(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស បានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹង ភ្លើងគប់ ស្ដីពីការរៀបចំព្រឹត្ដិការណ៍ មហោស្រពសិល្បៈបុណ្យភូមិ ឆ្នាំទី១២ និងកម្មវិធី Mascot Competition «ក្មេងគិត ក្មេងគូ» រដូវកាលទី២, ៣ និង ៤ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះ ដែលមហោស្រពសិល្បៈបុណ្យភូមិ ឆ្នាំទី១២ នឹងប្រារព្ធធ្វើឡើងនៅក្នុងបិរវេណផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នាថ្ងៃទី៥ និងទី៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។

ដោយពិធីចុះអនុស្សរណៈនេះ ធ្វើឡើងក្រោមវត្ដមានលោកស្រី លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស និងវត្ដមានកញ្ញា រិទ្ធី លំអរពេជ្រ (YoKi) អគ្គនាយិកាភ្លើងគប់ និងជាសហស្ថាបនិកបុណ្យភូមិ ព្រមទាំងភ្ញៀវកិត្ដិយសជាច្រើនរូបទៀត។

ថ្លែងនៅក្នុងឱកាសនោះលោកស្រី លី សុខឆេង បានមានប្រសាសន៍ថា លោកជំទាវពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានចូលរួមក្នុងពិធីចុះអនុស្សរណៈយោគយល់រវាងក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស និង ភ្លើងគប់ ស្តីពីការរៀបចំព្រឹត្តិការណ៍ មហោស្រពសិល្បៈបុណ្យភូមិ ឆ្នាំទី១២ និងកម្មវិធី ក្មេងគិត ក្មេងគូ រដូវកាលទី២, ៣ និង៤ ដែលជាកម្មវិធី Mascot Competition។

ពិធីចុះអនុស្សរណៈយោគយល់នេះ គឺជាការបោះជំហានមួយដ៏សំខាន់ក្នុង ការពង្រឹងកិច្ចសហការរវាងក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស និងភ្លើងគប់ ដើម្បីបន្តដំណើរ ក្នុងការអភិរក្សថែរក្សា និងលើកស្ទួយប្រពៃណីវប្បធម៌ខ្មែរ តាមរយៈការរៀបចំ ព្រឹត្តិការណ៍មហោស្រពសិល្បៈ បុណ្យភូមិ ឱ្យក្លាយជាព្រឹត្តិការណ៍វប្បធម៌ដ៏ធំអស្ចារ្យមួយនៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គា ម៉ល។ កម្មវិធីមហោស្រពសិល្បៈបុណ្យភូមិ មិនត្រឹមតែជាកម្មវិធីកម្សាន្តប៉ុណ្ណោះទេ វាក៏ជាវេទិកាមួយដ៏មានតម្លៃសម្រាប់ការផ្សព្វផ្សាយពីអត្តសញ្ញាណ និងទំនៀមទម្លាប់ខ្មែរដល់ក្រុមយុវជនជំនាន់ក្រោយផងដែរ។

លោកស្រីបន្ដថា រយៈពេលជាង១០ឆ្នាំមកនេះ ក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស និងភ្លើងគប់ បានដើរជាមួយគ្នា បង្កើតឡើងនូវព្រឹត្តិការណ៍មហោស្រពសិល្បៈបុណ្យភូមិ-ពីថ្ងៃដំបូងដែលធ្វើតាមវត្តអារាម ដែលគាំទ្រដោយ IZE COLA រហូតដល់ព្រឹត្តិការណ៍ដ៏ធំនេះបាន ទទួលការគាំទ្រពីប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។ ហើយយើងនៅតែបន្តបេសកកម្ម នេះពីមួយឆ្នាំទៅឆ្នាំ។

ដោយយល់ឃើញថា មហោស្រពសិល្បៈបុណ្យភូមិ ដែលធ្លាប់តែធ្វើនៅទីឆ្ងាយៗ ក្នុងកន្លែងដែលពិបាកធ្វើដំណើរ ក្រោមកំដៅថ្ងៃ ត្រូវការបរិបទថ្មីដើម្បីទាក់ទាញយុវជជំនាន់ក្រោយ។ ហេតុនេះហើយ យើងបាននាំយកកម្មវិធីប្រពៃណីមួយនេះមកកាន់ទីប្រជុំជន ក្នុងបរិវេណផ្សារទំនើបដ៏ស្អាត ធំទូលាយ និងងាយស្រួល សម្រាប់ពុកម៉ែបងប្អូនពីគ្រប់ទិសទីមកទទួលយកបទពិសោធន៍ថ្មីនៃការសារទ សិល្បៈនិងវប្បធម៍ជាមួយបុណ្យភូមិ។ ជាក់ស្តែង យើងបានធ្វើកម្មវិធីបុណ្យភូមិខ្យល់ត្រជាក់កាលពីគម្រប់ខួប១០ឆ្នាំរបស់បុណ្យភូមិនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល កាលពីឆ្នាំ២០២៣។

