(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញ ក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុនចំនួន ៤ រួមមាន៖ ក្រុមហ៊ុន ប៊ូលហ្គូហ្គី កូរៀន ប៊ីប៊ីឃ្យូ, ក្រុមហ៊ុន ម៉ាស្ទ័រ ស៊ុគីស៊ុប, ក្រុមហ៊ុន អិមអ ឌី.អាយ.វ៉ាយ (ខេមបូឌា) និងក្រុមហ៊ុន ឃីប ហ្គ្រោវីង ត្រេឌីង ឯ.ក។
ពិធីចុះអនុស្សរណៈនេះត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក្រោមអធិបតីភាពលោកស្រី លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក និងជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប, ថ្នាក់ដឹកនាំក្រុមហ៊ុនទាំង ៤ និងភ្ញៀវកិត្ដិយសជាច្រើនរូបទៀត។
ក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក ចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនចំនួន ៤នោះ រួមមាន៖
១៖ ក្រុមហ៊ុន ប៊ូលហ្គូហ្គី កូរៀន ប៊ីប៊ីឃ្យូ
ថ្លែងនៅក្នុងឱកាសចុះអនុស្សរណៈជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក លោក ស្រ៊ុន សុខគីម នាយកក្រុមហ៊ុន ប៊ូលហ្គូហ្គី កូរៀន ប៊ីប៊ីឃ្យូ មានប្រសាសន៍ថា ថ្ងៃនេះ គឺជាថ្ងៃប្រវត្តិសាស្ត្រមួយសម្រាប់ក្រុមហ៊ុនយើងខ្ញុំ ដែលយើងចាប់ផ្តើមដំណើរការថ្មីមួយ ក្នុងការពង្រីកអាជីវកម្មរបស់យើងនៅក្នុងផ្សារទំនើប តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក ដែលជាម្ចាស់ផ្សារទំនើបជីបម៉ុង ២៧១ មេហ្គា ម៉ល។
លោកបន្ដថា «ខ្ញុំពិតជាមានចិត្តរំភើបណាស់ដែល យើងបានជ្រើសរើសយកផ្សារទំនើបដ៏ឈានមុខគេនេះ សម្រាប់បើកហាង ចូលហ្គូហ្គី កូរៀន ប៊ីប៊ី យ្យ ដំបូងរបស់យើងនៅក្នុងផ្សារទំនើប។ ខ្ញុំមានជំនឿទុកចិត្តយ៉ាងពេញទំហឹងថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល គឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អាជីវកម្មរបស់យើង ដោយសារទីតាំង យុទ្ធសាស្ត្រ គុណភាពសេវាកម្ម និងចំនួនអតិថិជនច្រើនកុះករដែលចូលមកទិញទំនិញ និងសេវា កម្មក្នុងរាល់ថ្ងៃ»។
លោកបន្ថែមថា តាំងពីបង្កើតក្រុមហ៊ុន ចូលហ្គូហ្គី កូរៀន ប៊ីប៊ីឃ្យូ មក យើងបានខិតខំប្រឹងប្រែងក្នុងការផ្តល់ជូននូវ ម្ហូបកូរ៉េដ៏ឆ្ងាញ់ និងមានគុណភាពខ្ពស់ជូនដល់អតិថិជនរបស់យើង។ ចក្ខុវិស័យរបស់យើង គឺចង់ផ្តល់បទពិសោធន៍អាហារកូរ៉េពិតប្រាកដនៅក្នុងប្រទេសកម្ពុជា ដោយរក្សាបាននូវរសជាតិដើម និង គុណភាពកូរ៉េ ប៉ុន្តែក៏សម្របតាមចំណូលចិត្តរបស់អតិថិជនខ្មែរផងដែរ។
លោក ស្រ៊ុន សុខគីម គូសបញ្ជាក់ថា ការសហការរវាងក្រុមហ៊ុនទាំងពីរនឹងទទួលបានជោគជ័យយ៉ាងធំ ហើយនឹងជាគំរូនៃភាពជាដៃគូដ៏រឹងមាំមួយនៅក្នុងទីផ្សារកម្ពុជា។ លោកប្តេជ្ញាថា ហាង ចូលហ្គូហ្គី កូរៀន ប៊ីប៊ីឃ្យូ សាខាជីបម៉ុង ២៧១ មេហ្គាម៉ល នឹងផ្តល់ជូននូវម្ហូប អាហារដែលមានគុណភាពខ្ពស់ និងសេវាកម្មល្អឥតខ្ចោះជូនដល់អតិថិជនទាំងអស់។ លោកបន្តថា យើងនឹង ខិតខំប្រឹងប្រែងបន្តទៀត ដើម្បីធ្វើឱ្យសាខាថ្មីនេះក្លាយទៅជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកចូលចិត្ត ម្ហូបកូរ៉េ។
