(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នឹងប្រើយុទ្ធសាស្ដ្រថ្មី ដើម្បីធានានូវប្រសិទ្ធភាពក្នុងការប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិកម្ពុជាឆ្នាំនេះ ទាំងថ្នាល និងក្រុមឈុតធំ សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា តាមរយៈការរៀបចំឲ្យមានការប្រកួតជាប្រចាំ រវាងក្រុមជម្រើសជាតិ និងក្លិប។ នេះបើតាមការបង្ហើបរបស់លោក ប៊ុយ សុភ័ណ្ណ ប្រធានសហព័ន្ធ ក្រោយចាប់ផ្ដើមធ្វើតេស្ដជ្រើសរើសកីឡាករ-កីឡាការិនីថ្នាល និងក្រុមឈុតធំ កាលពីម្សិលមិញ ។
ប្រធានសហព័ន្ធខាងលើ បានបញ្ជាក់ថា ឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់ការប្រមូលផ្ដុំក្រុមជម្រើសជាតិ ចំនួន ២ប្រភេទ គឺការប្រមូលផ្ដុំក្រុមជម្រើសជាតិឈុតធំ សម្រាប់ត្រៀមស៊ីហ្គេម លើកទី៣៣ នៅថៃ នាចុងឆ្នាំ២០២៥ និងការប្រមូលផ្ដុំក្រុមជម្រើសជាតិថ្នាល សម្រាប់ត្រៀមការប្រកួតកីឡាយុវជនអាស៊ី លើកទី៤ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ នាឆ្នាំ២០២៩ ខាងមុខ ។
ការណ៍នេះ សហព័ន្ធក៏បានរៀបចំធ្វើតេស្ដ ដើម្បីចម្រាញ់យកកីឡាករ-កីឡាការិនីឆ្នើមៗ ទាំងថ្នាល និងឈុតធំ សម្រាប់ត្រៀមធ្វើការប្រមូលផ្ដុំ នាកំឡុងខែមេសាខាងមុខ សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា ទាំងកម្រិតយុវជនថ្នាល និងក្រុមធំ ពិសេសគឺការសម្រួចទិសដៅឆ្ពោះទៅព្រឹត្តិការណ៍ធំៗទាំងពីរ។ ជាមួយគ្នា សហព័ន្ធក៏នឹងប្រើនូវយុទ្ធសាស្ដ្រថ្មី ដើម្បីធានាការអភិវឌ្ឍគុណផលកីឡាកម្រិតខ្ពស់ក្នុងការប្រមូលផ្ដុំនេះផងដែរ ។
លោកបន្ដថា «ការប្រមូលផ្ដុំហ្វឹកហាត់ឆ្នាំនេះ ជាយុទ្ធសាស្ដ្ររបស់សហព័ន្ធ គឺមានភាពប្លែក ដោយសារសហព័ន្ធគ្រោងសហការជាមួយបណ្ដាក្លិបប្រដាល់សកលនៅរាជធានីភ្នំពេញ ដើម្បីរៀបចំប្រកួត លក្ខណៈបោះជំរំប្រកួតហ្វឹកហាត់រៀងរាល់ ២សប្ដាហ៍ម្ដង ដែលយើងនឹងចាប់ផ្ដើមពីថ្ងៃទី៣០ ខែមីនាតទៅ ។ នេះជាយុទ្ធសាស្ដ្រថ្មី ដើម្បីពង្រឹងបច្ចេកទេស ក៏ដូចជាផ្ដល់ឱកាសបន្ថែម ដល់កីឡាករធ្វើការប្រកួតឲ្យបានញឹកញាប់ ដើម្បីដកស្រង់បច្ចេកទេស» ។
«ក្រៅពីគម្រោងនេះ សហព័ន្ធក៏មានផែនការរៀបចំការប្រកួតឲ្យបាន ១ខែម្ដង សម្រាប់ថ្នាលផងដែរ រវាងថ្នាលជម្រើសជាតិ និងថ្នាលតាមបណ្ដាក្លិប ក្នុងន័យពង្រឹងសមត្ថភាព និងបច្ចេកទេសពួកគេត្រៀមកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដូចគ្នា» ។ លោក ប៊ុយ សុភ័ណ្ណ បន្ថែម ៕