(ព្រះសីហនុ)៖ នាពេលបច្ចុប្បន្នខេត្តព្រះសីហនុ បាននិងកំពុងមានសន្ទុះឡើងវិញ លើវិស័យទេសចរណ៍ ក៏ដូចជាវិស័យសំខាន់ៗមួយចំនួនទៀត។ វិស័យទេសចរណ៍នេះទៀតសោត ក្រៅពីកន្លែងកំសាន្តតំបន់ឆ្នេរកោះក៏បានបូក បញ្ចូល ទីតាំងនានាដូចជា អាហារដ្ឋាន កន្លែងកំសាន្តបែបមនុស្សពេញវ័យ (Pub, KTV, Club) សុទ្ធតែជាកន្លែងបំពេញតម្រូវការ សប្បាយរំសាយអារម្មណ៍ ក្រោយមានការនឿយហត់ពីការងារ។ បងប្អូនអាចមកជួបជុំក្រុមគ្រួសារ ដែលមកពីទីជិតឆ្ងាយបានទទួលនូវសេវាកម្មទាំងអស់នេះនៅខេត្តព្រះសីហនុ។
ស្របពេលខេត្តព្រះសីហនុជាខេត្ត ក៏ត្រូវបានរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ដាក់ចេញផែនការមេអភិវឌ្ឍន៍ខេត្តជាប់សមុទ្រ ពិសេសខេត្តព្រះសីហនុ ដែលមានសក្ដានុពលខ្លាំងសម្រាប់ជាតិ ហើយបានសម្រេចឱ្យមានការសិក្សា និងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍ និងប្រែក្លាយខេត្តនេះទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណងដែលបានកំណត់នៅក្នុងគោលនយោបាយ ដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ផងដែរ។
ទន្ទឹមនឹងការប្រែមុខមាត់កាន់តែខ្លាំងឡើងនោះ វត្តមានអាហារដ្ឋាន និងភោជនីយដ្ឋាន រួមទាំងក្លឹបកំសាន្តជាច្រើនក៏មានវត្តមានជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែកការផ្តល់ផលប្រយោជន៍ខាងសេដ្ឋកិច្ចមួយចំណែកធំ នៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។
ជាក់ស្តែងនៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះសីហនុ បានជួបសម្ភាសន៍ផ្ទាល់ជាមួយម្ចាស់អាហារដ្ឋានមួយកន្លែងមានឈ្មោះថា «អាហារដ្ឋាន និងខេធីវី ជេភី (JP)» ដែលមាន២នាក់ប្តីប្រពន្ធ គឺលោក នុន ដារ៉ាថារិន្ទ (JENG) និងអ្នកស្រី សេង សុធាវី (POV) ជាម្ចាស់អាជីវកម្មមួយនេះផ្ទាល់តែម្តង។
ជួបជាមួយអ្នកយកព័ត៌មានក្នុងឱកាសនេះ លោក នុន ដារ៉ាថារិន្ទ បានរៀបរាប់ពីការចាប់ផ្តើមថា លោក និងភរិយាសម្រេចចិត្តបើកដំណើរការហាងអាហារ និងខារ៉ាអូខេនេះ គឺក្រោយស្ថានភាពជំងឺកូវីដ១៩ ត្រូវបានស្ងប់ស្ងាត់ទៅវិញ ដោយដំបូងលោករៀបចំឲ្យមានតែសេវាកម្មអាហារ៣ពេល និងបន្ទប់លក្ខណៈគ្រួសារ ២ ទៅ ៣ បន្ទប់តែប៉ុណ្ណោះ។
លោកបានថ្លែងថា ក្រោយបើកដំណើរការសាខាទី១ អាជីវកម្មរបស់លោកកាន់តែមានភាពរលូន ដោយសារតែការរៀបចំសេវាទទួលភ្ញៀវមានភាពរាក់ទាក់តម្លែធូរថ្លៃ កន្លែងមានផាសុខភាព រហូតធ្វើឲ្យលោក និងភរិយា ឈានដល់ការបើកសាខាទី៣ និងទី៥បន្ថែមទៀត។ តាមពិតលោកដាក់ថា «JP5» (សាខាទី៥) តែតាមការពិតមានតែ៣ទីតាំងទេ ព្រោះលោកដាក់សាខាយកលេខសេស មិនយកលេខគូ ហេតុដូច្នេះហើយទើបមិនមាន «JP2» និង «JP4»។
សម្រាប់សាខាទាំង៣កន្លែង រួមមាន៖
* «JP1» នៅខាងកើតរោងចក្រស្រារបៀអង្គរឃ្លាំងលើ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខផ្សារដារាសំណាង
