(តូរីន)៖ ក្លិបបាល់ទាត់អាជីព Juventus បានសម្រេចចែកផ្លូវការជាមួយលោក Thiago Motta ក្រោយពេលផ្តល់ការទុកចិត្តតែងតាំងដឹកនាំត្រឹមតែ ៩ខែមកនេះ និងដាក់អ្នកចាត់ការថ្មីសញ្ជាតិក្រូអាត លោក Igor Tudor ចូលដឹកនាំបន្តភ្លាមៗផងដែរ។

មុនឈានដល់ការដកតួនាទីធំនេះដែរ បន្ទាប់ពីបុរសវ័យ ៤២ឆ្នាំ អតីតកីឡាករជម្រើសជាតិអ៉ីតាលីរូបនេះ ដឹកនាំសេះបង្កង់ Juventus អតីតជើងឯកលីគ Serie A ៣៦រដូវកាលឈរនៅលេខ៥ ជាបណ្តោះអាសន្ន ពោលគឺនៅក្រៅតំបន់កៅអីលេងពានអឺរ៉ុប UEFA Champions League តែ ១ពិន្ទុប៉ុណ្ណោះ។

១ប្រកួតចុងក្រោយរបស់លោក Motta គឺនៅពេល Juventus បានរងបរាជ័យ ៣ទល់នឹង០ នៅក្នុងផ្ទះរបស់ Fiorentina កាលពីចុងសប្តាហ៍មុន ក្រោយពេលពួកគេចាញ់ Atalanta ៤-០ ផងដែរក្នុងផ្ទះ។

លើសពីនេះទៀត ក្រុមមានមូលដ្ឋាននៅទីក្រុង Turin មួយនេះ ក៏បានជ្រុះចេញពី UCL រដូវកាលនេះ ក្រោមថ្វីជើងរបស់ PSV Eindhoven រួមទាំងពានលំដាប់ទី២ Coppa Italia ដែលពួកគេជាជើងឯករដូវកាលមុនទៀតផង។

គ្រូបង្វឹកថ្មីរបស់ពួកគេ Tudor គឺជាអតីតខ្សែបម្រើ ដែលធ្លាប់ចូលលេងបានជាង ១៥០ប្រកួតសម្រាប់ Juventus នៅចន្លោះឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៧។ ភារកិច្ចដំបូងរបស់អ្នកចាត់ការវ័យ ៤៦ឆ្នាំរូបនេះ ត្រូវដឹកនាំ Juventus ស្វាគមន៍ Genoa ក្នុងលីគនារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