(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា សហការជាមួយ UN Women ផ្សារមូលបត្រកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ បានរៀបចំកម្មវិធី «បន្លឺសំឡេងកណ្តឹង ដើម្បីសមភាពយេនឌ័រ សម្រាប់ស្ត្រី និងយុវតីទាំងអស់៖ សិទ្ធិ សមភាព បង្កើនភាពអង់អាច» ដើម្បីអបអរសាទរទិវាអន្តរជាតិនារី និងជំរុញសកម្មភាពឆ្ពោះទៅរកសមភាពយេនឌ័រ។
កម្មវិធីនេះដែរ ដោយមានការអញ្ជើញចូលរួមពី លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) លោក ហុង សុហួរ អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា លោកស្រី ម៉ារ អមរា ប្រធាននាយកប្រតិបត្តិស្ដីទី នៃធនាគារ អេស៊ីលីដា ភីអិលស៊ី លោក Bae Heungsoo នាយកប្រតិបត្តិ នៃផ្សារមូលបត្រកម្ពុជា ព្រមទាំងថ្នាក់ដឹងនាំស្ថាប័ន ក្រុមការងារ ភ្ញៀវជាតិ និងអន្ដរជាតិជាច្រើននាក់។
ក្នុងឱកាសនេះដែរ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានថ្លែងថា ការបន្លឺសម្លេងនេះ គ្រាន់តែជាការតាំងចិត្ដថា រួមគ្នាដើម្បីឱ្យសមភាពយេនឌ័រ កាន់តែមានភាពរឹងមាំ កាន់តែសើរឡើងនៅក្នុងប្រទេសកម្ពុជា ហើយវិស័យមូលបត្រ គឺជាវិស័យមួយ ទោះបីយើងចាប់ផ្ដើមបន្ដិចម្ដងៗ មានន័យថា យើងដើរមិនចេញពីគោលនយោបាយលើការលើកកម្ពស់សមភាពយេនឌ័រនោះទេ។
លោក ស៊ូ សុជាតិ បានថ្លែងបន្ដថា សម្រាប់តែវិស័យមូលបត្រតែមួយ គ្រាន់តែអ្នកបើកគណនីជួញដូរខ្ទង់ ៣៨% ជាស្រ្ដី ហើយនិងរៀបចំដាក់ចេញនូវវិធានការ ផ្សេងៗ ក្នុងការផ្ដល់ឱកាសដល់ស្រ្ដី អាចចូលរួមបានទាំងការងារធុរកិច្ច ការងារប្រតិបត្ដិការក្នុងក្រុមហ៊ុន ដែលពាក់ព័ន្ធក្នុងវិស័យមូលបត្រក៏ដូច វិនិយោគគិនជាស្រ្ដី ហើយអាចនិងរៀបចំផលិតផលពិសេសមួយសម្រាប់ផ្នែក សមភាពយេនឌ័របន្ថែមទៀត។ ជាកស្ដែកក្នុងផ្នែក និយ័តករមូលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា មានការចូលរួមរបស់ស្ដ្រីទាំងគ្រប់កម្រិតទាំងអស់ ប៉ុន្ដែអ្វីដែលសំខាន់ គឺយើងរៀបចំយន្ដការឱ្យកាន់តែទូលំទូលាយដើម្បីឱ្យការចូលរួមកាន់តែល្អ។ ព្រឹត្ដិការណ៍ថ្ងៃនេះ គឺជាព្រឹត្ដិការណ៍ដែលល្អ ជាសាកលតែម្ដង ដែលគ្រប់ប្រទេសទាំងអស់ដែលគេបន្លឺសំឡេងកណ្តឹង រួមគ្នាដើម្បីបញ្ជាក់ថា មិនមានការរើសអើងទេ សម្រាប់ស្ដ្រីនៅក្នុងផ្នែកធុរកិច្ចទាំងអស់។
