(សេអ៊ូល)៖ ក្រុមហ៊ុន Hyundai របស់កូរ៉េខាងត្បូង គ្រោងនឹងប្រកាសការវិនិយោគ ដែលមានទំហំទឹកប្រាក់២០ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក, ក្នុងនោះរួមទាំង៥ពាន់លានដុល្លារ លើរោងចក្រផលិតដែក នៅរដ្ឋ Louisiana។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។
គម្រោង ដែលនឹងរួមបញ្ចូលទាំងការជ្រើសរើសបុគ្គលិក ប្រមាណ១,៥០០នាក់នោះ, នឹងផលិតដែកជំនាន់ថ្មី ដែលនឹងត្រូវយកទៅប្រើប្រាស់ នៅរោងចក្រផលិតរថយន្តចំនួន២ នៅសហរដ្ឋអាមេរិក របស់ក្រុមហ៊ុន Hyundai ដែលផលិតរថយន្តអគ្គិសនី។
Hyundai Steel បានពិចារណា សាងសង់រោងចក្រដែក នៅភាគខាងត្បូងឆៀងខាងកើតសហរដ្ឋអាមេរិក ប៉ុន្តែមិនទាន់មានការសម្រេចណាមួយនោះទេ។ នេះបើតាមសម្តីអ្នកនាំពាក្យមួយរូបរបស់ក្រុមហ៊ុន បានឱ្យដឹងនៅដើមខែនេះ។ អ្នកនាំពាក្យបន្ថែមថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក នឹងមានផលប៉ះពាល់អវិជ្ជមាន លើឧស្សាហកម្មដែករបស់កូរ៉េខាងត្បូង។
សកម្មភាពដំឡើងពន្ធ របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដើម្បីពង្រឹងការការពារ សម្រាប់អ្នកផលិតដែក និងអាលុយមីញ៉ូមរបស់អាមេរិកនោះ បានចូលជាធរមាន កាលពីដើមខែនេះ។ អាមេរិក បានស្តារឡើងវិញ នូវពន្ធសកលចំនួន២៥ភាគរយ លើការនាំចូលលោហធាតុទាំងអស់ និងបានពង្រីកកាតព្វកិច្ចពន្ធ ដល់ផលិតផលរាប់រយមុខ ដែលផលិតពីលោហធាតុ រាប់ចាប់ពីគ្រាប់ប៊ូឡុង, ឧបករណ៍ឈូសឆាយ និងកំប៉ុងសូដាផងដែរ៕