(ភ្នំពេញ)៖ ធនាគារ វីង បរិច្ចាគថវិកា ១ម៉ឺនដុល្លារអាមេរិក ជូនដល់អង្គការស្នាមញញឹមកម្ពុជា សម្រាប់បេសកកម្មព្យាបាលដោយឥតគិតថ្លៃទៅដល់អ្នកជំងឺដែលមានពិការភាពមុខមាត់ផ្សេងៗ ដើម្បីផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមដ៏ស្រស់ស្អាតដល់ពួកគេ។
ធនាគារ វីង បានបន្តផ្តល់ការគាំទ្ររបស់ខ្លួនសម្រាប់កិច្ចការសង្គម និងមនុស្សធម៌ដោយបានបរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារអាមេរិក ដល់អង្គការស្នាមញញឹមកម្ពុជាក្នុងកំលុងបេសកកម្មព្យាបាលពិការភាពមុខមាត់ និងព្រឹត្តិការណ៍ «ដើរដើម្បីស្នាមញញឹម» ដែលមានរយៈពេល៤ថ្ងៃនៅក្នុងខេត្តសៀមរាបកាលពីពេលថ្មីៗនេះ។ ការបរិច្ចាគរបស់ធនាគារ វីង នឹងជួយទ្រទ្រង់សម្រាប់មូលនិធិផ្តល់ការវះកាត់ឥតគិតថ្លៃដល់អ្នកជំងឺបបូរមាត់ឆែប ក្រអូមមាត់ឆែប និងបញ្ហាមុខផ្សេងៗទៀត ដើម្បីជួយលើកកម្ពស់ការរស់នៅរបស់ពួកគេដោយផ្តល់នូវភាពងាយស្រួលក្នុងការទទួលទានអាហារ និយាយស្តី និងប្រាស្រ័យទាក់ទងនៅក្នុងសង្គម ជាដើម។
លោក Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើកឡើងថា «មាត់គឺជាផ្នែកដ៏សំខាន់មួយនៃរាងកាយរបស់មនុស្ស ប៉ុន្តែកុមារដែលកើតមកមានពិការភាពបបូរមាត់ឆែប និងក្រអូមមាត់ឆែប ជួបនូវផលលំបាកក្នុងការទទួលទានអាហារ ការនិយាយស្តី ហើយខ្វះទំនុកចិត្តក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃថែមទៀតផង។ យើងខ្ញុំយល់យ៉ាងច្បាស់ពីទុក្ខលំបាកទាំងនេះរបស់ពួកគេ ហើយយើងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយលើកកម្ពស់គុណភាពជីវិតរបស់កុមារកម្ពុជាដើម្បីឱ្យពួកគេអាចចាកចេញពីស្ថានភាពដ៏លំបាកនេះ»។
ចាប់តាំងពីឆ្នាំ២០២០ មក ធនាគារ វីង គឺជាដៃគូគាំទ្រដ៏សកម្មរបស់អង្គការស្នាមញញឹមកម្ពុជា ដែលតែងតែចូលរួមជួយលើកកម្ពស់ការយល់ដឹងទៅដល់សាធារណជន ក៏ដូចជាផ្សព្វផ្សាយបេសកកម្មវះកាត់ ដោយប្រើប្រាស់ធនធានរបស់ខ្លួនដ៏ទូលំទូលាយនៅទូទាំងប្រទេសកម្ពុជាតាមរយៈ ភ្នាក់ងារធនាគារ វីង ជាង ១១,០០០កន្លែង រួមជាមួយការិយាល័យធនាគារ វីង និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនផ្សេងទៀត។ កាលពីឆ្នាំមុន ធនាគារ វីង ក៏បានឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារអាមេរិក ដើម្បីគាំទ្រដល់បេសកកម្មរបស់អង្គការស្នាមញញឹមកម្ពុជាផងដែរ ។
លោក Dmytro Kolechko បានបន្ថែមទៀតថា «អង្គការស្នាមញញឹមកម្ពុជា មិនគ្រាន់តែជួយឱ្យកុមារទទួលបាននូវស្នាមញញឹមដ៏ស្រស់ស្អាតប៉ុណ្ណោះទេ តែក៏ផ្តល់នូវក្តីសង្ឃឹមថ្មីមួយដែលពួកគេត្រូវការយ៉ាងចាំបាច់បំផុតដើម្បីកសាងអនាគតផងដែរ។ យើងខ្ញុំពិតជាមានមោទនភាពដែលបានចូលរួមគាំទ្រអង្គការស្នាមញញឹមកម្ពុជាក្នុងការផ្លាស់ប្តូរជីវិតបុគ្គលឱ្យកាន់តែប្រសើរឡើង ពោលគឺស្នាមញញឹមអាចកសាងទំនុកចិត្តដ៏រឹងមាំ ហើយក៏ជាការបើកឱកាសសម្រាប់អនាគតដ៏ត្រចះត្រចង់ផងដែរ»។
