(ភ្នំពេញ)៖ ធនាគារ អេស ប៊ី អាយ លី ហួរ បានប្រកាសនៅថ្ងៃនេះ នូវសមិទ្ធផលដ៏សំខាន់ក្នុងការបន្តកំណើន និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបម្រើអតិថិជន និងសាធារណជននៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងឆ្នាំ២០២០ ធនាគារបានចាប់ផ្តើមជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏រឹងមាំជាមួយនឹងទ្រព្យសកម្ម ២៤៣.៨លានដុល្លារអាមេរិក ឥណទាន ១៩៦.៩លានដុល្លារអាមេរិក និងប្រាក់បញ្ញើ ១១៨.៧លានដុល្លារអាមេរិក។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ក៏ទទួលបានអាជ្ញាបណ្ណជាធនាគារពាណិជ្ជពីធនាគារជាតិនៃកម្ពុជា ហើយបានពង្រីកសាខា ៤៥ទូទាំងប្រទេស និងបុគ្គលិកបម្រើការ ១.១៥៧នាក់ និងផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជនជាង ៣៣ពាន់នាក់។ លើសពីនេះ ធនាគារបានកែលម្អសាខា និងដាក់ដំណើរការម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ដោយស្វ័យប្រវត្ត (ATM/CRM) នៅទូទាំងប្រទេស ព្រមទាំងដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់ និងសេវាភតិសន្យាផងដែរ។
ក្នុងឆ្នាំ២០២១ ធនាគារបានជំរុញឌីជីថលតូបនីយកម្ម ដោយដាក់ឱ្យដំណើរការធនាគារចល័ត និងបន្ថែមការទូទាត់ QR លើធនាគារចល័ត។ ឆ្នាំ២០២២ ធនាគារបានពង្រីកសេវាកម្ម ដោយដាក់ឱ្យដំណើរការបណ្ណវីសា និង KHQR។ ឆ្នាំ២០២៣ ធនាគារបានពង្រឹងមូលធនដល់ ១០០លានដុល្លារអាមេរិក កើនពី ៧៥លានដុល្លារអាមេរិក និងដំណើរការប្រព័ន្ធធនាគារស្នូល T24 (ដំណាក់កាលទី១)។ ក្នុងឆ្នាំ២០២៤ ធនាគារបានធ្វើទំនើបកម្មប្រព័ន្ធពេញលេញ ដោយប្តូរប្រព័ន្ធធនាគារស្នូលទៅ T24 ទាំងស្រុង និងដាក់ឱ្យប្រើប្រាស់បណ្ណវីសាពហុរូបិយប័ណ្ណមុនគេនៅកម្ពុជា។
គិតត្រឹមខែកុម្ភះ ឆ្នាំ២០២៥ ធនាគារបានសម្រេចបានកំណើនដ៏ខ្លាំងក្លាជាមួយនឹងទ្រព្យសកម្ម ១,១០២លានដុល្លារអាមេរិក ឥណទាន ៨៤១លានដុល្លារអាមេរិក ប្រាក់បញ្ញើ ៨២៦លានដុល្លារអាមេរិក អតិថិជនជាង ១៣៨ពាន់នាក់ និងបុគ្គលិក ១.៣៧៩នាក់។
«ធនាគារនៅតែបន្តធ្វើនវានុវត្តន៍សេវាហិរញ្ញវត្ថុ ធ្វើទំនើបកម្មផ្នែកបច្ចេកវិទ្យាឌីជីថល ធនាគារចល័តតាមទូរសព្ទដៃ និងសេវាគាំទ្រផ្សេងៗទៀត ដើម្បីឆ្លើយតបទៅនឹងកំណើន និងការរីកចម្រើនរបស់ធនាគារពីមួយឆ្នាំទៅមួយឆ្នាំ»។ នេះបើប្រសាសន៍របស់លោក ជា ផល្លារិន អគ្គនាយកធនាគារ អេស ប៊ី អាយ លី ហួរ បានថ្លែងប្រាប់ឲ្យដឹង។
លោកអគ្គនាយកបានឱ្យដឹងបន្តទៀតថា «សូមថ្លែងនូវអំណរអរគុណ ចំពោះអតិថិជនដែលបានគាំទ្រ ភាគហ៊ុនិក និងបុគ្គលិកទំាងអស់ដែលបានប្រឹងប្រែងព្រមគ្នា និងជាពិសេសធនាគារជាតិនៃកម្ពុជាក្នុងការគាំទ្រ និងបង្កលក្ខណៈងាយស្រួល ដែលធ្វើធនាគារ អេស ប៊ី អាយ លី ហួរ មានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប្រាំឆ្នាំនៃប្រតិបត្តិការរបស់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់អតិថិជននៅទូទាំងប្រទេស»។
ស្ថិតក្នុងខួប៥ឆ្នាំនៃប្រតិបតិ្តការ និងបន្តទៅអនាគត ធនាគារ អេស ប៊ី អាយ លី ហួរ បានប្តេជ្ញាចិត្តក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និងបរិយាប័ន្ន ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាជានិច្ច៕