(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung Electronic បានជូនដំណឹងនៅព្រឹកថ្ងៃអង្គារសប្តាហ៍នេះថា អនុប្រធាន និងជានាយកប្រតិបត្តិ (co-CEO) លោក Han Jong-hee បានទទួលមរណភាពហើយក្នុងអាយុ ៦៣ឆ្នាំ ដោយសារគាំងបេះដូង។ លោក Han គឺជាតួអង្គសំខាន់នៅក្នុងក្រុមហ៊ុន Samsung ដោយមើលការខុសត្រូវផ្នែកគ្រឿងអេឡិចត្រូនិក និងឧបករណ៍ចល័ត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។

អ្នកនាំពាក្យក្រុមហ៊ុន Samsung បាននិយាយថា លោក Han បានទទួលមរណៈភាពនៅមន្ទីពេទ្យនៅថ្ងៃអង្គារនេះ ខណៈកំពុងសម្រាកព្យាបាលដោយសារជំងឺគាំងបេះដូង។​ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា អ្នកស្នងតំណែងនៅមិនទាន់ត្រូវបានសម្រេចនៅឡើយនោះទេ។

ដំណឹងនៃការទទួលមរណៈភាពរបស់លោក បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន​ Samsung ធ្លាក់ចុះនៅក្នុងការជួយដូរនេាពេលព្រឹកនេះ។

លោក Han បានចូលរួមជាមួយនឹង​ Samsung គិតមកទល់ពេលនេះជិត ៤០ឆ្នាំហើយ ចាប់តាំងពីឆ្នាំ១៩៨៨ ខណៈភាពជាអ្នកដឹកនាំរបស់លោកបានជួយរក្សាតំណែង Samsung ជាម៉ាកទូរទស្សន៍លេខ ១ របស់ពិភពលោកក្នុងរយៈពេល ១៩ ឆ្នាំជាប់ៗគ្នា។ ទន្ទឹមនឹងនេះ លោក Han បានទទួលដំណែងជាអនុប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Samsung ក្នុងឆ្នាំ២០២២ ហើយលោកក៏ជាក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផងដែរ។​

លោក Han ត្រូវបានគេរាយការណ៍មកថា មុនពេលលោកទទួលមរណៈភាព កាលពីសប្តាហ៍មុនលោកបានធ្វើជាប្រធានកិច្ចប្រជុំម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន​ Samsung ដោយលោកបានលើកឡើងថា «ជាលើកដំបូង និងសំខាន់បំផុត, ខ្ញុំសូមអភ័យទោសដោយស្មោះចំពោះដំណើរការភាគហ៊ុននាពេលថ្មីៗនេះ ដែលមិនបានបំពេញតាមការរំពឹងទុករបស់អ្នក។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ក្រុមហ៊ុនរបស់យើងបានបរាជ័យក្នុងការឆ្លើយតបឱ្យបានគ្រប់គ្រាន់ចំពោះទីផ្សារ AI semiconductor ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស»

គួរជម្រាបថា លោក Han ក៏គ្រោងនឹងចូលរួមក្នុងព្រឹត្តិការណ៍សម្ពោធរបស់ Samsung សម្រាប់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះថ្មីនៅថ្ងៃពុធនេះផងដែរ៕