(ភ្នំពេញ)៖ មូលនិធិព្រីនស៍ ដែលជាអង្គការសប្បុរសធម៌របស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានប្រារព្ធពីធីអបអរសាទរនិស្សិតអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៤ ចំនួន ១០០នាក់ នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប។
ជាមួយគ្នានេះដែរ បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់កិត្តិយសអញ្ជើញចូលរួមពិធីអបអរនេះ ព្រមជាមួយនឹងភ្ញៀវកិត្តិយសផ្សេងៗទៀត មកពីវិស័យអប់រំ និងស្ថាប័នឯកជននានា។
កម្មវិធីអាហារូបករណ៍នេះ ត្រូវបានផ្តួចផ្តើមឡើងដោយ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដោយអាហារូបករណ៍នេះបានផ្តល់អោយនិស្សិតដែលសិក្សានៅសាកលវិទ្យាល័យនៅកម្ពុជានូវអត្ថប្រយោជន៍ផ្សេងៗដូចជា៖ ផ្គត់ផ្គង់ថ្លៃសិក្សារយៈពេល៤ឆ្នាំពេញ ប្រាក់ឧបត្ថម្ភប្រចាំខែ ឱកាសការងារ និងការចុះកម្មសិក្សានានា។ ក្រោមការជ្រើសរើសយ៉ាងសម្រិតសម្រាំង និងពោពេញដោយតម្លាតភាព ក្នុងចំណោមបេក្ខជនជាង ២,៥០០នាក់ មានតែបេក្ខជនឆ្នើមចំនួន ១០០នាក់ប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើស ដើម្បីទទួលបានអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៤ នេះ។
ថ្លែងក្នុងពិធីនេះដែរ បណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានកោតសរសើរមូលនិធិព្រីនស៍ ចំពោះការចូលរួមជាចំណែកមួយក្នុងការជំរុញការអប់រំនៅប្រទេសកម្ពុជា ព្រមទាំងកត់សំគាល់ផងដែរ ពីកិច្ចសហការជាដៃគូរវាងស្ថាប័នរដ្ឋ និងស្ថាប័នឯកជនពិតជាមានសារៈសំខាន់ណាស់ សម្រាប់ពង្រឹងសមត្ថភាពយុវជនជំនាន់ក្រោយ។
បណ្ឌិតសភាចារ្យ បានលើកឡើងយ៉ាងដូច្នេះថា៖ “ការអប់រំគឺជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ហើយកម្មវិធីដូចជាអាហារូបករណ៍ ចេន ហ្ស៊ី ពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយដុសខាត់ អនាគតនិស្សិតរបស់ប្រទេសកម្ពុជា”។
លោកបានបន្តទៀតថា៖ “យើងកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់មូលនិធិព្រីនស៍ ក្នុងការជួយជ្រោមជ្រែងយុវជនកម្ពុជាឱ្យសម្រេចបាននូវក្តីស្រមៃ និងគោលដៅសិក្សារបស់ពួកគេប្រកបដោយវិជ្ជាជីវៈ។
លោក Gabriel Tan ប្រធានមូលនិធិព្រីនស៍បានថ្លែងអំណរគុណដល់ស្ថាប័នរដ្ឋ និងឯកជនដែលជាដៃគូសហការក្នុងការចូលរួមគាំទ្រវិស័យអប់រំនៅប្រទេសកម្ពុជា។ លោកបានមានប្រសាសន៍ថា ៖“ពួកយើងពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ក្នុងការជួយទំនុកបំរុងនិស្សិតឆ្នើមកម្ពុជាចំនួន ១០០នាក់ ដើម្បីគាំទ្រពួកគេឆ្ពោះទៅរកភាពជោគជ័យយ៉ាងពិតប្រាកដ”។
លោកបានបន្ថែមទៀតថា៖ “ការអប់រំគឺជាគន្លឹះក្នុងការកសាងសង្គមមួយអោយរីកចម្រើន ហើយពួកយើងក៏នៅតែបន្តការប្តេជ្ញាចិត្តចំពោះការដុសខាត់សមត្ថភាពអ្នកដឹកនាំជំនាន់ក្រោយ ដែលនឹងរួមចំណែកដល់ការរីកចម្រើនរបស់កម្ពុជានាពេលអនាគត។ មិនត្រឹមតែប៉ុណ្ណោះ ពួកយើងសូមអរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការគាំទ្រក្នុងការធ្វើឱ្យកម្មវិធីអាហារូបករណ៍នេះសម្រេចទៅមុខបាន”។
