(ឡុងដ៍)៖ តោកំណាចអង់គ្លេស អតីតជើងឯក World Cup 1966 បន្តឈ្នះ ២ប្រកួតជាប់ៗគ្នាពីការប្រកួតប្រជែងកៅអីប្រចាំទ្វីបអឺរ៉ុប (UEFA)។

តួយ៉ាង ក្រុមកំពុងដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ Thomas Tuchel បានបំបាក់គូប្រជែងឡាត់វី ៣-០ នៅរាត្រីថ្ងៃចន្ទ ទី២៤ ខែមីនា បន្ទាប់ពីបំបាក់អាល់បានី ២ទល់នឹង០ កាលពីសប្តាហ៍មុន នៃវគ្គជម្រុះ World Cup 2026 ជាមួយការរក្សាសំណាញ់ទីមិនឱ្យគូប្រកួតទាត់ចូលទៀតផង (clean sheet)។

ឆ្លងតាមជ័យជម្នះដោយស្រួលទៅលើក្រុមដែលស្ថិតនៅចំណាត់ថ្នាក់ ១៤០ នៅលើពិភពលោកនេះដែរ លោក Tuchel បានក្លាយជាអ្នកចាត់ការទូទៅអង់គ្លេសដំបូងគេ ដែលដឹកនាំឈ្នះ ២ប្រកួតជាប់ៗគ្នា គិតចាប់តាំងពីបុរសសញ្ជាតិអ៉ីតាលី លោក Fabio Capello ក្នុងឆ្នាំ២០០៨ មក។

៣គ្រាប់ក្នុងកីឡដ្ឋាន Wembley នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជិត ៨ម៉ឺននាក់នោះដែរ James, Kane និង Eze បានរួមចំណែកធ្វើបានម្នាក់ ១គ្រាប់ ក្នុងការជ្រោមជ្រែងក្រុមស្ថិតនៅលេខ៤ ពិភពលោកអង់គ្លេស បន្តឈរទីកំពូលតារាងដាច់ដដែល ជាមួយនឹង ៦ពិន្ទុពេញប្រចាំពូល K៕