(ភ្នំពេញ)៖ លោក Dennis Warner ប្រធានស្ថាប័នប្រដាល់សេរីពិភពលោក (WCK) បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ក្នុងកិច្ចសហការរៀបចំព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ-សហរដ្ឋអាមេរិក (KUN KHMER X USA) នៅទឹកដីក្រុងសៀមរាប នាត្រីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នេះ ហើយបានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំក្នុងការចូលរួមផ្សព្វផ្សាយ និងលើកស្ទួយគុនខ្មែរ ក៏ដូចជាការត្រៀមរៀបចំនូវព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នៅទីក្រុង Las Vegas សហរដ្ឋអាមេរិកទៀតផង។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត នៅស្ថានីយទូរទស្សន៍ថោន កាលពីរសៀលថ្ងៃទី២៧ ខែមីនា ប្រធានស្ថាប័ន WCK ខាងលើបានបញ្ជាក់ថា លោករស់នៅទីក្រុងឡុងប៊ិច ដែលមានសហគមន៍ពលរដ្ឋខ្មែររស់នៅ ហើយលោកក៏មានទំនាក់ទំនងល្អ និងស្និទ្ធស្នាលជាមួយប្រជាជនខ្មែរនៅទីនោះដែរ។ នេះជាជំហានដំបូង នៃកិច្ចសហការជាមួយគុនខ្មែរ ព្រោះលោកចង់ផ្សព្វផ្សាយ និងលើកស្ទួយគុនខ្មែរ ហើយលោកនឹងព្យាយាមយកកីឡាករកម្ពុជា ទៅប្រកួតនៅទីក្រុង Las Vegas នាថ្ងៃអនាគត។
លោកបន្ដថា «នេះគ្រាន់តែជំហានទី១ ក្នុងការរឹតចំណងមិត្តភាពឲ្យបានខ្លាំងក្លាជាមួយស្ថានីយទូរទស្សន៍ថោន, ស្ថាប័ន IPCC ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ហើយជំហានបន្ទាប់ ខ្ញុំនឹងមានគម្រោងរៀបចំការប្រកួត KUN KHMER X USA នៅទីក្រុង Las Vegas សហរដ្ឋអាមេរិកវិញម្ដង ។ ទីក្រុង Las Vegas គឺជាទីក្រុងមួយដ៏ល្អផូផង់ និងជាកន្លែងទេសចរណ៍ ដែលគ្រប់ៗគ្នាចង់ទៅកម្សាន្ដ ហើយកីឡាករនឹងបានទៅប្រកួតនៅទីនោះ និងសប្បាយរីករាយជាមួយទីក្រុង Las Vegas ផងដែរ»។
លោក Dennis Warner បានសង្កត់ធ្ងន់ទៀតថា «អ្វីដែលសំខាន់ ខ្ញុំចង់ទៅលេងប្រាសាទអង្គរវត្ត ដែលជាក្ដីស្រម៉ៃរបស់ខ្ញុំជាយូរមកហើយ។ ឥឡូវវយើងបានសហការរៀបចំព្រឹត្តិការណ៍នៅទីនោះ ហើយខ្ញុំនឹងព្យាយាមផ្សព្វផ្សាយទៅកាន់សហរដ្ឋអាមេរិក ក៏ដូចជាពិភពលោក ពីប្រទេសកម្ពុជា ដែលជាប្រទេសមានសុខសុវត្ថិភាព មានសន្ដិភាព មានទីកន្លែងល្អៗ ជារួមខ្ញុំនឹងព្យាយាមផ្សព្វផ្សាយពីការអភិវឌ្ឍ និងភាពរីកចម្រើននៅទីនេះ»។
ជាមួយគ្នាលោក ថមមី គីម ប្រធាន IPCC ប្រចាំនៅកម្ពុជា ក៏បានថ្លែងអំណរគុណប្រធានស្ថាប័ន WCK ខាងលើ ដែលបានសហការគាំទ្រគុនខ្មែរ រហូតបង្កើតជានិម្មិតសញ្ញា (Logo) រួមគ្នា គឺ WCK-KUN KHMER ដែលជាការផ្ដល់តម្លៃ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងស្ថាប័នទាំងពីរ ក៏ដូចជារវាងប្រទេសទាំងពីរ ហើយលោកនឹងព្យាយាមពង្រឹង និងពង្រីកទំនាក់ទំនងនេះឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីផ្សព្វផ្សាយពីគុនខ្មែរ។
