(ឡុងដ៍)៖ ក្របខណ្ឌបាល់ទាត់លីគអាជីពអង់គ្លេស Premier League បានប្រកាសពីការទិញ-ដូរកីឡាករ ២លើកសម្រាប់ក្លិប Chelsea និង Manchester City ដែលពួកគេមានកៅអីលេងនៅព្រឹត្តិការណ៍ FIFA Club World Cup 2025 ដែលមានអាមេរិកធ្វើម្ចាស់ផ្ទះ។
ការទទួលបានសិទ្ធិពិសេសពី FIFA នេះដែរ ក្រុមទាំងពីរដែលកំពុងឈរជើងនៅ Premier League នឹងមានពេលត្រឹម ១២សប្តាហ៍ ក្នុងការទិញ-ដូរកីឡាករនារដូវក្តៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ទីផ្សារទិញ-ដូរកីឡាករដំណាក់កាលទី១ នឹងចាប់បើកទ្វារពីថ្ងៃអាទិត្យ ទី០១ ខែមិថុនា ដល់ថ្ងៃអង្គារ ទី១០ នៃខែដដែល និងដំណាក់កាលទី២ ចាប់ផ្តើមបើកនៅ ៥ថ្ងៃបន្ទាប់ ពោលគឺនៅថ្ងៃចន្ទ ទី១៦ ខែមិថុនា ដល់ថ្ងៃចន្ទ ទី០១ ខែកញ្ញា ឆ្នាំ២០២៥។
ការបន្ថែមនូវទីផ្សារទិញ-ដូរកីឡាករសម្រាប់រដូវកាល ២០២៤-២៥ បន្ទាប់ពី FIFA បានបន្ថែមក្រុមចូលទៅក្នុងកម្មវិធី Club World Cup មានដល់ទៅ ៣២ក្រុមជាលើកដំបូង គ្រាដែលតោខៀវ Chelsea និងមេឃខៀវ Man City ត្រូវលេងក្នុងកម្មវិធីធំ ៤ឆ្នាំម្តងនេះនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥។
FIFA បានផ្តល់ការអនុញ្ញាតដល់បណ្តាក្លិបចុះឈ្មោះកីឡាកររបស់ពួកគេ ដើម្បីលេងនៅ Club World Cup ចំនួន ២លើកផងដែរ ពោលគឺចាប់ពីថ្ងៃទី០១-១០ ខែមិថុនា និងលើកទី២ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ សម្រាប់វគ្គចាញ់-ធ្លាក់ (knockout stage)៕