(ភ្នំពេញ)៖ ណាហ្គាវើលដ៍ ជាថ្មីម្តងទៀត ត្រូវបានទទួលស្គាល់ស្នាដៃចំពោះការងារទំនួលខុសត្រូវសង្គមឆ្នើម ដោយទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួន២ នៅឯ «សន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គមសកល បរិស្ថាន សង្គម និងអភិបាលកិច្ចលើកទី១៧ ប្រចាំឆ្នាំ២០២៥»

សម្រាប់ឆ្នាំទី៥ ជាប់ៗគ្នា ណាហ្គាវើលដ៍មានកិត្តិយស ដែលបានឈ្នះពានរង្វាន់ប្លាទីនីមឆ្នើមប្រចាំប្រទេសកម្ពុជានៅក្នុងផ្នែក «ឧត្តមភាពល្អបំផុតប្រចាំប្រទេស» (សម្រាប់ក្រុមហ៊ុន ដែលមានមូលធនទីផ្សារចាប់ពី ១ ប៊ីលានដុល្លារអាម៉េរិក)។ ណាហ្គាវើលដ៍ ក៏បានឈ្នះពានរង្វាន់ប្រាក់នៅក្នុងផ្នែក «កម្មវិធីសហគមន៍ល្អបំផុត» ផងដែរ។

ពានរង្វាន់ទាំងនេះ បញ្ជាក់អំពីភាពជាអ្នកដឹកនាំរបស់ណាហ្គាវើលដ៍ នៅក្នុងទំនួលខុសត្រូវការងារសង្គម ដែលបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងឥទ្ធិពលវិជ្ជមានក្នុងប្រទេសកម្ពុជា តាមរយៈក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស។

លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា «យើងមានកិត្តិយសយ៉ាងខ្លាំង ដែលបានទទួលពានរង្វាន់ទាំងនេះ ដែលទទួលស្គាល់ការលះបង់របស់ណាហ្គាវើលដ៍បេះដូងសប្បុរស ចំពោះសហគមន៍កម្ពុជា។ ការទទួលស្គាល់ស្នាដៃនេះ ជំរុញលើកទឹកចិត្តរបស់យើង ឱ្យពង្រីកសកម្មភាពការងារសង្គមរបស់យើងបន្ថែមទៀត ដែលបង្កើតការផ្លាស់ប្តូរដ៏មានសារសំខាន់ក្នុងប្រទេសកម្ពុជា»

ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ណាហ្គាវើលដ៍បេះដូងសប្បុរស បានក្លាយជាកម្លាំងជំរុញសម្រាប់ការផ្លាស់ប្តូរវិជ្ជមានក្នុងប្រទេសកម្ពុជា។ ស្របតាមគោលដៅ អភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ ណាហ្គាវើលដ៍បេះដូងសប្បុរសផ្តោតលើសសរស្តម្ភសំខាន់ចំនួន ៤ គឺការអប់រំ សហគមន៍ កីឡា និងបរិស្ថាន។

មកដល់បច្ចុប្បន្ន ណាហ្គាវើលដ៍បេះដូងសប្បុរស បានដឹកនាំគំនិតផ្តួចផ្តើមចំនួន ៨២០ ដែលមានបុគ្គលិក ៨,៦៥២នាក់ បានស្ម័គ្រចិត្តចំណាយពេលវេលាផ្ទាល់ខ្លួនប្រមាណ ៤៤,៣៤២ម៉ោង ជួយដល់ប្រជាជនកម្ពុជា ៦៧៩,៤២៦ នាក់។

ណាហ្គាវើលដ៍បេះដូងសប្បុរស បន្តគំនិតផ្តួចផ្តើមថ្មីៗដែលស្របតាមគោលដៅអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្តែងក្នុងឆ្នាំនេះ ណាហ្គាវើលដ៍បេះដូងសប្បុរស បានដំណើរការ «កម្មវិធីប្រកួតប្រជែងសាលារៀនស្អាត និងបរិស្ថានបៃតង» ដែលពួកគេបានអប់រំដល់សិស្សានុសិស្សនៅតាមអនុវិទ្យាល័យ និងវិទ្យាល័យ ៦៧ អំពីការគ្រប់គ្រងសំរាម ការកែច្នៃឡើងវិញ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

គួរបញ្ជាក់ថា «សន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គមសកល បរិស្ថាន សង្គម និងអភិបាលកិច្ចលើកទី១៧ ប្រចាំឆ្នាំ២០២៥» គឺជាព្រឹត្តិការណ៍ដ៏ល្បីល្បាញមួយ ដែលទទួលស្គាល់ក្រុមហ៊ុនក្នុងទ្វីបអាស៊ីដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តការងារសង្គម បរិស្ថាន សង្គម និងអភិបាលកិច្ច គុណតម្លៃវិជ្ជាជីវៈ ការគោរពសហគមន៍ និងការគាំពារបរិស្ថាន។

ព្រឹត្តិការណ៍ឆ្នាំនេះ ដែលត្រូវបានធ្វើឡើងក្នុងទីក្រុងហូជីមិញប្រទេសវៀតណាម បានទទួលពាក្យស្នើសុំជាង២៥០ មកពីក្រុមហ៊ុនជាង ១០០ និងបានចូលរួមដោយគណៈអធិបតីដូចជា លោក Vu Minh Ly នាយករងមជ្ឈមណ្ឌលធនធាន និងទំនាក់ទំនងបរិស្ថាននៃក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងលោកបណ្ឌិត Tran Quy ប្រធានវិទ្យាស្ថានវៀតណាម សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល៕