បង្កើតឡើងក្នុងឆ្នាំ២០១៥ ចាប់តាំងពីពេលនោះមកអង្គការស្នាមញញឹមកម្ពុជាបានជួយលើកកម្ពស់សុខុមាលភាពសង្គមដោយផ្តល់ការវះកាត់ និងថែទាំអ្នកជំងឺចំនួន ៥,៦៤១នាក់ នៅទូទាំងប្រទេសកម្ពុជា។ ដោយទទួលបានការគាំទ្រជាបន្តបន្ទាប់ពីដៃគូនានា ក៏ដូចជាធនាគារ វីង ជាដើម។ អង្គការនេះអាចពង្រីកកិច្ចការសង្គមរបស់ខ្លួនបានកាន់តែទូលំទូលាយ ដោយផ្តល់ការវះកាត់ ការថែទាំតាមដានសុខភាពអ្នកជំងឺ និងការព្យាបាលនានាទៅដល់កុមារមកពីគ្រួសារមានជីវភាពខ្វះខាតដែលត្រូវការជំនួយដ៏ចាំបាច់នេះ។
លោក Chan Kok Choy នាយកប្រតិបត្តិនៃអង្គការស្នាមញញឹមកម្ពុជាមានលើកឡើងថា «នៅអង្គការស្នាមញញឹមកម្ពុជា យើងតែងតែយកចិត្តទុកដាក់ជួយទៅដល់ការព្យាបាលកុមារដោយមិនបន្សល់ទុកនូវពិការភាពមុខមាត់នៅពេលដែលគេពេញវ័យ។ ក្នុងឱកាសដ៏មានតម្លៃនេះ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រឥតឈប់ឈរពីធនាគារ វីង ក៏ដូចជាដៃគូសហការដ៏ទៃទៀតរបស់យើង។ យើងរួមគ្នាផ្តល់ក្តីសង្ឃឹម លើកកម្ពស់សុខុមាលភាព ក៏ដូចជាការកសាងទំនុកចិត្តទៅដល់កុមារ ដើម្បីនាំមកនូវផលវិជ្ជមានយូរអង្វែងទៅដល់អាយុជីវិតមនុស្សជាច្រើននៅក្នុងសហគមន៍»។
នៅក្នុងប្រទេសកម្ពុជា គ្រួសារជាច្រើននៅតែមានឧបសគ្គក្នុងការទទួលបាននូវព័ត៌មាន និងការព្យាបាលពិការភាពមុខមាត់ ដែលធ្វើឱ្យអ្នកជំងឺមានការឈឺចាប់រយៈពេលយូរ។
លោក ហួត ចិន្តា ជាកសិករមកពីខេត្តព្រៃវែងបានធ្វើដំណើរជាមួយភរិយារបស់គាត់ រយៈពេល១២ម៉ោងទៅកាន់ខេត្តសៀមរាបកាលពីថ្មីៗនេះ ដើម្បីនាំកូនស្រីរបស់គាត់ដែលទើបតែមានអាយុ៦ខែទៅទទួលការវះកាត់នៅទីនោះ។
លោកចិន្តាបានរៀបរាប់ថា «ម្តាយឪពុកខ្ញុំមានការអាណិតចៅស្រីរបស់គាត់ជាខ្លាំង ព្រោះកូនខ្ញុំតែងតែឈ្លក់នៅពេលបៅទឹកដោះគោម្តងៗ។ បើគ្មានការព្យាបាលទេនោះ កូនស្រីខ្ញុំនឹងមានភាពខ្មាស់អៀន ហើយពិបាកចិត្ត នៅពេលដែលគេធំពេញវ័យ។ ខ្ញុំនិងគ្រួសារពិតអរគុណខ្លាំងណាស់ ដែលពេលនេះកូនស្រីខ្ញុំ ទទួលបានការវះកាត់ឥតគិតថ្លៃ ហើយខ្ញុំពិតជាចង់ឃើញនូវស្នាមញញឹមដ៏ស្រស់ស្អាតរបស់កូនស្រីខ្ញុំបន្ទាប់ពីការវះកាត់រួចរាល់»។
ក្នុងកំលុងពេលបេសកកម្មវះកាត់កាលពីសប្តាហ៍មុន អ្នកជំងឺចំនួន ៤៤នាក់បានទទួលការវះកាត់ដោយជោគជ័យ ដោយនាំមកនូវក្តីសង្ឃឹមថ្មី និងអនាគតដ៏ភ្លឺស្វាងដល់គ្រួសាររបស់ពួកគេ។ ចំពោះអ្នកជំងឺដែលត្រូវការជំនួយ ឬការវះកាត់អាចចុះឈ្មោះព្យាបាលដោយឥតគិតថ្លៃ សូមទំនាក់ទំនងទៅទូរសព្ទលេខ៖ 012 655 786, 023 211 405 ឬ 096 846 6991។ ជាមួយគ្នានេះសាធារណជនទាំងអស់ក៏អាចគាំទ្រអង្គការស្នាមញញឹមកម្ពុជា ដែលអាចបរិច្ចាគតាមរយៈអេប Wing Bank ឬអញ្ចើញទៅកាន់ភ្នាក់ងារ វីង ណាមួយទូទាំងប្រទេសដែលនៅជិតបំផុត ហើយគ្រាន់តែប្រើលេខកូដ 9927 សម្រាប់ការបរិច្ចាគជាប្រាក់រៀល ឬលេខកូដ 9928 សម្រាប់ការបរិច្ចាគជាប្រាក់ដុល្លារ។ ហើយទឹកប្រាក់បរិច្ចាគទាំងអស់ ១០០% នឹងចូលទៅក្នុងគណនីអង្គការស្នាមញញឹមកម្ពុជាដោយផ្ទាល់ ដើម្បីបន្តទ្រទ្រង់បុព្វហេតុសង្គមដ៏មានតម្លៃនេះ៕