២៖ ក្រុមហ៊ុន ម៉ាស្ទ័រ ស៊ុគីស៊ុប
ថ្លែងនៅក្នុងពិធីចុះអនុស្សរណៈជាមួយយីហោភោជនីយដ្ឋានដ៏ល្បីនេះ លោកស្រី លី សុខឆេង មានប្រសាសន៍ថា លោកជំទាវពិតជាមានក្ដីសោមនស្សរីករាយ ហើយការសហការគ្នានេះ គឺជាជំហានដ៏សំខាន់មួយក្នុងការពង្រីកសកម្មភាពអាជីវកម្មរបស់យើង និងការផ្តល់ជូននូរផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ជូន ដល់អតិថិជនរបស់យើង។ ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានបម្រើសេវាកម្មក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ ហើយយើងតែងតែប្តេជ្ញាចិត្តក្នុងការនាំយកនូវ គុណភាព និងភាពជឿជាក់ដល់អតិថិជនរបស់យើង។
ជាមួយក្រុមហ៊ុន ម៉ាស្ទ័រ ស៊ុគីស៊ុប ដែលជាក្រុមហ៊ុនមានបទពិសោធន៍ និងជំនាញ ខ្ពស់ក្នុងវិស័យភោជនីយដ្ឋាន ដែលបានបង្កើតឡើងនិងទទួលបានជោគជ័យក្នុង ការគ្រប់គ្រងភោជនីយដ្ឋានល្បីៗជាច្រើនកន្លែង យើងជឿជាក់ថា យើងនឹងអាច បង្កើតនូវតម្លៃបន្ថែមសម្រាប់អតិថិជន និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ម៉ាស្ទ័រ ស៊ុគីស៊ុប គឺជាដៃគូអាជីវកម្មរបស់តាំងពីដំបូងដែលយើងបើកផ្សារដីប ម៉ុងរ៉ូលេន និងបន្តចាប់ដំណើរពង្រីកអាជីវកម្មជាមួយគ្នាគ្រប់ទីកន្លែង ហើយគាត់ នឹងបន្តបើកបន្ថែមហាង Sakura Buffet BBQ & Soup នៅផ្សារទំនើបជីបម៉ុង សែនសុខ ម៉ល និងហាង Munich Beer នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា មើល។ កិច្ចសហការរយៈពេលជាច្រើនឆ្នាំនេះ បានបង្ហាញពីទំនុកចិត្តទៅវិញទៅមក និងចក្ខុវិស័យរួមគ្នា ក្នុងការនាំយកបទពិសោធន៍ភោជនីយដ្ឋានថ្មីៗបែបអន្តរជាតិដល់អតិថិជនកម្ពុជា។
លោកស្រីសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះនឹងជួយឱ្យយើងបន្តការអភិវឌ្ឍ និងពង្រីកវិសាលភាពនៃសេវា កម្មរបស់យើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលកំពុងមានការប្រែប្រួល យ៉ាងឆាប់រហ័ស។ យើងប្តេជ្ញាក្នុងការបន្តលើកកម្ពស់ស្តង់ដារសេវាកម្ម និង ផលិតផលរបស់យើង ដើម្បីបំពេញទៅតាមការរំពឹងទុក និងតម្រូវការរបស់អតិថិជន។
៣៖ ក្រុមហ៊ុន អិមអ ឌី.អាយ.វ៉ាយ (ខេមបូឌា)
អ្នកនាង ថន ច័ន្ទវណ្ណដា ប្រធានផ្នែកជួលទីតាំងនៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានមានប្រសាសន៍ថា ការចុះកិច្ចព្រមព្រៀងនៅថ្ងៃនេះ គឺជាសក្ខីភាពនៃការបើកទំព័រថ្មីនៃកិច្ចសហរ ប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ។ តាមរយៈការចាប់ដៃគូជាមួយ អិមអ ឌី.អាយ.
