(បរទេស)៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានឱ្យដឹងថា សម្រាប់ម្ចាស់ជើងឯកពានរង្វាន់ FIFA Club World Cup 2025 នឹងទទួលបានទឹកប្រាក់រង្វាន់រហូតដល់ ១២៥លានដុល្លារ បន្ទាបពីបានត្រៀមទឹកប្រាក់សរុបប្រមាណ ១ពាន់លានដុលល្លារសម្រាប់ព្រឹត្តិការណ៍នេះ ។
ប្រធាន FIFA លោក Gianni Infantino បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «FIFA នឹងមិនរក្សាទុកមូលនិធិណាមួយសម្រាប់ការប្រកួតនេះទេ ដោយប្រាក់ចំណូលទាំងអស់នឹងត្រូវបានចែកចាយទៅឱ្យក្លិបបាល់ទាត់ ហើយក៏មិនប៉ះពាល់ដល់ទុនបំរុងរបស់ FIFA នោះទេ ដែលត្រូវបានរក្សាទុកសម្រាប់ការអភិវឌ្ឍបាល់ទាត់ពិភពលោក តាមរយៈសមាគមសមាជិក FIFA 211» ។
ក្នុងនោះ ប្រហែលពាក់កណ្តាលនៃទឹកប្រាក់សរុបចំនួន ១ពាន់លានដុល្លារ នឹងត្រូវបែងចែកទៅកាន់ក្លិបទាំង៣២ ដែលក្លិបអាចទទួលបានទៅតាមការវិនិច្ឆ័យ និងសិទ្ធពាណិជ្ជកម្ម មានន័យថាដូចជាក្លិប Manchester City និង Real Madrid អាចនឹងទទួលបានភាគរយច្រើនជាងក្លិបផ្សេងៗ ទៅតាមការរៀបចំដោយ FIFA ដែលត្រូវបានបង្កើតឡើងដោយសមាគមក្លិបតំបន់អឺរ៉ុប ។
សម្រាប់ព្រឹត្តិការណ៍ FIFA Club World Cup 2025 នឹងរៀបលេងពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា ស្ថិតក្នុងទម្រង់លេងថ្មីចំនួន ៣២ក្លិបមកពី ៦តំបន់ ដែលរៀបចំនៅសហរដ្ឋអាមេរិក ៕