(ភ្នំពេញ)៖ ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជធំជាងគេ និងឈានមុខគេបំផុតមួយក្នុងប្រទេសកម្ពុជា និងទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិកំពុងពង្រីកភាពជាដៃគូយុទ្ធសាស្ត្ររបស់ពួកគេ ដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុ និងលើកកម្ពស់នវានុវត្តន៍ហិរញ្ញវត្ថុនៅទូទាំងប្រទេសកម្ពុជា។

កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ដែលចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៧ និងពង្រីកបន្ថែមនៅក្នុងឆ្នាំ ២០២២ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកមកនូសេវាកម្មធនាគារសំខាន់ៗ ទៅកាន់តំបន់ដាច់ស្រយាលនានាក្នុងស្រុក។ ជាមួយនឹងភ្នាក់ងារ ទ្រូម៉ាន់នី ដ៏ច្រើនជាង ១០ ០០០ ទូទាំងប្រទេស អតិថិជនរបស់ធនាគារ កាណាឌីយ៉ា ជាពិសេសអ្នកនៅតំបន់ដាច់ស្រយាល ទទួលបានភាពងាយស្រួលជាងមុនក្នុងការដាក់-ដកសាច់ប្រាក់ និងសេវាសងប្រាក់កម្ចី ដោយកាត់បន្ថយគម្លាតរវាងធនាគារតាមបែបប្រពៃណី និងតម្រូវការហិរញ្ញវត្ថុបែបទំនើប។

ជាការឆ្លើយតបទៅនឹងការអភិវឌ្ឍទិដ្ឋភាពហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនទាំងពីរកំពុងបោះជំហានទៅមុខបន្ថែមទៀត ក្នុងការបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងភាពងាយស្រួលសម្រាប់អតិថិជន។

លោក Raymond Sia នាយកប្រតិបត្តិ និងប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃធនាគារ កាណាឌីយ៉ា បានលើកឡើងពីសារៈសំខាន់នៃការបន្តភាពជាដៃគូនេះថា៖
«រយៈពេលជាង ៧ឆ្នាំ នៃកិច្ចសហការជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី យើងខ្ញុំបានពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជាជាច្រើននាក់ ជាពិសេសនៅក្នុងតំបន់ដាច់ស្រយាលដែលមិនអាចទទួលបានសេវាកម្មធនាគារពេញលេញ។ តាមរយៈការពង្រឹងភាពជាដៃគូនេះ យើងខ្ញុំនឹងបន្តប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតជាមួយនឹងភាពងាយស្រួល និងសុវត្ថិភាពខ្ពស់។ ដោយមានការគាំទ្រពីភ្នាក់ងារជាង ១០ ០០០ កន្លែង របស់ទ្រូម៉ាន់នី យើងខ្ញុំកំពុងបន្តពង្រឹងបន្ថែមទៅលើសេវាដាក់-ដកប្រាក់ ការផ្តល់ជូននូវបណ្តាញសងប្រាក់កម្ចីបន្ថែម និងផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនដែលប្រើប្រាស់សេវាកម្មបើកប្រាក់បៀវត្សជាមួយយើងខ្ញុំ»

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាប្រតិបត្តិ នៃក្រុមហ៊ុនទ្រូម៉ាន់នីប្រចាំកម្ពុជា និងមីយ៉ាន់ម៉ា បានសង្កត់ធ្ងន់លើឥទ្ធិពលនៃកិច្ចសហប្រតិបត្តិការដែលកំពុងបន្តនេះថា៖ «ការពង្រីកកិច្ចសហការនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងបេសកកម្មរបស់យើងខ្ញុំ ក្នុងការធ្វើឱ្យសេវាហិរញ្ញវត្ថុកាន់តែទូលំទូលាយសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ជាមួយនឹងបណ្តាញភ្នាក់ងារដ៏ធំទូលាយរបស់យើង យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការស្វាគមន៍អតិថិជនរបស់ធនាគារ កាណាឌីយ៉ា ជាមួយនឹងការផ្តល់ជូនបទពិសោធន៍ប្រតិបត្តិការប្រកបដោយភាពរលូន»

តាមរយៈការពង្រឹងភាពជាដៃគូរបស់ពួកគេ ធនាគារ កាណាឌីយ៉ា និង ទ្រូម៉ាន់នី (ខេមបូឌា) បានបញ្ជាក់ជាថ្មីអំពីចក្ខុវិស័យរួមគ្នារបស់ក្នុងការជំរុញបរិយាបន្ន និងនវានុវត្តន៍ហិរញ្ញវត្ថុ ដែលធ្វើឱ្យសេវាកម្មធនាគារកាន់តែមានភាពងាយស្រួល ប្រសិទ្ធភាព និងភាពផ្តោតលើអតិថិជនជាចម្បង នៅទូទាំងប្រទេសកម្ពុជា៕