(បរទេស)៖ Apple ត្រូវបានគេមើលឃើញថា បានចាប់ផ្ដើមអភិវឌ្ឍន៍នូវផលិតផលរបស់ខ្លួនដោយរួមបញ្ចូលនូវមុខងារ AI ខណៈដែលមានមតិមួយចំនួនបានលើកឡើងថា វាហាក់ដូចជាយឺតពេលបន្តិចសម្រាប់ Apple ក្នុងការចូលប្រឡូកនៅក្នុងពិភព AI ប៉ុន្តែសម្រាប់អ្នកជំនាញបានយល់ឃើញថា Apple គឺមិនយឺតពេលនោះទេ ព្រោះ Apple តែងតែមានចក្ខុវិស័យវែងឆ្ងាយ និងខុសប្លែកពីគេ ជាពិសេសគឺការអភិវឌ្ឍន៍នូវផលិតផលរបស់ខ្លួន។
ថ្មីៗនេះយោងតាមការបញ្ជាក់ពីសំណាក់អ្នកវិភាគដ៏ល្បីរបស់ Bloomberg គឺលោក Mark Gurman បានឱ្យដឹងថា ក្រុមហ៊ុន Apple កំពុងសិក្សា និងស្វែងរកគំនិតថ្មីសម្រាប់ការបន្ថែម ឬបញ្ចូលមុខងារកាមេរ៉ាចូលទៅកាន់នាឡិកាដៃឆ្លាតវៃរបស់ខ្លួនគឺ Apple Watch ដើម្បីពង្រីកវិសាលភាពរបស់វាឱ្យកាន់តែអស្ចារ្យជាងមុខ។
ទាំង Apple Watch និង Watch Ultra ត្រូវបានគេរំពឹងថានឹងទទួលបានមុខងារកាមេរ៉ា ដោយម៉ូដែលធម្មតានឹងមាននៅលើអេក្រង់ ខណៈម៉ូដែល Ultra នឹងមានប៊ូតុងនៅចំហៀង។ លោក Gurman បញ្ជាក់ថា Apple Watches ដែលបំពាក់កាមេរ៉ាអាចនឹងចេញនៅឆ្នាំ ២០២៧។
យោងតាមប្រភពមួយចំនួនផ្សេងទៀតបានបង្ហើបឱ្យដឹងផងដែរថា Apple មិនត្រឹមតែបំពាក់កាមេរ៉ានៅលើ Apple Watch ប៉ុណ្ណោះទេ ថែមកំពុងសាកល្បងបំពាក់នៅលើឧបករណ៍ AirPods ជាលក្ខណៈ built-in camera តែម្ដង។
បច្ចុប្បន្នមានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបានធ្វើអន្តរកម្មទៅលើផលិតផលរបស់ខ្លួនដោយអាចធ្វើការភ្ជាប់ទំនាក់ទំំនងរវាងអ្នកប្រើប្រាស់ និងឧបករណ៍ប្រើប្រាស់រាល់ថ្ងៃ ជាពិសេសគឺបានប្រើនូវបច្ចេកវិទ្យា AI ហើយអ្វីដែលអ្នកប្រើប្រាស់ត្រូវការប្រើ និងប្រើច្រើនជាងគេបំផុតនោះគឺទូរសព្ទ និងនាឡិកាដៃឆ្លាតវៃ ដូច្នេះ Apple មើលឃើញពីចំណុចនេះទើបបានសិក្សាស្វែងរកវិធីសាស្ត្រដើម្បីឱ្យអ្នកប្រើប្រាស់កាន់តែងាយស្រួល និងជិតស្និទ្ធ។
សម្រាប់ Apple ផ្ទាល់គឺបានប្រើប្រាស់នូវមុខងារ AI របស់ខ្លួនសម្រាប់ភ្ជាប់ទំនាក់ទំនងទៅលើស៊េរី iPhone 16 ដែលដំណើរការដោយ iOS 18.2 ឬជំនាន់ថ្មីៗចុងក្រោយ៕
https://www.gsmarena.com/gurman_apple_is_exploring_apple_watches_with_cameras-news-67074.php