លើសពីនេះ លោកក៏បានទម្លាយទៀតថា «តាមពិតយើងមានផែនការរៀបចំព្រឹត្តិការណ៍ KUN KHMER X USA នៅទីក្រុង Las Vegas មុន ប៉ុន្ដែដោយសារមានការរអាក់រអួល បន្ទាប់ពីការផ្លាស់ប្ដូររដ្ឋាភិបាលសហរដ្ឋអាមេរិក យើងក៏លើកកម្មវិធីមកធ្វើនៅកម្ពុជាមុន។ បន្ទាប់មកយើងនឹងទៅធ្វើនៅទីក្រុង Las Vegas ។ អ៊ីចឹងបើសិនជាគុនខ្មែរយើងបានរៀបចំនៅទីក្រុង Las Vegas គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ សម្រាប់គុនខ្មែរ ចូលទៅដល់ពិភពលោក ដែលជាទឹកដីមួយអស្ចារ្យ និងពិភពលោកគ្រប់គ្នាគេប្រាថ្នាចង់ទៅទីនោះ»។
ឆ្លៀតឱកាសនោះដែរ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ក៏បានសម្ដែងនូវការគាំទ្រ ចំពោះកិច្ចសហការប្រតិបត្តិ ដើម្បីផ្សព្វផ្សាយ និងការអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរ ។ បន្ថែមលើនេះ លោកក៏បានរំឮកនូវអនុសាសណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានអនុញ្ញាតឲ្យប្រតិភូ WCK និងប្រតិភូគុនខ្មែរសហរដ្ឋអាមេរិក ចូលជួបសម្ដែងការគួរសមកាលពីថ្មីៗផងដែរ។
លោកបន្ដថា «អ្វីដែលសម្ដេចបវរធិបតី យកចិត្តទុកដាក់ គឺការប្រកួត ជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ តែអ្វីដែលសំខាន់ គឺសម្ដេចបានផ្ដាំផ្ញើឲ្យមានកិច្ចសហការ និងបង្កើននូវចំណងមិត្តភាព ក៏ដូចជារក្សាបាននូវស្មារតីកីឡាក្នុងការប្រកួតពញរោះការប្រកួត តែងតែមានការប៉ះទង្គិច តែអ្វីដែលសំខាន់ គឺការរក្សាឲ្យបាននូវស្មារតីជាកីឡាករ ដែលជាស្មារតីមិត្តភាព សាមគ្គីភាព រវាងកីឡាករ និងកីឡាករផង និងជាមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ រវាងប្រទេស និងប្រទេស ផង»។
ជាមួយគ្នានោះ លោកក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំស្ថាប័ន WKC ដែលបានយកចិត្តទុកដាក់ និងទទួលស្គាល់ថា គុនខ្មែរ ពិតជាប្រភេទនៃកីឡាប្រយុទ្ធរបស់ជនជាតិខ្មែរ របស់បុព្វបុរសខ្មែរ ហើយជាប្រភេទកីឡាប្រយុទ្ធមួយ ដែលមានលក្ខណៈពិសេស និងមានភាពចំណាស់ជាងគេនៅក្នុងប្រវត្តិសាស្ដ្រនៃមនុស្សជាតិផងដែរ។
គួរដឹងថា ព្រឹត្តិការណ៍ប្រដាល់ KUN KHMER X USA នៅក្រុងសៀមរាប នារាត្រីថ្ងៃសុក្រនេះ នឹងមានជំនួបដ៏អស្ចារ្យរវាងកីឡាករគុនខ្មែរ ៥រូប ទល់នឹងកីឡាករអាមេរិក ៥រូប ក្នុងនោះក៏មានគូដណ្ដើមខ្សែក្រវាត់តេជោសន្ដិភាព រវាងកីឡាករលំដាប់កំពូលកម្ពុជា ធឿន ធារ៉ា ជាមួយកីឡាករជើងខ្លាំងអាមេរិក Max Cruz ទម្ងន់ ៧៣គីឡូក្រាមផងដែរ៕