(អាយរ៉េស)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ទទួលបានកៅអី១ ដើម្បីឡើងទៅការពារតំណែងជើងឯក World Cup 2026 ជាបន្តទៀត ក្រោយពេលយកឈ្នះខ្លាំងតំបន់អាមេរិកឡាទីន គឺសាំបាប្រេស៊ីល ៤-១ នៃវគ្គជម្រុះជើងទី២ ជុំទី១៤៕
នេះមានន័យថា ក្រុមពពកសអាហ្សង់ទីន បានចូលរួមជាមួយជប៉ុន និងណូវែលហ្សេឡង់ ក្នុងការទទួលបានកៅអីស្វ័យប្រវត្តិ ដែលបានឆ្លងកាត់វគ្គជម្រុះប្រចាំតំបន់ ដើម្បីឡើងទៅលេង World Cup 2026 លើកទី២៣ ក្នុងនាមអតីតម្ចាស់ជើងឯកពានលំដាប់ពិភពលលោកនេះ ៣សម័យកាលផងដែរ។
អាហ្សង់ទីន យកឈ្នះសាំបាប្រេស៊ីល ទាំង ២ជើងតែម្តងសម្រាប់វគ្គជម្រុះប្រចាំតំបន់អាមេរិកខាងត្បូង បន្ទាប់ពីយកឈ្នះ ១ទល់នឹង០ ផងដែរកាលជើងទី១ នៅទឹកដីប្រេស៊ីល ទៅលើអតីតជើងឯក ៥សម័យកាល ដែលពុំមានវត្តមាន Lionel Messi និង Neymar ដូចគ្នានាប្រកួតព្រឹកមិញនេះ (ម៉ោងនៅកម្ពុជា)។
ការលេងវគ្គជម្រុះប្រកួតប្រជែងកៅអីទៅ World Cup នាឆ្នាំក្រោយនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា នៅសល់ ៥កៅអីកន្លះទៀត ក្នុងចំណោម ១០ក្រុម (ប្រទេស) ដោយនៅសល់ ៤ប្រកួតរៀងៗខ្លួន៕