(សៀមរាប)៖ ក្រុមហ៊ុន លី ហួរ គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធដទៃទៀត តំណាងដោយ អ្នកឧកញ៉ា សេង វិសាល និងលោកជំទាវ លី សុភារី ព្រមទាំងបុត្រាបុត្រី និង ឧកញ៉ា លី សុវណ្ណតារា ព្រមទាំងក្រុមគ្រួសារ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បាននាំយកថវិកាចំនួន ១០០,០០០,០០០រៀល ប្រគល់ជូនគណៈគ្រប់គ្រងមន្ទីរពេទ្យកុមារអង្គរ។
នេះគឺដើម្បីបន្តគាំទ្រ និងទ្រទ្រង់សេវាសុខាភិបាល ដែលថវិកាទាំងនេះ ប្រមូលពីអ្នកចូលរួមប្រមាណជិត ២ពាន់នាក់ និងបំពេញបង្រ្គប់ ដោយលោកអ្នកឧកញ៉ា លី ហួរ និងលោកជំទាវអ្នកឧកញ៉ា ស៊ាង លីម ក្នុងកម្មវិធី «ដើររួមគ្នាបង្ហាញក្តីស្រលាញ់សម្រាប់កុមារ និងគាំទ្រសកម្មភាពសប្បុរសធម៌» ប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នៅទីតាំងចំណុចវិថីលោកអ្នកឧកញ៉ា លី ហួរ «៧៧៧» ក្នុងបុរី វិមានភ្នំពេញ គម្រោងទី១២ ឌឹ សេនត្រល ខាប់ភីថល ស្ថិតក្នុង សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ឆ្លៀតឱកាសនេះ អ្នកឧកញ៉ា សេង វិសាល និងលោកជំទាវ លី សុភារី បានថ្លែងកោតសរសើរអស់ពីដួងចិត្តចំពោះការលះបង់កម្លាំងកាយចិត្តរបស់ លោកគ្រូ អ្នកគ្រូពេទ្យបម្រើការងារ ក្នុងមន្ទីរពេទ្យកុមារអង្គរ ដែលជួយសង្គ្រោះជីវិតកុមារកម្ពុជា ជារៀងរាល់ថ្ងៃ ដែលជាការចូលរួមយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យសុខាភិបាល។
ទន្ទឹមនឹងនេះ គណៈគ្រប់គ្រងមន្ទីរពេទ្យកុមារអង្គរ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកឧកញ៉ា និងលោកជំទាវ ក៏ដូចជាក្រុមហ៊ុន លី ហួរ គ្រុប ព្រមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលបានរៀបចំកម្មវិធីសប្បុរសធម៌នេះឡើង ជាកិច្ចការជួយសង្គម ជាពិសេសជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលមានកុមារសម្រាកព្យាបាលរាប់លាននាក់ និងមានកុមារចន្លោះពី ៣០០ ទៅ៤០០នាក់មកព្យាបាលជារៀងរាល់ថ្ងៃ។
សូមជម្រាបផងដែរថា នេះជាលើកទី២ ដែលក្រុមហ៊ុន លី ហួរ គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធ បានរៀបចំកម្មវិធីសប្បុរសធម៌នេះឡើង និងបន្តរៀបចំជាបន្តបន្ទាប់ទៀត៕