(ភ្នំពេញ)៖ លោបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ បានជួបសំណេះសំណាលជាមួយលោក Dennis Warner ប្រធានស្ថាប័នប្រដាល់សេរីពិភពលោក(WCK) និងលោក Sasan Ghosairi ប្រធានស្ថាប័ន International Professional Combat Council (IPCC) និងប្រតិភូគុនខ្មែរសហរដ្ឋអាមេរិក ដែលបានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ដែលជាទឹកដីកំណើត «គុនខ្មែរ»។
ជំនួបរវាងប្រមុខចលនាអូឡាំពិកកម្ពុជា និងប្រតិភូគុនខ្មែរសហរដ្ឋអាមេរិកខាងលើ បានពិភាក្សាការងារមួយចំនួន ដើម្បីជំរុញការផ្សព្វផ្សាយ និងរៀបចំការប្រកួតផ្សេងៗ ក្នុងនោះលោកទេសរដ្ឋមន្ដ្រី បានបង្ហាញនូវការគាំទ្រពេញទំហឹង ចំពោះកិច្ចសហការ រវាងស្ថានីយ៍ទូរទស្សន៍ថោន ជាមួយសហព័ន្ធគុនខ្មែរអន្ដរជាតិKIF) សហព័ន្ធគុនខ្មែរ(KKF) និងស្ថាប័ន WCK ដើម្បីរួមគ្នារៀបចំការប្រកួតដណ្ដើមខ្សែក្រវាត់តេជោសន្ដិភាព លើកទី៣ រវាងកីឡាករកម្ពុជា និងកីឡាករមកពីសហរដ្ឋអាមេរិក នៅខេត្តសៀមរាប នាថ្ងៃទី២៨ ខែមីនាចុងសប្ដាហ៍នេះ។
ឆ្លៀតឱកាសនោះ លោកបណ្ឌិត ថោង ខុន បានរំឮកនូវប្រវត្តិក្បាច់គុនបុរាណខ្មែរ ដល់ប្រធានស្ថាប័ន WCK ក៏ដូចជាប្រតិភូគុនខ្មែរសហអាមេរិកថា «គុនខ្មែរមានប្រវត្តិដ៏យូរអង្វែង ដែលមានអាយុកាលរាប់ពាន់មកហើយ។ អ្នកអាចស្រាវជ្រាវស្វែងយល់ពីប្រវត្តិបន្ថែម តាមរយៈការទស្សនាប្រាសាទអង្គរវត្ត ក៏ដូចជាចម្លាក់នៅតាមប្រាសាទបាយ័ន។
មុនឆ្នាំ១៩៧០ គុនខ្មែរមានភាពល្បីល្បាញ និងមានឥទ្ធិពលខ្លាំងនៅក្នុងតំបន់។ ចាប់ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ប្រទេសកម្ពុជាបានរងគ្រោះដោយសារសង្រ្គាមស៊ីវិល បន្ទាប់មកដោយរបបប្រល័យពូជសាសន៍ពីឆ្នាំ១៩៧៥ ដែលមានរយៈពេលជាង ៣ ឆ្នាំ។ ក្នុងអំឡុងពេលនេះ បញ្ញវន្ត អ្នកជំនាញ អត្តពលិក និងគ្រូបង្វឹកជាច្រើនបានបាត់បង់ជីវិត ។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បន្ទាប់ពីប្រទេសជាតិត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ យើងខិតខំ ប្រមែប្រមូលអត្តពលិក និងគ្រូបង្វឹក ដែលនៅរស់រានមានជីវិត។ ប៉ុន្តែដោយសារសង្គ្រាមស៊ីវិលកំពុងបន្ត និងការចាប់ផ្តើមថ្មី វាមានភាពពិបាកក្នុងការស្តារវិស័យកីឡាឡើងវិញ»
លោកទេសរដ្ឋមន្ដ្រីបន្ថែមថា «សូមអរគុណ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្រាប់នយោបាយឈ្នះ ឈ្នះ បានធ្វើឲ្យកម្ពុជាទទួលបានសុខសន្តិភាពពេញលេញចាប់ពីឆ្នាំ១៩៩៨។ គ្រប់ផ្នែកនៃវិស័យសេដ្ឋកិច្ច សង្គម រួមទាំងវិស័យកីឡាបានរីកចម្រើន ហើយយុទ្ធគុនខ្មែរបុរាណ ត្រូវបានផ្សព្វផ្សាយអស់រយៈពេល ២៧ឆ្នាំ ដោយមានការគាំទ្រខ្លាំងទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសតាមរយៈការប្តេជ្ញាចិត្តដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី។
នៅឆ្នាំ២០២៣ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ យុទ្ធគុនខ្មែរបុរាណ ជាពិសេសគុនខ្មែរទទួលបានភាពជោគជ័យដ៏ត្រចះត្រចង់ ដោយដណ្ដើមបានមេដាយមាសជាច្រើនគ្រឿង។ សម្រាប់អាណត្តិថ្មី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននឹងកំពុងបន្តគាំទ្រ យ៉ាងខ្លាំងខ្លាចំពោះការអភិវឌ្ឍវិស័យកីឡា រួមទាំងយុទ្ធគុនខ្មែរបុរាណ ពិសេសគឺគុនខ្មែរ»។
តាមរយៈនេះ ក្នុងនាមប្រធាន NOCC លោកពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានជួបសំណេះសំណាល ពិភាក្សាការងារជាមួយប្រតិភូគុនខ្មែរសហអាមេរិក និងបានថ្លែងអំណរគុណចំពោះការគាំទ្រដល់គុនខ្មែរ ។ លើសពីនេះ លោកបណ្ឌិត ថោង ខុន ក៏បានបង្ហាញនូវកិត្តិយសដ៏ធំធេង សម្រាប់ថ្នាក់ដឹកនាំ និងប្រតិភូគុនខ្មែរអាមេរិក ដែលត្រូវបានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ក្នុងការចូលជួបសម្ដែងការគួរសម ជាមួយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងនាមសម្ដេចជាអ្នកគាំទ្រ និងផ្សព្វផ្សាយយ៉ាងសំខាន់បំផុត ចំពោះវិស័យកីឡា ពិសេសយុទ្ធគុនខ្មែរបុរាណ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ផងដែរ៕