(បរទេស)៖ អ្នកវិភាគ TD Cowen បានរាយការណ៍មកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft គ្រោងដកខ្លួនចេញពីមជ្ឈមណ្ឌលទិន្នន័យបន្ថែមទៀតនៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុប។ ខណៈការសម្រេចចិត្តនេះ ពាក់ព័ន្ធនឹងការបោះបង់ចោលគម្រោងដែលនឹងប្រើប្រាស់ថាមពលអគ្គិសនីប្រហែល ២ ជីហ្គាវ៉ាត់ជាចម្បង ដោយសារតែការផ្គត់ផ្គង់លើសចំណុះនៃមជ្ឈមណ្ឌលទិន្នន័យទាក់ទងទៅនឹងការព្យាករណ៍តម្រូវការបច្ចុប្បន្ន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។
ក្រុមអ្នកវិភាគដែលដឹកនាំដោយលោក Michael Elias បាននិយាយនៅក្នុងកំណត់ត្រាមួយថា ការដកខ្លួនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សពីការជួលសមត្ថភាពថ្មីនេះ ភាគច្រើនត្រូវបានដឹកនាំដោយការសម្រេចចិត្តមិនគាំទ្របន្ទុកបណ្តុះបណ្តាលបន្ថែមពីអ្នកបង្កើត ChatGPT គឺក្រុមហ៊ុន OpenAI។ ការដកថយនេះ ក៏ត្រូវបានគេមើលឃើញថាបណ្តាលមកពីការកើនឡើងនៃបច្ចេកវិទ្យា AI របស់ចិន DeepSeek ផងដែរ ខណៈវាចេញមកមានតម្លៃទាបជាងបើធៀបនឹងបច្ចេកវិទ្យាអាមេរិក។
ប្រភពពី TD Cowen ដដែលបានឱ្យដឹងទៀតថា ការសម្រេចបោះបង់ជាបន្តបន្ទាប់របស់ Microsoft បាននាំឱ្យក្រុមហ៊ុនមេរបស់ Google គឺ Alphabet ឈានជើងចូលដើម្បីបំពេញសមត្ថភាពនៅក្នុងទីផ្សារអន្តរជាតិ ខណៈដែល Meta Platforms ក៏បានធ្វើដូចគ្នានៅសហរដ្ឋអាមេរិកផងដែរ។
គួរជម្រាបថា គិតត្រឹមខែកុម្ភៈ Microsoft បានលុបចោលការជួលមជ្ឈមណ្ឌលទិន្នន័យសរុបមានចំនួន ២០០មេហ្គាវ៉ាត់នៅសហរដ្ឋអាមេរិក ហើយតាមការប្រកាសថ្មីៗនេះបានបោះបង់ចោលគម្រោងដែលមានតម្លៃរហូតដល់ ២ ជីហ្គាវ៉ាត់នៅទូទាំងសហរដ្ឋអាមេរិក និងអឺរ៉ុបបន្ថែមទៀត៕