(ភ្នំពេញ)៖ ព្រឹត្តិការណ៍ Sunday Drive ដែលមានក្បួនរថយន្ត Rev Up Cambodia x Chip Mong រាប់សិបគ្រឿងដឹកនាំដោយអ្នកឧកញ៉ា លាង ពៅ (ភីធើរ) ប្រធានក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន និងជាស្ថាបនិក Rev Up Cambodia ធ្វើដំណើរឆ្ពោះទៅកាន់ខេត្តព្រះសីហនុ កាលពីដើមខែមីនាឆ្នាំ ២០២៥ កន្លងទៅ ក្នុងគោលបំណងផ្សព្វផ្សាយទេសចរណ៍ ព្រមទាំងផ្សារភ្ជាប់នឹងការងារសប្បុរសធម៌ជួយដល់សាលារៀន និងសហគមន៍កំពុងជួបការខ្វះខាត។ ក្នុងនោះដែរ Rev Up Cambodia មានសេចក្តីសោមនស្សរីករាយបានពាំនាំកញ្ចប់ថរិកាសប្បុរសធម៌ប្រមូលបានពីសប្បុរសជន ដែលជាសមាជិកក្រុមគ្រួសារ Rev Up សរុបចំនួន ៤៨,៦៦៤,០០០រៀល និងឧបត្ថម្ភទឹកសុទ្ធកម្ពុជាសរុបចំនួន៤០០កេស ដោយក្នុងមួយអង្គភាពទទួលបានទឹកសុទ្ធកម្ពុជាចំនួន១០០កេស។
Rev Up Cambodia ដែលមានអ្នកឧកញ៉ា លាង ពៅ (ភីធើរ) បានមានប្រសាសន៍ថា «កម្មវីធីមួយនេះគឺជាចំណុចប្រសព្វរវាងអ្នកស្រឡាញ់ខាងវិស័យយានយន្ត រួមដៃគ្នាជម្រុញការផ្សព្វផ្សាយតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតៗយ៉ាងសម្បូរបែបរបស់កម្ពុជាទៅកាន់ពិភពលោក ក្រោមពាក្យស្លោក ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍»។
អ្នកឧកញ៉ា លាង ពៅ (ភីធើរ) តែងតែនាំយកភាពជោគជ័យមកជូនប្រជាជនកម្ពុជា និងនាំពិភពលោកឲ្យកាន់តែស្គាល់ពីតំបន់សក្តានុពលទេសចរណ៍ វប្បធម៌ ប្រាង្គប្រាសាទ ក៏ដូចជាស្នាមញញឹមប្រជាជនខ្មែរ តាមរយៈសកម្មភាពជាវិជ្ជមាននិងកិច្ចសហការនាំយកព្រឹត្តិការណ៍ Gumball 3000 X Chip Mong ធ្វើដំណើរចូលមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឈានទៅបំបែកកំណត់ត្រាពិភពលោក Guiness World Record ពីការចតរថយន្ត Supercar ច្រើនជាងគេបំផុតនៅមុខប្រាសាទអង្គរវត្ត ដែលបានរួមចំណែកជម្រុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅក្នុងវិស័យ ទេសចរណ៍ ក៏ដូចជាកំណើនសេដ្ឋកិច្ចផងដែរ។
ចំណែកឯកិច្ចការមនុស្សធម៌អ្វីដែលប្រតិភូ Rev Up Cambodia មិនអាចចោលបានទាល់តែសោះនោះគឺជាការបរិច្ចាគជួយត្រឡប់ទៅសង្គមវិញ តាមរយៈការរៃអង្គាសថវិកាពីព្រឹត្តិកាណ៍ Sunday Drive ដោយយកមកឧបត្ថម្ភទាំងស្រុងជូនទៅកាន់អង្គភាពទាំងបួននៅខេត្តព្រះសីហនុ។ អង្គភាពទាំងបួននោះរួមមាន អនុវិទ្យាល័យតេជោសែនកម្មករ វិទ្យាល័យ ហ៊ុនសែន មិត្តភាព អង្គការម្លប់តាប៉ាង និងមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។
សូមជម្រាបដែរថា អង្គការម្លប់តាប៉ាង ជាអង្គការសប្បុរសធម៌ដែលបានមើលថែទាំដល់កុមារប្រមាណជាង ៥,០០០នាក់ ដោយផ្តល់នូវសុខសុវត្ថិភាព ការមើលថែទាំសុខភាព ការសិក្សាអប់រំ ការបណ្តុះបណ្តាលការងារផ្សេងៗប្រកបដោយសុវត្ថិភាព ការប្រឹក្សាយោបល់ ការគាំទ្រផ្នែកចិត្តសង្គម ការពង្រឹងនិងការការពារគ្រួសារពីការរំលោភបំពានផ្សេងៗនៅ ក្នុ ងខេត្តព្រះសីហនុ។ មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ មជ្ឈមណ្ឌលព្យាបាលនិងស្ដារនីតិសម្បទា ផ្តល់សេវាស្ដារនីតិសម្បទានិងបណ្តុះបណ្តាលវិជ្ជាជីវៈដល់អ្នកញៀនគ្រឿងញៀនឱ្យមានប្រក្រតីភាព ទទួលបានចំណេះជំនាញមុននឹងធ្វើសមាហរណកម្មទៅក្នុងសហគមន៍ និងក្រុមគ្រួសារវិញ៕