(ឡុងដ៍)៖ ខ្សែប្រយុទ្ធស្លាប Bukayo Saka ពុំបានបង្ហាញខ្លួនក្នុងប្រកួតណាមួយឡើយ សម្រាប់ Arsenal នាឆ្នាំ២០២៥ នេះ ដែលអាចបង្ហាញខ្លួនឡើងវិញនាសប្តាហ៍ក្រោយ ពេលកាំភ្លើងធំប៉ះ Fulham ក្នុងលីគ Premier League។
បើយោងតាមការចេញផ្សាយដោយគេហទំព័រ BBC នៅថ្ងៃនេះបានឱ្យដឹងថា កីឡាករវ័យ ២៣ឆ្នាំខាងលើបានអវត្តមានពី Arsenal តាំងពីខែធ្នូ ឆ្នាំ២០២៤ ដោយសារតែបញ្ហារបួសរហែកសាច់ដុំ ឈានដល់ការវះកាត់ ក្នុងប្រកួតដែលបានរួមចំណែកជួយ Arsenal យកឈ្នះម្ចាស់ផ្ទះ Crystal Palace។
Saka បានជាសះស្បើយទៅតាមការគ្រោងទុក និងបានចូលរួមហ្វឹកហាត់ពេញលេញវិញដែរ ដោយត្រូវឆ្លងកាត់ការសម្រេចចិត្តចុងក្រោយ មុនឈានដល់ការប្រកួតនៅរាត្រីថ្ងៃអង្គារមកដល់។
ប្រសិនបើការពន្យារពេលនៅតែបន្ត នោះមានន័យថា ខ្សែប្រយុទ្ធក្នុងក្រុមតោកំណាចអង់គ្លេសរូបនេះ អាចនឹងបង្ហាញខ្លួនបាន ១០០% ពេល Arsenal ប៉ះ Real Madrid វគ្គ ៨ក្រុម UEFA Champions League 2024-25 នៅក្នុងខែមេសាខាងមុខ។
កាលសប្តាហ៍មុន Arsenal ក៏មានបំណងជជែកពីកិច្ចសន្យាថ្មីជាមួយ Saka ទៀតដែរ បន្ថែមលើកិច្ចសន្យាចាស់នៅសល់រយៈពេល ២ឆ្នាំក្នុងកីឡដ្ឋាន Emirates៕