(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD ទទួលបានប្រាក់ចំណេញសុទ្ធកើនឡើងជាង ៧៣% ក្នុងត្រីមាសទី៤ ឆ្នាំ ២០២៤ ជាមួយនឹងកំណត់ត្រាខ្ពស់ ១៥ពាន់លានយន់ (ប្រហែល ២.១ពាន់លានដុល្លារ) ខណៈប្រាក់ចំណូលត្រីមាសទី៤ បានកើនឡើង ៥២.៧% មានចំនួន ២៧៤.៩ពាន់លានយន់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។
ជាមួយគ្នានេះផងដែរ ពេញមួយឆ្នាំ២០២៤ ក្រុមហ៊ុន BYD ទទួលបានប្រាក់ចំណេញកើនឡើងប្រមាណ ៣៤% ជាមួយនឹងកំណត់ត្រាថ្មី ៤០.៣ពាន់លានយន់ លើប្រាក់ចំណូលកើនឡើង ២៩%។
ភាគហ៊ុនរបស់ BYD នៅក្នុងទីក្រុងហុងកុងបានកើនឡើង ៥១% ពីមួយឆ្នាំទៅមួយឆ្នាំ ហើយបច្ចុប្បន្នបានធ្លាក់ចុះបន្តិចបន្តួច ដែលឈានដល់កម្រិតខ្ពស់បំផុតកាលពីសប្តាហ៍មុន។ ជាមួយនឹងកំណត់ត្រាថ្មីនេះ BYD គឺជាជើងឯក EV របស់ចិន ដែលបានវ៉ាដាច់ក្រុមហ៊ុន Volkswagen ដើម្បីនាំមុខការលក់រថយន្តរបស់ប្រទេសចិនជាមួយនឹងកំណត់ត្រា ៤.២៥លានគ្រឿងនៅឆ្នាំ ២០២៤។
ក្រុមហ៊ុនបានបន្តបញ្ចេញម៉ូដែលតម្លៃទាបដោយរួមចំណែកដល់ការធ្វើឱ្យកាន់តែស៊ីជម្រៅនៃសង្គ្រាមតម្លៃរយៈពេលពីរឆ្នាំនៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក។ វាក៏បានធ្វើឱ្យទីផ្សារកាន់តែកក្រើកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបង្ហាញនូវវេទិកាបច្ចេកវិទ្យា EV សាកថ្មទំនើបថ្មី ហើយបានប្រកាសថានឹងផ្តល់ជូននូវមុខងារបើកបរឆ្លាតវៃដោយមិនគិតថ្លៃបន្ថែម។
Reuters ធ្លាប់បានរាយការណ៍ថា BYD កំពុងពិចារណាចាប់យកប្រទេសអាល្លឺម៉ង់សម្រាប់រោងចក្រទីបីរបស់ខ្លួនសម្រាប់តំបន់អឺរ៉ុប។ ខណៈដែលការនាំចេញទៅក្រៅប្រទេសបានកើនឡើង ៧១.៩% កាលពីឆ្នាំមុន៕