បន្ថែមពីនេះ លោក ស៊ូ សុជាតិ បានបន្ដថា ផ្សារមួយចំនួន ដែលមានភាពរីកចម្រើនខ្លាំងបានរៀបចំអភិក្រមល្អ នៅក្នុងនោះ គេកំណត់យកក្រុមប្រឹក្សាភិបាលនីមួយៗ ត្រូវមានស្ដ្រីប៉ុន្មានភាគរយ ហើយនេះគឺជាអ្វីដែលយើងនឹងដើរតាមវិថីនិងបន្ដិចម្ដងៗ ដើម្បីពង្រឹងការចូលរួមរបស់ស្ដ្រី នេះគឺជាអភិក្រមផ្នែកអភិបាលសាជីវកម្មជាសាកលតែម្ដង។
ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រី ម៉ារ អមរា ប្រធាននាយកប្រតិបត្តិស្ដីទី នៃធនាគារ អេស៊ីលីដា ភីអិលស៊ី បានលើកឡើងថា ធនាគារ អេស៊ីលីដា មានសេចក្ដីសាទរយ៉ាងខ្លាំង ដែលជាឱកាសមួយនៅក្នុងទីផ្សារមូលបត្រ អាជ្ញាធរ UN ដែលបានជ្រើសរើសទីតាំងរបស់ ធនាគារ អេស៊ីលីដា ហើយធនាគារ អេស៊ីលីដា រីករាយនៅក្នុងការទទួលរៀបចំនៅពេលនេះ។
លោកស្រី ម៉ារ អមរា បានបន្ដថា ជាការពិតចំពោះការអនុវត្ដកន្លងមក បើយើងមើលពីថ្នាក់កម្រិតខ្ពស់ គឺមាន៥០% ដែលជាស្រ្ដី គឺ ស្រ្ដី៤នាក់ និងបុរស៤នាក់ ស្មើ៥០% ហើយបើនៅក្នុងលំដាប់ថ្នាក់ជានាយកដ្ឋាន ការរិយាល័យ មានរហូតដល់១៨% ក្នុងថ្នាក់ជានាយកមាន២៥% នៅតាមសាខាមានចំនួន២៦៥សាខា ជាស្ដ្រី។ បើក្រឡែកមើលអតិថិជនរបស់ អេស៊ីលីដា ផ្ទាល់មានអាខោនជិត៦០%ជាស្ដ្រី បើអតិថិជនដែលជាការផ្ដល់ឥណទានប្រហែលជា៥១%ជាស្ដ្រី ហើយបើគិតជាទឹកលុយខុសគ្នាប្រហែលធំជាង៤០% អតិថិជនសន្សំ៤០% អ្វីដែលបង្ហាញថា អេស៊ីលីដា គឺមានបរិយាកាសមួយ ផ្ដល់ជូននូវស្ដ្រី អ្នកធ្វើការ ស្រ្ដីជាអតិថិជនមានភាពងាយស្រួលក្នុងការប្រើប្រាស់ អេស៊ីលីដា អេប ដែលហៅថា ស៊ូភើអេប គាត់អាចធ្វើនៅផ្ទះ មើលថែកូន ធ្វើម្ហូប អាចលក់អ្វីបាននៅផ្ទះ អាចមើលរបាយការណ៍គ្រប់គ្រងហិរញ្ញវត្ថុតាមរយៈ App មានភាពងាយស្រួល។
លោកស្រី ម៉ារ អមរា បានបន្ដទៀតថា ភាគរយៈ គឺឃើញច្រើនជាង៥០% ជាស្ដ្រី ទាំងឥណទាន ទាំងអតិថិជនសន្សំ ហើយបុគ្គលិកទាំងទីកន្លែង បរិយាកាសក្នុងគោលនយោបាយនីតិវិធី គឺបង្ករលក្ខណៈឱ្យស្ដ្រីមានសិទ្ធិស្មើនិងបុរស នៅពេលដែលស្ដ្រីមានសមត្ថភាព មានបទពិសោធន៍ មានការលើកទឹកចិត្ដធ្វើឱ្យមាននានាភាព ក្នុងការប្រតិបត្ដិមានស្ដ្រី និងបុរស ដែលមានសិទ្ធស្មើគ្នា ទាំងការផ្ដល់នូវប្រាក់បៀវត្ស ក៏ដូចជាការងារមិនមានភាពរើសអើងថា ស្ដ្រីធ្វើការប៉ុណ្ណោះ ផ្ដល់លុយប៉ុណ្ណោះ ប្រាក់បៀវត្សប៉ុណ្ណោះអត់ទេ គឺស្មើគ្នា រវាងបុរស និងស្រ្ដី ដោយផ្អែកលើចំណេះដឹង បទពិសោធន៍ការងារដែលបម្រើផ្ទាល់។