(ភ្នំពេញ)៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស កាលពីពេលថ្មីៗនេះ បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភាគ រួមទាំងសម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ និងបានរៀបចំអាហារសាមគ្គីជូនដល់អ្នកថែទាំ និងកុមារមានពិការភាព នៅមជ្ឈមណ្ឌលទារក និងកុមារជាតិ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ មានការចូលរួមជាកិត្តិយសដ៏ខ្ពស់ខ្ពស់របស់ លោកស្រី ខៀវ សស៊ីលៀប ស្ថាបនិកា និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ដែលរួមដំណើរដោយសមាជិកក្រុមគ្រួសារក្រុមហ៊ុនហនុមានមួយចំនួន។ លើសពីនេះក៏មានវត្តមានរបស់ព្រះនាងតូច នរោត្តម ជេណា ជាអធិបតីផងដែរ។
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស តែងយកចិត្តទុកដាក់ក្នុងការចូលរួមការងារសង្គមជាច្រើនក្នុងការចែករំលែកក្តីស្រលាញ់ ក្នុងនោះមានការលើកកម្ពស់ក្នុងវិស័យអប់រំ សិល្បៈ សុខមាលភាព កីឡា និងសកម្មភាពមនុស្សធម៌ផ្សេងៗជាច្រើនទៀត ដែលផ្តល់ផលប្រយោជន៍ជាច្រើនដល់សហគមន៍ និងសង្គមជាតិ។ ដូចក្នុងថ្ងៃនោះ ចុះសួរសុខទុក្ខ សំណេះសំណាល នៅមជ្ឈមណ្ឌលទារក និងកុមារជាតិ គឺពិតជាមានអត្ថន័យណាស់សម្រាប់ប្អូនៗកុមារ ដែលទទួលបានក្តីស្រលាញ់ ស្នាមញញឹម និងការយកចិត្តទុកដាក់ពីលោកជំទាវអគ្គនាយិកា និងព្រះនាងតូចផ្ទាល់ ដល់ប្អូនៗកុមារនៅទីនោះ។
ក្នុងឱកាសនោះ លោកស្រីប្រធានមជ្ឈមណ្ឌលទារក និងកុមារជាតិ បានធ្វើការថ្លែងអំណរគុណដល់ លោកជំទាវអគ្គនាយិកា ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ព្រះនាងតូច ដែលបានរៀបចំកម្មវិធីសប្បុរសធម៌នេះឡើងជូនដល់អ្នកម៉ែៗ និងកូនៗនៅក្នុងបុរីកុមារ។
លោកស្រីបានមានប្រសាសន៍ថា «យើងខ្ញុំទាំងអស់គ្នាពិតជាមានក្តីរំភើប និងរីករាយក្រៃលែង ដែលបានទទួលនូវក្តីស្រលាញ់ ការយកចិត្តទុកដាក់ និងការនាំយកនូវអំណោយដ៏ថ្លៃថ្លាជូនដល់កូនៗ ទោះបីជាកូនៗមានពិការភាពក៏ពិតមែន ប៉ុន្តែកូនៗបានដឹងច្បាស់ថាលោកជំទាវ អគ្គនាយិកា គឺពិតជាមានទឹកចិត្តប្រកបដោយក្តីមេត្តា ករុណា ដល់កូនៗយ៉ាងពិតប្រាកដ»។
ក្រោមរូបភាពនៃស្នាមញញឹម និងការបង្ហាញនូវសមត្ថភាពពិសេស ប្អូនៗបានធ្វើការសម្តែងរបាំជូនពរ និងរបាំស្វាគមន៍គណៈអធិបតី និងភ្ញៀវកិត្តិយស ដែលពិតជាធ្វើឲ្យអ្នកចូលរួមទាំងអស់មានក្តីរំភើប និងកោតសរសើរដល់ទេពកោសល្យរបស់ប្អូនៗ ទោះបីជាប្អូនៗមានពិការភាពពិតមែន ប៉ុន្តែបេះដូងរបស់ប្អូនៗ គឺពិតជាស្រស់ស្អាត ប្រឹងប្រែងជំនះរាល់ភាពលំបាក បង្ហាញនូវសមត្ថភាពរបស់ខ្លួនក្នុងការចូលរួមចំណែកបម្រើសង្គម និងអភិវឌ្ឍប្រទេសជាតិ ហើយដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែគាំទ្រ លើកទឹកចិត្ត ផ្តល់តម្លៃ និងយកចិត្តទុកដាក់ខ្ពស់ជាពិសេសការជួយគាំទ្រដល់កុមារ និងប្រជាពលរដ្ឋដែលមានពិការភាព។
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ជឿជាក់ថា ការចែករំលែក គឺជាមាគ៌ាមួយប្រកបដោយគុណតម្លៃ ដែលអាចចូលរួមចំណែកបង្កើតឲ្យមានភាពវិជ្ជមាននៅក្នុងសង្គមកាន់តែច្រើន ហើយយើងក៏នឹងនៅតែបន្តសកម្មភាពសង្គមផ្សេងៗទៀតនាពេលអនាគត ដើម្បីបន្តដំណើរពីបេះដូងក្នុងការបន្តចែករំលែកក្តីស្រលាញ់ និងផ្តល់ស្នាមញញឹមជូនដល់សង្គមជាតិឲ្យបានកាន់តែច្រើនថែមទៀត៕