEFA Nations League 2024-25។

ការឆ្លងចូលវគ្គ ៤ក្រុមនៃ UNL ជំនាន់ទី៤ នេះដែរ តាមរយៈពួកគេវាយបកឈ្នះគូប្រជែងដាណឺម៉ាក ៥-២ បញ្ចប់ជើងទី២ នៃវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីព័រទុយហ្គាល់ បរាជ័យ ១ទល់នឹង០ កាលពីជើងទី១ នៅក្នុងផ្ទះរបស់ដាណឺម៉ាក។

ក្នុងប្រកួតនាយប់មិញនេះដែលបានអូសបន្លាយដល់ទៅ ១២០នាទី ខ្សែប្រយុទ្ធចាស់វស្សា Ronaldo ដែលត្រូវបានជ្រើសរើសចេញពីក្លិប Al-Nassr ពីលីគអារ៉ាប៊ីសាអូឌីតនោះ រកបាន ១គ្រាប់ផងដែរនៅនាទី៧២ កើនបាន ១៣៦គ្រាប់សរុប សម្រាប់ជម្រើសជាតិ ក្រោយពេលទាត់បាល់ ១១ម៉ែត្រអត់ចូលរួចមក។

នេះមានន័យថា ក្រុមរបស់លោក Roberto Martinez អតីតជើងឯក Nations League ជំនាន់ទី១ កាលឆ្នាំ២០១៩ ឡើងទៅប៉ះអាល្លឺម៉ង់ ដែលបានទម្លាក់អាសូរីអ៉ីតាលី ៥-៤ ដោយបាល់ប៉េណាល់ទីកាត់សេចក្តីពីក្នុងវគ្គ ៨ក្រុមដូចគ្នា គ្រាដែលមាន់គកបារាំង អតីតជើងឯកឆ្នាំ២០២១ ប៉ះក្រុមការពារតំណែងជើងឯក គោជល់អេស្ប៉ាញ ក្នុងវគ្គ ៤ក្រុមដូចគ្នា៕