(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុមជម្រើសជាតិអារូបា មកពីតំបន់អាមេរិកខាងត្បូង ក្នុងជំនួបមិត្តភាពអន្ដរជាតិ នាវេលាម៉ោង ៧យប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញ។
ចាំមើលតើក្រុមគោព្រៃកម្ពុជា អាចយកឈ្នះក្រុមឆ្លងទ្វីប ដែលធ្វើដំណើរជាង ១ម៉ឺន ៧គីឡូម៉ែត្រមកកម្ពុជានេះបានដែលឬទេ?
នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត ទោះបីនេះជាការប្រកួតមិត្តភាពអន្ដរជាតិក៏ពិតមែន តែគ្រូបង្វឹកក្រុមទាំងពីរ សុទ្ធតែមានការប្ដេជ្ញាចិត្តរៀងៗខ្លួន ក្នុងការដឹកនាំក្រុម និងធ្វើឲ្យបានល្អសម្រាប់ការប្រកួតនេះ ពិសេសលោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ដែលបានបង្ហាញពីមហិច្ឆតាចង់ឈ្នះ ជាមួយការចង់ឃើញកូនក្រុមបង្ហាញការលេងមួយដ៏ល្អ ចំពោះមុខអ្នកគាំទ្ររបស់ខ្លួនទៀតផង។
លោក Koji បាននិយាយថា «ជាការពិត អ្វីដែលសំខាន់ គឺពួកយើងត្រូវការជ័យជម្នះ។ សម្រាប់ខ្ញុំ ខ្ញុំក៏ចង់បង្ហាញការលេងមួយឲ្យល្អ សម្រាប់អ្នកគាំទ្រផងដែរ។ មួយវិញទៀត ពីមុនមក យើងធ្លាប់តែលេងជាមួយក្រុមក្នុងតំបន់ តែលើកនេះ យើងបានលេងជាមួយក្រុមមកពីតំបន់ផ្សេង។ អ៊ីចឹងទម្រង់លេងរបស់គេ អាចនឹងមានការប្លែក។ នេះជាបទពិសោធន៍មួយថ្មីសម្រាប់យើង ហើយក៏វាជាផលល្អមួយសម្រាប់ក្រុមជម្រើសជាតិផងដែរ»។
គួរដឹងថា មុនជំនួបមិត្តភាពអន្ដរជាតិ កំឡុងថ្ងៃ FIFA Day នារាត្រីថ្ងៃអង្គារនេះ ក្រុមទាំងពីរ បានប្រកួតមិត្តភាពអន្ដរជាតិ ១ប្រកួតម្នាក់រួចមកហើយ ដោយប្រកួតដំបូងរបស់ក្រុមគោព្រៃកម្ពុជា គឺចាញ់ក្រុមម្ចាស់ផ្ទះវៀតណាម ២-១ គ្រាដែលប្រកួតដំបូងរបស់ក្រុមជម្រើសជាតិអារូបា ចាញ់ក្រុមវិសាខា សមាជិកលីគកំពូលកម្ពុជា ៣-១ កាលពីចុងសប្ដាហ៍កន្លងទៅ៕