(ភ្នំពេញ)៖ ជាលទ្ធផលនៃការចាប់ពូលវគ្គជម្រុះក្នុងពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers របស់ក្រុមជម្រើសជាតិនារីកម្ពុជា គឺបានស្ថិតនៅក្នុងពូល Group G ហើយទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងពូលនេះផងដែរ ។ នេះបើយោងតាមលទ្ធផល នៃការចាប់ឆ្នោតបែងចែកពូល រៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នេះ ។

សម្រាប់លទ្ធផលនៃពូល G ដែលត្រូវប្រកួតនៅទឹកដីកម្ពុជានេះដែរ គឺមាន ៤ក្រុម រួមមានក្រុមជម្រើសជាតិនារីកម្ពុជា, ហ្វីលីពីន, ហុងកុង និងអារ៉ាប់ប៊ីសាអូឌីត ហើយចំពោះពេលវេលាការប្រកួត នឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ នៅរាជធានីភ្នំពេញ ។

ខណៈការលេងវគ្គជម្រុះនេះ ជម្រើសយកតែមួយក្រុមដែលមានពិន្ទុខ្ពស់ជាងគេ ៨ក្រុមប៉ុណ្ណោះតាមពូលនីមួយៗ ដើម្បីឡើងទៅជុំផ្តាច់ព្រ័ត្រ ដោយមានក្រុមម្ចាស់អូស្ត្រាលី, ជប៉ុន, ចិន និងក្រុមនារីកូរ៉េខាងត្បូង ជាក្រុមមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដោយស្វ័យប្រវត្តិ មិនត្រូវឆ្លងកាត់លេងវគ្គជម្រុះ បន្ទាប់ពីក្រុមនាតីចិន ជាជើងឯក, កូរ៉េខាងត្បូង (រងជើងឯក) និងជប៉ុន ជាក្រុមលេខ៣ ឆ្នាំ២០២២ ៕