(បរទេស)៖ របាយការណ៍ពី The Information បានរាយការណ៍មកថាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស OpenAI និង Meta កំពុងធ្វើការពិភាក្សាដាច់ដោយឡែកជាមួយ Reliance Industries ដែលជាក្រុមហ៊ុនឥណ្ឌា ដើម្បីពង្រីកវត្តមាន AI របស់ពួកគេនៅក្នុងប្រទេសឥណ្ឌា។ នេះបើយោងតាមការចុះផ្សាយបន្តពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥។
ប្រភពដដែលបានឱ្យដឹងថា លទ្ធភាពដែលកំពុងត្រូវបានពិភាក្សាពាក់ព័ន្ធនឹងទំនាក់ទំនងរវាង Reliance Jio និង OpenAI ដើម្បីចែកចាយ ChatGPT ព្រមទាំងការពិភ្សាក្នុងការកាត់បន្ថយតម្លៃជាវ ChatGPT ពីតម្លៃដើម ២០ដុល្លារ មកនៅតម្លៃទាបជាងនេះ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Reliance ក៏ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងពិភាក្សាអំពីការលក់ម៉ូដែល OpenAI ដល់អតិថិជនរបស់ខ្លួនតាមរយៈចំណុចប្រទាក់កម្មវិធី ឬហៅកាត់ថា API ផងដែរ និងបានពិភាក្សាអំពីការគ្រប់គ្រង និងដំណើរការម៉ូដែល OpenAI ក្នុងស្រុក។ ដូច្នេះទិន្នន័យរបស់អតិថិជនក្នុងស្រុកអាចត្រូវបានរក្សាទុកនៅក្នុងប្រទេសឥណ្ឌាផ្ទាល់តែម្ត។
ជាពិសេសនោះ ក្រុមហ៊ុន Reliance បានពិភាក្សាអំពីការដំណើរការម៉ូដែល Meta និង OpenAI នៅក្នុងមជ្ឈមណ្ឌលទិន្នន័យថ្មីដែលមានទំហំ ៣ ជីហ្គាវ៉ាត់ ដែលក្រុមហ៊ុនគ្រោងនឹងសាងសង់ ខណៈវាត្រូវបានគូសបញ្ជាក់ថា គឺជាមជ្ឈមណ្ឌលទិន្នន័យដ៏ធំបំផុតនៅក្នុងពិភពលោក ដែលមានទីតាំងនៅទីក្រុង Jamnagar ក្នុងរដ្ឋ Gujarat។ យ៉ាងណា ជុំវិញព័ត៌មានលម្អិត Meta បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍ The Information។ ចំណែកឯ OpenAI និង Reliance មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើរបាយការណ៍នោះទេ។
គួរជម្រាបថា Reliance Industries គឺជាក្រុមហ៊ុនធំជាងគេមួយនៅក្នុងប្រទេសឥណ្ឌា ដែលចូលរួមក្នុងផ្នែកគីមីឥន្ធនៈ ការចម្រាញ់ ការរុករកប្រេង និងឧស្ម័ន ទូរគមនាគមន៍ ការលក់រាយ និងថាមពលបៃតងជាដើម៕