(បរទេស)៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឬ FIFA World Cup 2026 នៅសល់រយៈពេលតែជាង ១ឆ្នាំទៀតប៉ុណ្ណោះ នឹងឈានចូលមកដល់ដែលមានក្រុមមកពី ៦តំបន់ចូលរួមក្នុងទម្រង់កូតាកៅអីប្រកួតប្រជែងថ្មី ពោលគឺមាន ៤៨ក្រុមនៅជុំចុងក្រោយ ដែលគ្រោងរៀបចំឡើងនៅចន្លោះខែមិថុនា និងខែកក្កដា ឆ្នាំ២០២៦។ នេះបើយោងតាមគេហទំព័រផ្លូវការ FIFA។

ការរៀបចំកម្មវិធីធំដែលមានជារៀងរាល់ ៤ឆ្នាំម្តងនេះ នឹងមានម្ចាស់ផ្ទះដល់ទៅ ៣ប្រទេសក្បែរខាងគ្នារួមមាន កាណាដា មិចស៊ិក និងបងធំសហរដ្ឋអាមេរិក ដែលស្ថិតនៅទ្វីបអាមេរិក ប៉ែកខាងជើង។

ទន្ទឹមគ្នានោះ ការសម្រេចបង្កើនក្រុមពី ៣២ក្រុម (ប្រទេស) កើនដល់ ៤៨ក្រុម (ប្រទេស) ជាលើកដំបូងនេះ ក៏ត្រូវបានសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA អនុម័ត ជាមួយនឹងកៅអីតាមតំបន់នីមួយៗ ក៏ត្រូវបានបែងចែករួចរាល់ផងដែររួមមានដូចខាងក្រោម៖
១៖ ទ្វីបអឺរ៉ុប (UEFA) ទទួលបាន ១៦កៅអីស្វ័យប្រវត្តិ
២៖ ទ្វីបអាស៊ី (AFC) ទទួលបាន ៨កៅអីកន្លះ
៣៖ ទ្វីបអាហ្រ្វិក (CAF) ទទួលបាន ៩កៅអីកន្លះ
៤៖ ទ្វីបអូសេអានី (OFC) ទទួលបាន ១កៅអីកន្លះ
៥៖ ទ្វីបអាមេរិក ក. ខាងត្បូង (CONMEBOL) ទទួលបាន ៦កៅអីកន្លះ
ខ. ខាងជើង (CONCACAF) ទទួលបាន ៣កៅអីស្វ័យប្រវត្តិ និង ២ក្រុមជម្រុះអន្តរទ្វីប៕