(បរទេស)៖ បើកាលណាគេនិយាយពីបាល់ទាត់ជម្រើសជាតិប្រេស៊ីល នោះគេនឹងនឹកឃើញដល់អតីតវីរបុរស Pele ដែលបានជ្រោមជ្រែងក្រុមសាំបាមួយនេះឈ្នះ World Cup ៣លើក និងជាម្ចាស់ជើងឯកពានធំលំដាប់កំពូលមួយនេះ ៥សម័យកាលច្រើនជាងគេផងដែរ។

ក្រុមស្ថិតនៅតំបន់អាមេរិកឡាទីនមួយនេះ យកបាន World Cup ២លើក ក្នុងចំណោម ៣កម្មវិធី ពោលគឺនៅឆ្នាំ១៩៩៤ និងឆ្នាំ២០០២។

ក៏ប៉ុន្តែ World Cup ៥សម័យកាលចុងក្រោយ បន្ទាប់ពីយកឈ្នះក្រុមអឺរ៉ុប ឥន្រ្ទីដែកអាល្លឺម៉ង់នៃវគ្គផ្តាច់ព្រ័ត្រ ឆ្នាំ២០០២ រួចមក ពួកគេមិនឆ្លងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រម្តងណាឡើយ អស់ណាស់ត្រឹមវគ្គ ៨ក្រុមដែលបានចាញ់ក្រូអាតដោយបាល់ ១១ម៉ែត្រកាត់សេចក្តីនាអំឡុងខែធ្នូ ឆ្នាំ២០២២ នៅប្រទេសកាតា។

ប្រេស៊ីល បានរងបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះអាហ្សង់ទីន ៤-១ នាព្រឹកថ្ងៃពុធម្សិលមិញ (ម៉ោងនៅកម្ពុជា) វាជាការចាញ់ច្រើនគ្រាប់លើកដំបូងរបស់ពួកគេ ពីការលេងជម្រុះ World Cup នាពេលថ្មីៗនេះ។

វាអាចបង្កជាការព្រួយបារម្ភផងដែរសម្រាប់ប្រេស៊ីល ក្នុងការប្រជែងកៅអីទៅ World Cup លើកទី២៣ ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ខណៈនៅសល់ ៤ប្រកួតទៀតប៉ុណ្ណោះ។

ប្រេស៊ីល មាន ៦ពិន្ទុដាច់ពីលើវេណេហ្សុយអេឡា ក្នុងចំណោម ៦កៅអីស្វ័យប្រវត្តិទៅ World Cup នាឆ្នាំក្រោយនេះ ស្របពេលវេណេហ្សុយអេឡា ទើបតែរកបានជ័យលើកដំបូងនៃវគ្គជម្រុះនេះ ក្នុងចំណោម ១០ប្រកួតចុងក្រោយរបស់ពួកគេ។

ការបរាជ័យ ៤-១ សម្រាប់ជើងទី២ ក្រោមថ្វីជើងរបស់ក្រុមការពារតំណែងជើងឯកអាហ្សង់ទីន ជាការកត់សម្គាល់របស់ BBC បានបង្ហាញថា ពួកគេ (ប្រេស៊ីល) គ្មានកីឡាករលេងនៅតំបន់បម្រើ រួមទាំងប្រយុទ្ធ និងការពារថែមទៀត ដែលធ្វើឱ្យកៅអីគ្រូបង្វឹកបច្ចុប្បន្ន លោក Dorival Junior កំពុងឡើងកំដៅផងដែរ ក្រោយដឹកនាំលេងចាញ់អាហ្សង់ទីនទាំង ២ជើងនៃវគ្គជម្រុះនេះ៕