* «JP3» តាមបណ្តោយផ្លូវខ្សែរកាប ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
* «JP5» ដែលទើបបើកដំណើរការនេះ ស្ថិតក្នុងភូមិសាស្ត្រចំការស្ពៃ ជួរផ្លូវកោះតូច សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
សម្រាប់មូលហេតុ និងគោលបំណងដែលដែលធ្វើឲ្យលោក និងប្រពន្ធ ចាប់យករបរអាជីវកម្មមួយនេះ គឺដោយសារបំពេញតម្រូវការនៃការកំសាន្ត ចូលរួមចំណែកលើកស្ទួយវិស័យទេសចរណ៍-សេដ្ឋកិច្ច និងជាពិសេសបានផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរមួយចំនួនផងដែរ។
លោកបានគូសបញ្ជាក់ថា ក្រៅពីផ្តល់សាវាកំសាន្តផ្សេងៗដល់ភ្ញៀវ ក្នុងនាមលោកជាថៅកែសាខាទាំងអស់របស់ «JP» ក៏បានចូលរួមចំណែកក្នុងសង្គម តាមរយៈបង់ពន្ធជូនរដ្ឋ ផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរជាច្រើននាក់ ពោលគឺកាត់បន្ថយការចំណាកស្រុក។
អាហារដ្ឋាន និងខារ៉ាអូខេ «JP5» នេះគឺបំពាក់ឧបករណ៍ទំនប់ៗប្រណិត បន្ទប់បានរៀបចំឡើង ជាមួយក្បាច់រចនាស៊ីវីល័យគ្មានពីរ ក្នុងក្រុងព្រះសីហនុ ជាមួយតម្លៃសមរម្យស្តង់ដាបែបខ្មែរដដែល ដោយបងប្អូនអាចទៅសាកបាន ដើម្បីដឹងច្បាស់ និងមើលឃើញពីភាពប្រណិតល្អឥតខ្ចោះរបស់ទីតាំង «JP5»។
លោក តាំង សុចិត្រគ្រិះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា សម្រាប់ទីតាំងកំសាន្តបែបមនុស្សពេញវ័យនៅខេត្តព្រះសីហនុ មានចំនួន៤៦កន្លែង ក្នុងនោះខារ៉ាអូខេ ចំនួន២៧កន្លែង ឌីស្កូរ៩កន្លែង បៀរហ្គាឌិន១០កន្លែង។ លោកបានបន្តថា «ទីតាំងកំសាន្តទាំងអស់នេះ គឺវាក៏បានដើរតួរយ៉ាងសំខាន់ សម្រាប់តម្រូវការរបស់ភ្ញៀវ»។
ក្នុងនាមប្រធានមន្ទីរ ក៏ជាមន្ត្រីជំនាញ លោកសំណូមពរទៅដល់វិស័យឯកជន និងម្ចាស់ទីតាំងកំសាន្តទាំងអស់ មុនពេលបើកទីតាំងអាជីវកម្មណាមួយ តម្រូវឲ្យមកសុំច្បាប់ជាមុនសិន ពោលគឺមុនពេលសាងសង់ ខាងជំនាញនឹងទៅពិនិត្យកែរតម្រូវ ចៀសវាងមានបញ្ហាប្រឈមចំពោះមុខច្បាប់។
ការសាងសង់សំណង់នេះទៀតសោត លោកណែនាំឲ្យយកចិត្តទុកដាក់ លើគុណភាពមានស្តង់ដា ការគ្រប់គ្រងប្រព័ន្ធសម្លេង ប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ មានការបណ្តុះបណ្តាលបុគ្គលិកផ្នែកទទួលបដិសណ្ឋារកិច្ច ចេះបង្កាការពារពេលមានអាសន្នជាយថាហេតុណាមួយកើតឡើងដើម្បីការពារខ្លួន។
លោកប្រធានមន្ទីរ បានគូសបញ្ជាក់ថា ចំពោះទីតាំងទាំងអស់នេះ មិនត្រូវមានការលួចលាក់បង្កប់ប្រើប្រាស់គ្រឿងញៀន និងជួញដូរផ្លូវភេទ និងសកម្មភាពខុសច្បាប់មួយចំនួនទៀត។ លោកណែនាំឲ្យយកចិត្តទុកដាក់ ការបម្រើសេវាកម្មជូនភ្ញៀវឲ្យបានល្អ ចៀសវាងបាត់បង់អតិថិជន និងបាត់បង់ទំនុកចិត្តពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលែងកំសាន្តនៅខេត្តព្រះសីហនុ៕