ក្នុងនោះដែរ និស្សិតអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី២ កញ្ញា សិទ្ធា វីឡារ៉ូស ដែលជានិស្សិតកំពុងសិក្សាឆ្នាំទី៣ មុខជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានបង្ហាញការថ្លែងអំណរគុណចំពោះ កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី ដែលបានផ្តល់ជំនួយលើសពីហិរញ្ញវត្ថុ និងឱកាសធ្វើការងារហាត់ការនៅក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលផ្តល់នូវបទពិសោធន៍ការងារ និងជំនួយជាហិរញ្ញវត្ថុដែលជួយកាត់បន្ថយបន្ទុកកញ្ញាផងដែរ។
កញ្ញាបានបន្តទៀតថា៖“ខ្ញុំទទួលបានឱកាសជាច្រើនពីកម្មវិធីអាហារូបករណ៍នេះ ដោយកម្មវិធីនេះបានជួយខ្ញុំអោយទទួលបាននូវបទពិសោធន៍ថ្មីៗ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ជម្នះឧបសគ្គនានានៅពេលអនាគត។ ខ្ញុំសូមអរគុណដល់មូលនិធិព្រីនស៍ ចំពោះកិច្ចខិតខំប្រឹងប្រែងគាំទ្រនិស្សិតដើម្បីបន្តការសិក្សាប្រកបដោយភាពជោគជ័យ”។
នៅក្នុងពិធីអបអរនេះក៏មានការអញ្ញើញ ចូលរួមពីសំណាក់ភ្ញៀវកិត្តិយសតំណាងអោយក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យ រួមមាន៖ លោក សោម រតនា អនុរដ្ឋលេខាធិការ, លោក យូ វីរៈ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧត្តមសិក្សា, លោក វិញ ប៊ុនអៀង ជំនួយការបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី, លោក គង់ ភូមីកា ប្រធាននាយកដ្ឋានឧត្តមសិក្សា, បណ្ឌិត សេង ប៊ុនធឿន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង, លោកសាស្រ្តាចារ្យរង កុក សុធា ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិទ្យាសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, និងលោក សូយ ទី នាយករងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ វត្តមានរបស់ភ្ញៀវកិត្តិយសតំណាងក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យខាងលើ ពិតជាបានសរបញ្ជាក់ពីកិច្ចសហប្រតិបត្តិ និងកិច្ចខិតខំប្រឹងប្រែងដុសខាត់យុវជនជំនាន់ក្រោយអោយក្លាយជាសសរទ្រូងដ៏រឹងមាំ សម្រាប់ប្រទេសកម្ពុជានាពេលអនាគត។
តាំងពីឆ្នាំ២០២១ រហូតដល់ពេលបច្ចុប្បន្ម អាហារូបករណ៍ ចេន ហ្ស៊ី បានជួយទំនុកបម្រុងនិស្សិតក្រីក្រចំនួន៤០០នាក់ អោយទទួលបានឱកាសបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សា និងធ្វើការបណ្តុះបណ្តាលពួកគាត់អោយសម្រេចបាននូវភាពជោគជ័យ។ គំនិតផ្តួចផ្តើមនេះបានស្របតាមចក្ខុវិស័យរបស់មូលនិធិព្រីនស៍ ក្នុងការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស និងពង្រឹងកំណើនសេដ្ឋកិច្ចសង្គមរបស់កម្ពុជា៕