(ភ្នំពេញ)៖ លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានចាត់ទុកការបរាជ័យ ២-១ ក្រោមថ្វីជើងក្រុមជម្រើសជាតិអារូបា កាលពីយប់មិញ គឺជាលទ្ធផលដ៏សោកស្ដាយបំផុត ក្នុងប្រវត្តិដឹកនាំក្រុមនៅកម្ពុជា ។
ក្រោយចប់ការប្រកួតលោក Koji បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា «សម្រាប់ខ្ញុំ គឺខ្ញុំទទួលខុសត្រូវជាមួយលទ្ធផលទាំងស្រុង ហើយខ្ញុំក៏សុំទោសទៅទស្សនិកជនផងដែរ សម្រាប់លទ្ធផលនេះ ។ ជាក់ស្ដែង គឺយើងចង់ចាប់ផ្ដើម ១១នាក់ និងបញ្ចប់នៅ ១១នាក់ ក៏ប៉ុន្ដែអត់ដូចអ្វីដែលយើងរំពឹងទុក ដោយយើងបានបញ្ចប់ ដោយសល់គ្នាត្រឹមតែ ៩នាក់» ។
បន្ថែមលើនេះ លោកបានចាត់ទុកនេះគឺជាបទពិសោធន៍មួយ សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ក្នុងការលេងជាមួយក្រុម ដែលកីឡាករមានកាយសម្បទាធំៗ ដ្បិតសូម្បីខ្សែការពារលំដាប់របស់ក្រុមគោព្រៃ ដូចជា Takaki Ose និង កាន់ ម៉ូ ជាដើម ក៏បិទមិនជាប់ដែរ ។ នេះជាបទពិសោធន៍មួយ ដែលលោកនឹងត្រូវធ្វើការកែប្រែ ដើម្បីពង្រឹងក្រុមត្រៀមការប្រកួតក្រោយៗទៀត ។
គ្រូបង្វឹកជនជាតិជប៉ុនដដែលបន្ដថា ចំពោះការប្រកួតលោកសង្កេតឃើញ តង់ទី២ ក្រុមធ្វើបានល្អប្រសើរជាង តង់ទី១ បន្ទាប់ពី Yudai Ogawa ទទួលកាតក្រហម នៅនាទី៤៣ រហូតអាចរកបានគ្រាប់បាល់ ១គ្រាប់ (ដោយកីឡាករ Nick Taylor នៅនាទី៥៧) តែសោកស្ដាយកម្ពុជាបានបាត់បង់សមាជិកម្នាក់ទៀត គឺកីឡាករ Andres Nieto ដែលទទួលកាតក្រហម នៅចុងវគ្គទី២ ធ្វើឲ្យកម្ពុជាកាន់តែពិបាកស្វែងរកគ្រាប់បាល់ ។
លោក Koji បានសង្កត់ធ្ងន់ថា «សម្រាប់ខ្ញុំ ខ្ញុំយល់ឃើញថា ការប្រកួតនេះ ជាការប្រកួតធ្វើឲ្យខ្ញុំមានការសោកស្ដាយបំផុត ដោយខ្ញុំធ្លាប់ដឹកនាំក្រុមជម្រើសជាតិ តាំងពី U16 U17 U18 U19 និង U20 មក គឺអត់ដែលសោកស្ដាយដូចការប្រកួតមួយនេះទេ ។ ការប្រកួតបន្ទាប់ទៀត ខ្ញុំនឹងព្យាយាមប្រឹងពង្រឹងក្រុមបន្ថែមទៀត ដើម្បីទទួលបាននូវលទ្ធផលល្អឲ្យអ្នកគាំទ្រពេញចិត្ត» ។
ចំពោះអ្វីដែលលោកសោកស្ដាយបំផុត លោកបានបញ្ជាក់ថា «ខ្ញុំសោកស្ដាយទី១ ការប្រកួតហ្នឹង មើលទៅយើងគ្រប់គ្រងបាល់ច្រើនពិតមែន តែវាអាចចូលតាក់ទិចលេងរបស់គេ មានន័យថា គេចាំតែយកបាល់ទៅ គេវាយបកមកវិញ នេះជាអ្វីដែលយើងសោកស្ដាយ ។ សោយស្ដាយទី២ គឺយើងចាញ់ការប្រកួតនេះ និងសោកស្ដាយទី៣ កីឡាករយើងទទួលបានកាតក្រហម រហូតដល់ ២នាក់ ។ នេះជាការសោកស្ដាយបំផុត» ។
ទាក់ទងនឹងកំណត់ត្រាដ៏អាក្រក់ ដែលមានកីឡាករ ២រូបទទួលកាតក្រហមក្នុងមួយប្រកួតនេះដែរ ក្នុងនាមគ្រូបង្វឹកលោក Koji ថា នឹងមានការណែនាំដល់កូនក្រុមបន្ថែម ក្នុងនាមមនុស្សធំ ត្រូវស្វែងយល់ពីផលប៉ះពាល់ដល់ក្រុម ដែលកើតចេញពីការឆេវឆាយមួយពេល ។ លោកសង្ឃឹមថា កូនក្រុមនឹងទទួលស្គាល់ ក៏ដូចជាយល់ពីបញ្ហានេះ ដើម្បីចៀសវាងនូវការប៉ះពាល់ដល់ក្រុមនាការប្រកួតក្រោយៗទៀត ៕