(ភ្នំពេញ)៖ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញនេះ ក្រុមហ៊ុន ជីប ម៉ុង រីថែល បានប្រកាសនៅព័ត៌មានដ៏រំភើបមួយ គឺការចុះកិច្ចព្រមព្រៀងទូតសុឆន្ទៈរវាងក្រុមហ៊ុន ជីប ម៉ុង រីថែល និងអ្នកនាង មិន ចេនី ពោលគឺអ្នកនាង មិន ចេនី ដែលជាតារាដ៏លេចធ្លោមួយរូបនៅប្រទេសកម្ពុជានឹងក្លាយជាទូតសុឆន្ទៈរបស់ផ្សារទំនើប ណូរ៉ូ លេន ជាផ្លូវការហើយ។

ថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀង ទូតសុឆន្ទៈផ្សារទំនើប ណូរ៉ូ លេន រវាងក្រុមហ៊ុន ជីប ម៉ុង រីថែល និងអ្នកនាង មិន ចេនី លោកស្រី លី សុខឆេង ដែលជាអគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប បានថ្លែងថា «អ្នកនាង មិន ចេនី មិនមែនគ្រាន់តែជាតារាសម្តែងធម្មតាមួយរូបនោះទេ គាត់ក៏ជាអ្នកបង្កើតមាតាឌីជីថលដែមានទេពកោសល្យ និងជា Key Opinion Leader (KOL) ដែលមានឥទ្ធិពលបំផុតមួយរូបនៅក្នុងប្រទេសកម្ពុជា»

លោកស្រី លី សុខឆេង ក៏បានបន្តថា មូលហេតុ ដែលធ្វើឱ្យក្រុមហ៊ុន ជីប ម៉ុង រីថែល បានសម្រេចជ្រើសរើសអ្នកនាង មិន ចេនី ឱ្យក្លាយជាទូតសុឆន្ទៈផ្សារទំនើប ណូរ៉ូ លេន ព្រោះតែទីមួយ ការជ្រើសរើសទូតសុឆន្ទៈ ដែលមានគុណតម្លៃស្របនឹងផ្សារទំនើបជួយពង្រឹងអត្តសញ្ញាណម៉ាក និងបង្កើនភាពជឿជាក់ និងទំនុកចិត្តរបស់អតិថិជន លើសេវាកម្ម និងផលិតផល។ ចំណុចទីពីរនោះ គឺអ្នកនាងចេនីគឺមានឥទ្ធិពលដ៏ខ្លាំងក្លាលើចិត្តគំនិតយុវ័យ ពោលគឺជាអ្នកកំណត់និន្នាការនៃការរស់នៅទំនើប គាត់ជះឥទ្ធិពលដល់អតិថិជនគោលដៅរបស់យើងជាមួយនឹងរចនាបថរស់នៅដ៏ទាក់ទាញនិងទំនើបបំផុត។

តារាល្បីៗ ឬអ្នកមានឥទ្ធិពលដូចជាចេនីមានទំនាក់ទំនងរឹងមាំជាមួយក្រុមគោលដៅជាក់លាក់ ជួយឱ្យមានប្រជាប្រិយភាពរបស់គាត់អាចពង្រីកការទទួលស្គាល់ម៉ាកយីហោរបស់យើង និងជួយឱ្យផ្សារទំនើបលេចធ្លោក្នុងទីផ្សារប្រកួតប្រជែង។

លោកស្រី លី សុខឆេង បន្ថែមទៀតថា «ចាប់ពីថ្ងៃនេះទៅ ចេនីនឹងក្លាយជាផ្នែកមួយនៃគ្រួសារ ណូរ៉ូ លេន ហើយនឹងចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយនិងកម្មវិធីពិសេសៗជាច្រើនរបស់យើង ដូចជាព្រឹត្តិការណ៍សប្បុរធម៌ និងការអភិវឌ្ឍសហគមន៍។ វត្តមានរបស់ទូតសុឆន្ទៈនៅព្រឹត្តិការណ៍ពិសេសៗអាចទាក់ទាញអតិថិជនថ្មីហើយអ្នកគាំទ្ររបស់នាងអាចក្លាយជាអតិថិជនថ្មីរបស់ផ្សារទំនើប។ លើសពីនេះទៀត ការរួមសហការជាមួយទូតសុឆន្ទៈក្នុងសកម្មភាពសហគមន៍នឹងជួយលើកកម្ពស់ទំនួលខុសត្រូវសង្គមរបស់អាជីវកម្មយើង»

យ៉ាងណាមិញ បើនិយាយអំពីផ្សារទំនើប ណូរ៉ូ លេន មិនគ្រាន់តែជាកន្លែងទិញទំនិញប៉ុណ្ណោះទេ ប៉ុន្តែជាបរិបទនៃការរស់នៅទំនើបថ្មីមួយ ជាកន្លែង One Stop ដែលយុវវ័យអាចមកកម្សាន្ត ជួបជុំ ញ៉ាំអាហារនិងចំណាយពេលវេលាល្អៗជាមួយមិត្តភភ្តិ ក្រុមការងារនិងគ្រួសារ។

ជាកិច្ចបញ្ចប់ លោកស្រី លី សុខឆេង និងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប ក៏បានបញ្ជាក់ថា ក្នុងនាមក្រុមហ៊ុន ជីប ម៉ុង រីថែល លោកជំទាវគឺពិតជាមានមោទនភាពដ៏ខ្ពស់បំផុតក្នុងការចាប់ដៃជាមួយចេនី ហើយលោកស្រីជឿជាក់ថា ទំនាក់ទំនងនេះមិនគ្រាន់តែជាកិច្ចព្រមព្រៀងសាមញ្ញទេតែវាគឺជាការចាប់ផ្តើមនៃដំណើរអស្ចារ្យមួយដែលនឹងបង្កើតនូវចលនាថ្មី និងជីវិតថ្មីសម្រាប់ផ្សារទំនើប ណូរ៉ូ លេន ជាមួយគ្នាយើងនឹងបង្កើតផ្លូវថ្មីមួយដែលពោរពេញដោយភាពច្នៃប្រឌិត ភាពទំនើប និងការឈ្វេងយល់ពីតម្រូវការរបស់អតិថិជនផងដែរ៕