(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៉ីរ៉ង់ បានចូលរួមជាមួយសាម៉ូរៃខៀវជប៉ុន ដើម្បីលេងតំណាងឱ្យក្រុមចេញពីទ្វីបអាស៊ី (AFC) នៅព្រឹត្តិការណ៍ World Cup នាឆ្នាំក្រោយ និងជាលើកទី៧ របស់ពួកគេផងដែរ ដែលបង្ហាញខ្លួនក្នុងកម្មវិធីពិភពលោកនេះ។

ពីគេហទំព័រកីឡា AP បានចេញផ្សាយនៅថ្ងៃនេះថា ការបញ្ចប់ក្នុងលទ្ធផល ២-២ ទល់នឹងអ៊ូសបេគីស្ថាននាថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ បានញាំងឱ្យក្រុមខ្លាំងប្រចាំតំបន់មជ្ឈិមបូព៌ាមួយនេះ ទទួលបានកៅអីស្វ័យប្រវត្តិ ក្នុងការហោះទៅអាមេរិក មិចស៊ិក និងកាណាដា ដើម្បីលេងវគ្គចែកពូល ៤៨ក្រុម។

ខ្សែប្រយុទ្ធមកពីក្លិប Inter Milan កីឡាករ Mehdi Taremi រកបាន ២គ្រាប់ម្នាក់ឯង ក្នុងប្រកួតដែលត្រូវបានធ្វើឡើងនៅទីក្រុង Tehran ដោយឈរកំពូលតារាងនៃពូល A ក្នុងការឡើងទៅលេង World Cup ៤សម័យកាលចុងក្រោយជាប់ៗគ្នាផងដែរ គ្រាដែលរដ្ឋបាលនៅអាស៊ីមួយនេះ កំពុងមានភាពតានតឹងជាមួយប្រទេសសហម្ចាស់ផ្ទះអាមេរិក ពាក់ព័ន្ធទៅនឹងសកម្មប្រយុទ្ធ Houthi ដែរនោះ។

គួរបញ្ជាក់ផងថា គិតត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នេះ FIFA រកបាន ៤ក្រុម (ប្រទេស) ដែលបានឆ្លងកាត់វគ្គជម្រុះប្រចាំតំបន់រួមមាន ជប៉ុន ណូវែលហ្សេឡង់ អ៉ីរ៉ង់ និងក្រុមការពារតំណែងជើងឯក អាហ្សង់ទីន ក្រៅពីអាមេរិក មិចស៊ិក និងកាណាដា ទទួលបានកៅអីស្វ័យ ក្នុងនាមប្រទេសម្ចាស់ផ្ទះ៕