វ៉ាយ យើងនឹងបង្កើនសក្តានុពលរបស់ផ្សារទំនើប ជីប ម៉ុង ក្នុងការផ្តល់ជម្រើស កាន់តែទូលំទូលាយនៃផលិតផលប្រចាំថ្ងៃ ដល់អតិថិជនកម្ពុជា។
អ្នកនាងបានបញ្ជាក់ទៀតថា មុននឹងសម្រេចយក អិមអ ឌី.អាយ.វ៉ាយ ក៏ដូចជាប្រេនផ្សេងៗចូល ផ្សារទំនើបរបស់យើង ក្រុមការងាររបស់នាងខ្ញុំបានសិក្សាពីទីផ្សារ ម៉ាកយីហោ និង តម្រូវការអតិថិជនរបស់យើងយ៉ាងច្បាស់។ ការសិក្សានេះបានបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុន អិមអ ឌី.អាយ.វ៉ាយ គឺជាជម្រើសដ៏ល្អបំផុត ដែលអាចបំពេញតម្រូវការ របស់អតិថិជន និងស្របទៅនឹងទស្សនវិស័យរបស់ក្រុមហ៊ុនជីបម៉ុង ក្នុងការផ្តល់នូវ បទពិសោធន៍ទិញទំនិញដ៏ល្អឥតខ្ចោះដល់អតិថិជន។
ការចាប់ដៃគូនេះ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដូចជា៖
*១. ផ្តល់ជូនអតិថិជននូវជម្រើសផលិតផលកាន់តែច្រើន និងមានគុណភាពល្អ ក្នុង តម្លៃសមរម្យ។
*២. បង្កើនបទពិសោធន៍ទិញទំនិញរបស់អតិថិជន ដោយពួកគាត់អាចរកទិញសម្ភារៈ ប្រើប្រាស់ផ្សេងៗ គ្រប់ប្រភេទក្នុងទីតាំងតែមួយ។
*៣. បង្កើតឱកាសការងារថ្មីៗសម្រាប់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការពង្រីកអាជីវ កម្មរបស់ អិមអ ឌី.អាយ.រ៉ាយ ទៅកាន់ផ្សារទំនើបជីបម៉ុងទាំងពីរ។
*៤. ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការពង្រឹងវិស័យលក់រាយ និងការនាំយកបច្ចេកវិទ្យាទំនើបៗ មកកាន់ទីផ្សារកម្ពុជា។
សូមជម្រាបថា អិមអ ឌី.អាយ.វ៉ាយ (ខេមបូឌា) គឺជាក្រុមហ៊ុនលក់រាយផលិតផលសម្ភារៈ ប្រើប្រាស់ក្នុងផ្ទះ គ្រឿងសង្ហារឹម សម្ភារៈការិយាល័យ និងផលិតផលជាច្រើន ប្រភេទទៀត ក្នុងតម្លៃសមរម្យ និងមានគុណភាពខ្ពស់។
៤៖ ក្រុមហ៊ុន ឃីប ហ្គ្រោវីង ត្រេឌីង ឯ.ក
ការចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក និងក្រុមហ៊ុន ឃីប ហ្គ្រោវីង ត្រេឌីង ឯ.ក ធ្វើឡើងក្នុងគោលបំណងពង្រីកអាជីវកម្ម The Green Party នៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។
ថ្លែងក្នុងពិធីចុះអនុស្សរណៈនេះ លោកស្រី លី សុខឆេង បានមានប្រសាសន៍ថា «ការមកដល់របស់ The Green Party នៅជីប ម៉ុង ២៧១ មេហ្គា ម៉ល យើងមានទំនុកចិត្តថាអតិថិជនរបស់យើងនឹងរីករាយជាមួយបទពិសោធន៍ទិញទំនិញដែលគ្មានពីរ។ យើងជឿជាក់ថាភាពជាដៃគូនេះនឹងមិនត្រឹមតែជំរុញកំណើនអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការវិវត្តន៍នៃទេសភាពលក់រាយរបស់ប្រទេសកម្ពុជាផងដែរ»។
សូមជម្រាបថា The Green Party គឺជាម៉ាកយីហោលក់រាយដែលត្រូវបានទទួលស្គាល់ទូទាំងពិភពលោកដែលមានឯកទេសលើផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន ភាពច្នៃប្រឌិត និងទាន់សម័យ។ ដោយក្នុងនោះក្រុមហ៊ុនបានផ្តល់ជូននូវទំនិញជាច្រើនប្រភេទ រួមទាំងគ្រឿងបន្លាស់ម៉ូដ ប្រដាប់ប្រដាក្មេងលេង ផលិតផលឌីជីថល របស់ប្រើប្រាស់ក្នុងផ្ទះ របស់របរតាមរដូវកាល និងផលិតផលអាហារ។ បច្ចុប្បន្នក្រុមហ៊ុនមានហាងប្រមាណ ២ ០០០ជាងទីតាំងនៅទូទាំងពិភពលោក៕