(ភ្នំពេញ)៖ លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញមហិច្ឆតាចង់ឈ្នះជានិច្ច សម្រាប់ក្រុមគោព្រៃ ពិសេសជំនួបមិត្តភាពអន្ដរជាតិ ជាមួយក្រុមក្រុមជម្រើសជាតិអារូបា នារាត្រីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ស្អែក ហើយលោកក៏សង្ឃឹមថា កូនក្រុមនឹងបង្ហាញការលេងមួយដ៏ល្អ ចំពោះអ្នកគាំទ្រ ក្នុងជំនួបទល់នឹងក្រុមឆ្លងទ្វីបមកពីអាមេរិកខាងត្បូងនេះផងដែរ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត នៅថ្ងៃចន្ទនេះ លោក Koji បានចាត់ទុកជំនួបមិត្តភាព ទល់នឹងក្រុមភ្ញៀវអារូបា គឺជាការប្រកួតមួយដ៏ល្អ ដែលលោកនឹងព្យាយាមដឹកនាំក្រុមបង្ហាញការលេងមួយដ៏ល្អដល់ទស្សនិកជន ហើយនឹងព្យាយាមលេងឲ្យអស់ពីសមត្ថភាព ។ ទោះបីការត្រៀមខ្លួនមិនទាន់បានល្អយ៉ាងណា តែលោករំពឹងថា ការប្រកួតនេះ ក៏មិនខុសពីការប្រកួតផ្សេងៗដែរ គឺលោកត្រូវការជ័យជម្នះ ។

លោកបន្ដថា «ជាការពិត អ្វីដែលសំខាន់ គឺពួកយើងត្រូវការជ័យជម្នះ ។ សម្រាប់ខ្ញុំ ខ្ញុំក៏ចង់បង្ហាញការលេងមួយឲ្យល្អ សម្រាប់អ្នកគាំទ្រផងដែរ ។ មួយវិញទៀត ពីមុនមក យើងធ្លាប់តែលេងជាមួយក្រុមក្នុងតំបន់ តែលើកនេះ យើងបានលេងជាមួយក្រុមមកពីតំបន់ផ្សេង ។ អ៊ីចឹងទម្រង់លេងរបស់គេ អាចនឹងមានការប្លែក។ នេះជាបទពិសោធន៍មួយថ្មីសម្រាប់យើង ហើយក៏វាជាផលល្អមួយសម្រាប់ក្រុមជម្រើសជាតិផងដែរ»

ជាមួយគ្នាលោក Marvic Bermudez គ្រូបង្វឹកក្រុមជម្រើសជាតិអារូបា បានសម្ដែងក្ដីរីករាយ ចំពោះការមកប្រកួតមិត្តភាពអន្ដរជាតិនៅកម្ពុជា ទោះបីក្រុមខ្លួនបានធ្វើដំណើរវែងឆ្ងាយក៏ដោយ ។ លោកបានសម្ដែងការភ្ញាក់ផ្អើល ចំពោះការស្វាគមន៍ និងភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធបាល់ទាត់កម្ពុជា ។ យ៉ាងណាលោកថា ចំណាត់ថ្នាក់ពិភពលោកក្រុមទាំងពីរ ប្រហាក់ប្រហែលគ្នា ។ ដូច្នេះការប្រកួតថ្ងៃស្អែក នឹងក្លាយជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍មួយ ។

គួរដឹងថា កំឡុងថ្ងៃសម្រាក FIFA Day នាដើមឆ្នាំ២០២៥ នេះ ក្រុមទាំងពីរ បានប្រកួតមិត្តភាពអន្ដរជាតិ ១ប្រកួតម្នាក់រួចមកហើយ មុនជួបគ្នាថ្ងៃស្អែក ដោយប្រកួតដំបូងរបស់ក្រុមគោព្រៃកម្ពុជា គឺចាញ់ក្រុមម្ចាស់ផ្ទះវៀតណាម ២-១ គ្រាដែលប្រកួតដំបូងរបស់ក្រុមជម្រើសជាតិអារូបា ចាញ់ក្រុមវិសាខា សមាជិកលីគកំពូលកម្ពុជា ៣-១ កាលពីចុងសប្ដាហ៍កន្លងទៅ ៕