(សៀមរាប)៖ ទិវារត់កម្សាន្តអបអរសាទរសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ នៅរមណីយដ្ឋានអង្គរ ដែលរៀបចំដោយលេខាធិការដ្ឋានជាតិកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រព្រឹត្តទៅដោយជោគជ័យ កាលពីចុងសប្ដាហ៍កន្លងទៅ និងរៃអង្គាសថវិកាជាង ៧ពាន់ដុល្លារ សម្រាប់ជួយទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា។
កម្មវិធីនេះ ធ្វើឡើងក្រោមវត្តមានលោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) និងលោក មាស គឹមហេង រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រិតបត្តិការអន្ដរជាតិ និងជាប្រធានលេខាធិការដ្ឋានជាតិកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង(NSC-MLC) ព្រមទាំងអគ្គរាជ/រដ្ឋទូត និងតំណាងស្ថានទូតនៃបណ្តាប្រទេសមេគង្គ-ឡាងឆាង ក្រសួង/ស្ថាប័ន ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរជាតិអប្សារា ភ្ញៀវកិត្តិយសនានា និងសារធាណជនសរុបប្រមាណ ៥០០នាក់ ។
លោក មាស គឹមហេង បានបញ្ជាក់ថា កម្មវិធីនេះ រៀបចំឡើងដើម្បីអបអរសាទរ «ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង» ក្នុងឱកាសគម្រប់ខួប ៩ឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង តាមរយៈការរៀបចំកម្មវិធី រាត្រីវប្បធម៌ និងពិព័រណ៍រូបថត ព្រមទាំងទិវារត់កម្សាន្ដជាដើម ដើម្បីធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក៏ដូចជាឆ្លុះបញ្ចាំងពីសមិទ្ធិផលសំខាន់ៗនៃភាពជាដៃគូរប្រកបដោយបរិយាបន្នក្នុងក្របខ័ណ្ឌ ក៏ដូចជាពង្រឹងទំនាក់ទំនងប្រជាជនរវាងប្រជាជន តាមរយៈការលើកកម្ពស់មិត្តភាព សាមគ្គីភាព និងកីឡា។
លោកបន្ដថា ព្រឹត្តិការណ៍នេះ បានគូសបញ្ជាក់ពីតួនាទីដ៏មានសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងការរួមចំណែកដល់ការតភ្ជាប់ក្នុងតំបន់ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្ន ដើម្បីអនាគតរុងរឿងរួមគ្នានៃប្រទេសជាសមាជិកមេគង្គ-ឡានឆាងទាំងអស់។
លើសពីនេះទៅទៀត តាមរយៈទិវារត់កម្សាន្ដចម្ងាយ ៥គីឡូម៉ែត្រនេះដែរ ក៏បានផ្សារភ្ជាប់នូវសកម្មភាពមនុស្សធម៌ ជាមួយការរៃអង្គាសថវិកាដើម្បីជួយទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការព្យាបាល និងថែទាំសុខភាពកុមារកម្ពុជាទូទាំងប្រទេស ជាក់ស្ដែងទិវានេះ បានរៃអង្គាសបានថវិកាសរុបចំនួន ៧,៦៨២ដុល្លារ ដែលជាការចូលរួមដោយស្ម័គ្រចិត្តពីសាធារណៈជន ក្រសួង-ស្ថាប័នពាក់ព័ន្ធ ស្ថានទូតនៃបណ្តាសមាជិកមេគង្គ-ឡានឆាង ភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមនិងពីលេខាធិការដ្ឋានជាតិកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្រាប់ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបម្រើដល់សេវាថែទាំសុខភាពកុមារផងដែរ៕