នេះមិនមែនជាការបោះបង់ទំនៀមទម្លាប់នោះទេ តែជាការបន្សំវាទៅនឹងទំនើបកម្ម ដើម្បីធានាថាអត្តសញ្ញាណវប្បធម៌របស់យើងនៅតែបន្តទៅដល់យុវជនខ្មែរយើងជំនាន់ក្រោយៗ ហើយយើងជឿជាក់យ៉ាងមុតមាំថា ការសហការគ្នានេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្ស និងលើកស្ទួយវប្បធម៌ និងប្រពៃណីរបស់ប្រជាជនកម្ពុជា។ នៅឆ្នាំនេះ យើងនឹងរៀបចំកម្មវិធី មហោស្រពសិល្បៈបុណ្យភូមិឆ្នាំទី១២ កាន់តែធំ កាន់សប្បាយ និងសម្បូរបែបជាងមុនទៀត។

លោកស្រីបន្ថែមថា យើងមិនត្រឹមតែរៀបចំបុណ្យភូមិប៉ុណ្ណោះទេ ក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស និងភ្លើងគប់ កំពុងពង្រីកចក្ខុវិស័យយើងតាមរយៈកម្មវិធី «ក្មេងគិត ក្មេងគូរដូវកាលទី២, ៣ និង៤ »។ ជោគជ័យដ៏លើសលប់នៃកម្មវិធី ក្មេងគិត ក្មេងគូរ រដូវកាលទី១ កាលពីឆ្នាំ២០២៤ បានបង្ហាញថា ប្រទេសយើងពោរពេញទៅដោយយុវជនដែលមានទេពកោសល្យមិនធម្មតា សិល្បៈវ័យក្មេងដែលហ៊ានស្វែងរកគំនិតថ្មីៗ មិនតែប៉ុណ្ណោះ កម្មវិធីនេះក៏បានភ្ជាប់ទំនាក់ទំនងជាមួយបងប្អូនខ្មែរកម្ពុជាក្រោម ដែលបានធ្វើដំណើរឆ្លងដែនមកចូលរួម  វាជាការបង្ហាញថាវប្បធម៌អាចជាស្ពានតភ្ជាប់វប្បធម៌។
ជាមួយនឹងកម្មវិធី ក្មេងគិត ក្មេងគូ រដូវកាលទី២, ៣ និង៤ យើងនឹងបន្តពង្រីកវេទិកានេះ ដែលបង្កើតដោយកូនខ្មែរ ដើម្បីផ្តល់ឱកាសឱ្យកូនខ្មែរបង្ហាញទេពកោសល្យរបស់ខ្លួន។ ស្រមៃមើលពីភាពរំភើបរបស់ពួកគេនៅពេលឃើញគំនូររបស់ខ្លួនក្លាយ ជាតុក្កតា Mascot ពិតប្រាកដ ជានិមិត្តរូបនៃផ្សារទំនើបខ្មែរដ៏ធំមួយ ភាពច្នៃប្រឌិតនឹងមិនត្រឹមតែលើក្រដាសទេ តែវានឹងក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ និងជាប្រភពនៃមោទនភាពជាតិ។

ទាក់ទងនឹងការរៀបចំព្រឹត្ដិការណ៍បុណ្យភូមិឆ្នាំទី១២ និងលើកទី២ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉លនេះដែរ កញ្ញា រិទ្ធិ លំអរពេជ្រ អគ្គនាយិកាភ្លើងគប់ និង សហស្ថាបនិកបុណ្យភូមិ បានលើកឡើងថា នៅក្នុងឆ្នាំនេះ ប្រធានបទធំរបស់បុណ្យភូមិ គឺយើងផ្ដោតទៅលើ «សម្បត្ដិបេតិកភណ្ឌអរូបីដែលត្រូវការការពារជាបន្ទាន់» ពោលគឺជាទម្រង់សិល្បៈដែលសឹងតែបាត់បង់ ហើយនៅសល់តែមួយក្រុមនៅក្នុងស្រុកខ្មែរ។ ដោយក្នុងនោះយើងមាន ៣ទម្រង់ គឺល្ខោនខោល ល្ខោនយីកេ និងល្ខោនពោលស្រី ដែលយើងនឹងយកមកសម្ដែង ៤ថ្ងៃនៅក្នុងបុណ្យភូមិតែម្ដង។

ពិសេសនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល គឺមានល្ខោនយីកេអ្នកភូមិនីពេជ្រ ល្ខោនយីកេកួយមកពីខេត្ដកំពង់ធំ ដែលសុទ្ធសឹងជាល្ខោនយីកេ ខុសពីទម្រង់កណ្ដាលនៃទឹកដីកម្ពុជាយើង ហើយសល់តែមួយក្រុមតែប៉ុណ្ណោះ។ មួយទៀតនោះគឺល្ខោនពោលស្រី វត្ដកៀនស្វាយក្រៅ រួមជាមួយល្ខោនខោលវត្ដស្វាយអណ្ដែត ដែលយើងដឹងថាជាសម្បត្ដិបេតិកភណ្ឌអរូបី ដែលបានចុះក្នុងបញ្ជីការពារជាបន្ទាន់ដោយ UNESCO។ ហើយប្រធានបទនេះគឺសំខាន់មែនទែន។

កញ្ញាបន្ដថា បុណ្យភូមិរួមគ្នាជាមួយនឹងក្រុមហ៊ុន ខ្មែរ ប៊េរវើរីជីស កំពុងតែធ្វើយ៉ាងណាឲ្យការផ្សព្វផ្សាយល្ខោនដែលត្រូវការការពារជាបន្ទាន់នេះបានសាយភាយទៅដល់គ្រប់ប្រជាជនខ្មែរទាំងអស់។ ពិសេសអ្នកដែលអាចនឹងធ្វើឲ្យស្នាដៃទាំងអស់ហ្នឹងអាចរស់រានជាបន្ដទៀតបាន។

ក្នុងនោះសម្រាប់ល្បែងប្រជាប្រិយខ្មែរ យើងក៏មាននៅបុណ្យភូមិ ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉លផងដែរ។ ដោយក្នុងនោះយើងមានព្រឹត្ដិការណ៍ធំ២ គឺការវាយក្អមប្រជាប្រិយមហាសំណាង ដោយក្នុងហ្នឹងនឹងមានរង្វាន់ធំពីទឹកពិសារកម្ពុជា និង​ភេសជ្ជៈ IZE។ ហើយទី២ គឺការទាញព្រ័ត្របុរាណមានជ័យ ប៉ុន្ដែការទាញព្រ័ត្រក្នុងឆ្នាំនេះ នឹងពាំនាំនូវទម្រង់បុរាណ អ៊ីចឹងសម្រាប់ប្រជាពលរដ្ឋ ពិសេសមិត្ដៗយុវវ័យដែលចង់ចូលរួម ក្លាយខ្លួនជាកីឡាករទាញព្រ័ត្រមានជ័យ អាចចូលរួមក្នុងបុណ្យភូមិឆ្នាំទី១២នេះបាន។

សូមជម្រាបថា សម្រាប់ឆ្នាំទី១២ នេះកម្មវិធីបុណ្យភូមិ នឹងរៀបចំឡើងចំនួន ២ ទីតាំង។ ក្នុងនោះទីតាំងទី១ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលនឹងរៀបចំឡើងនៅថ្ងៃទី៥ និងទី៦ ខែមេសា។ ទីតាំងទី២ ស្ថិតនៅវត្ដស្វាយអណ្ដែត ដែលរៀបចំឡើងនៅទី១១ និងទី១២ ខែមេសា ឆ្នាំ២០២៥។ ដូច្នេះកុំភ្លេចចូលរួមព្រឹត្ដិការណ៍បុណ្យភូមិនេះទាំងអស់គ្នា ដើម្បីចូលរួមលើកស្ទួយ និងគាំទ្រសិល្បៈវប្បធម៌បុរាណខ្មែរ ឲ្យនៅគង់វង្សយូរអង្វែងតទៅមុខទៀត៕