(ឡុងដ៍)៖ ក្លិបបាល់ទាត់អាជីពរបស់អង់គ្លេស Chelsea និង Manchester City នឹងទទួលបានប្រាក់ឧបត្ថម្ភប្រមាណ ៩៧លានផោន ស្មើនឹង ១២៥លានដុល្លារអាមេរិក ពីការបញ្ជូនកីឡាកររបស់ពួកគេទៅលេងក្នុងកម្មវិធី Club World Cup 2025 នៅសហរដ្ឋអាមេរិក ដែលត្រូវបានរៀបចំឡើងដោយ FIFA។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានត្រៀមកញ្ចប់ទឹកប្រាក់ ៧៧៥លានផោន ក្នុងនោះដែរមានចំនួន ៤០៧លានផោន សម្រាប់ចែកជូនដល់បណ្តាក្លិបទាំង ៣២ក្រុមដែលចូលរូម និង ៣៦៨លានផោនផ្សេងទៀត ដើម្បីធ្វើជាប្រាក់រង្វាន់ និងរៀបចំការប្រកួត។

នេះជាចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មាន ដើម្បីចំណាយក្នុងការប្រកួតតែជិត ១ខែ បើប្រៀបធៀបទៅនឹងប្រាក់រង្វាន់នៅ Premier League រដូវកាលមុន ទទួលបានតែ ១៧៥លានផោន សម្រាប់មេឃខៀវ Man City ដែលជាជើងឯក និង Sheffield United បញ្ចប់ក្នុងចំណាត់ថ្នាក់បាតតារាង ទទួលបាន ១០៩.៧លានផោន ពីការប្រកួតប្រជែងពេញ ១រដូវកាល។

ជាការកត់សម្គាល់ផងដែរ ប្រាក់ឧបត្ថម្ភនេះពុំមានភាពស្មើគ្នានោះទេ។ FIFA អនុលោមទៅតាមតារាងចំណាត់ថ្នាក់នៃក្លិបនីមួយៗ និងផ្អែកទីផ្សារបាល់ទាត់ជាដើម នោះមានន័យថា បណ្តាក្លិបនៅអឺរ៉ុប ទទួលបានច្រើនជាងគេបើធៀបនឹងក្លិបផ្សេងៗទៀតមកពីទ្វីបដទៃ៕