(បរទេស)៖ ក្រុមហ៊ុនផលិតកុំព្យូទ័រលំដាប់ខ្នាតយក្ស Dell បានឱ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា កម្លាំងការងាររបស់ខ្លួនបានធ្លាក់ចុះ ១០% នៅក្នុងឆ្នាំ២០២៥ ខណៈបញ្ជាក់ពីការប្តេជ្ញាចិត្តចំពោះភាពចម្រុះ និងការរួមបញ្ចូល។ គិតត្រឹមថ្ងៃទី៣១ ខែមករា ក្រុមហ៊ុនមានបុគ្គលិកប្រហែល ១០៨.០០០នាក់ ធា្លក់ចុះពីចំនួនដើមប្រហែល ១២០.០០០នាក់កាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។
ការកាត់បន្ថយនេះ ត្រូវបានគេរាយការណ៍មកថាគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ Dell ដើម្បីគ្រប់គ្រងការចំណាយ រួមទាំងការកំណត់ការជួលខាងក្រៅ និងការរៀបចំរចនាសម្ព័ន្ធកម្លាំងការងាររបស់ខ្លួនឡើងវិញ ចំពេលមានការប្រកួតប្រជែងខ្លាំងនៅក្នុងទីផ្សារម៉ាស៊ីនមេ AI។ ទោះបីជាមានការកាត់បន្ថយកម្លាំងការងារក៏ដោយ ក៏ក្រុមហ៊ុន Dell បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះភាពចម្រុះ និងការរួមបញ្ចូល ដោយអះអាងថា «យើងប្តេជ្ញាផ្តល់ឱកាសការងារស្មើៗគ្នា និងបន្តអនុវត្តគោលនយោបាយរួមបញ្ចូលដែលអាចឱ្យក្រុមហ៊ុន Dell Technologies សម្រេចបាននូវគោលដៅទាំងនេះ»។
យ៉ាងណា ទាក់ទិននឹងការបញ្ឈប់បុគ្គលិកជាបន្តបន្ទាប់នេះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានហៅគំនិតផ្តួចផ្តើមនៃភាពចម្រុះ សមធម៌ និងការដាក់បញ្ជូលគ្នា (ហៅកាត់ DEI) នេះថាជាការរើសអើង ហើយបានស្នើឱ្យក្រសួងយុត្តិធម៌ស៊ើបអង្កេតប្រសិនបើការធ្វើបែបនេះបំពានច្បាប់។
គួរជម្រាបថា ក្រុមហ៊ុន Dell ក៏បានរាយការណ៍ពីការធ្លាក់ចុះប្រហែល ៥% នៅក្នុងកម្លាំងការងាររបស់ខ្លួនក្នុងឆ្នាំ២០២៤ ផងដែរ៕