(ហ្សាការតា)៖ សេរីទូរសព្ទ iPhone 16 របស់ក្រុមហ៊ុនអាមេរិក Apple នឹងអាចលក់បាន ក្នុងប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១១ ខែមេសាខាងមុខ, នេះបើតាមក្រុមហ៊ុនបានឱ្យដឹងនៅថ្ងៃពុធ បន្ទាប់ពីរដ្ឋធានី Jakarta បានដកការហាមឃាត់ការលក់របស់ក្រុមហ៊ុន ក្រោយពីមានគម្រោងវិនិយោគជាង៣០០លានដុល្លារ របស់ Apple។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។

ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានអត្រាប្រជាជន ប្រមាណ២៨០លាននាក់នេះ បានហាមឃាត់ការលក់ទូរសព្ទ iPhone 16 កាលពីឆ្នាំមុន ដោយសារក្រុមហ៊ុន មិនបំពេញតាមតម្រូវការសមាសភាព សម្រាប់គ្រឿងបន្លាស់ដែលត្រូវផលិតឡើងក្នុងស្រុក។

គួររំលឹកថា​ ឥណ្ឌូនេស៊ី តម្រូវឱ្យស្មាតហ្វូនមួយចំនួន ដែលលក់ក្នុងប្រទេសរបស់ខ្លួន មានយ៉ាងហោចណាស់ ៤០ភាគរយ នៃគ្រឿងបន្លាស់ ដែលផលិតក្នុងស្រុក ហើយ iPhone 16 មិនបានបំពេញតាមតម្រូវការនេះនោះទេ៕