(ភ្នំពេញ)៖ អង្គមហាសន្និបាតគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានជំរុញសហព័ន្ធកីឡាជាតិ ពិសេសប្រភេទកីឡា ដែលត្រូវបានដាក់បញ្ចូលក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ ត្រូវបន្ដខំប្រឹងកុំឲ្យបាត់នូវគុណផលកីឡារបស់ខ្លួន និងឆ្ពោះទៅរកការប្រកួតប្រជែងដ៏ល្អប្រសើរ ទោះបីមេដាយអាចខុសពីលទ្ធផលកាលកម្ពុជាធ្វើជាម្ចាស់ផ្ទះក៏ដោយ។
នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ក្រោយបញ្ចប់មហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ដែលដឹកនាំដោយលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធាន NOCC នៅទីស្នាក់ការរបស់ខ្លួន កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងសហព័ន្ធកីឡាជាតិទាំង ៥៦ ផងដែរ។
លោកបន្ដថា សមិទ្ធផលកន្លងមក គឺជាមោទនភាពទាំងអស់គ្នា សម្រាប់វិស័យកីឡាជាតិ ក៏ដូចជាចលនាអូឡាំពិក ហើយសមិទ្ធផលដែលបានកើតឡើងនេះ មហាសន្និបាតបានចាត់ទុកថា ដោយសារគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានចក្ខុវិស័យ និងមានយុទ្ធសាស្ដ្របញ្ចកោណច្បាស់លាស់ក្នុងការជំរុញឲ្យគ្រប់ក្រសួង-ស្ថាប័ន និងមន្ទីរ និងអង្គការទាំងអស់ ឲ្យធ្វើការអភិវឌ្ឍ និងកែទម្រង់មួយចំនួន។
បន្ថែមលើការសាទរជាមួយសមិទ្ធផលឆ្នាំចាស់នេះដែរ អង្គមហាសន្និបាត ក៏បានផ្ដោតសំខាន់លើការងារមួយចំនួន ពិសេសការត្រៀមលក្ខណៈចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ដែលថៃ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត បន្ទាប់ពីកម្ពុជា ដែលសហព័ន្ធជាតិ និងអត្តពលិកកម្ពុជា កំពុងត្រៀមខ្លួនខិតខំប្រឹងប្រែង ដើម្បីរក្សាបាននូវកិត្តិយសជាតិ ទោះបីលទ្ធផលស៊ីហ្គេមចុងឆ្នាំនេះ អាចមានការប្រែប្រួលពីស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
លោកបន្ដថា «មហាសន្និបាតបានឯកភាពគ្នាទាំងស្រុងថា លទ្ធផលដែលយើងរំពឹងទុកថា នឹងចេញមកពីស៊ីហ្គេម នៅថៃ ចុងឆ្នាំនេះ គឺមិនអាចដូចលទ្ធផលយើងធ្វើជាម្ចាស់ផ្ទះបានទេ ព្រោះប្រភេទកីឡាមួយចំនួន ខាងម្ចាស់ផ្ទះថៃ គេអត់ដាក់ទេ ហើយការរៀបចំការប្រកួត នៅទឹកដីគេ មិនដូចនៅទឹកដីយើងទេ។ អ៊ីចឹងមានកត្ដាច្រើនណាស់ ដែលថាយើងអាចសន្និដ្ឋានថា មិនដូចយើងធ្វើម្ចាស់ផ្ទះទេ»។
«យ៉ាងណាមិញ អង្គមហាសន្និបាត បានជំរុញឲ្យសហព័ន្ធទាំងអស់ មានការខិតខំប្រឹងប្រែងរៀបចំខ្លួនឲ្យបានរួចរាល់ក្នុងការចូលរួមនេះ ហើយធ្វើយ៉ាងណាកុំឲ្យបាត់នូវគុណផលកីឡារបស់ខ្លួន ត្រូវព្យាយាម និងសម្រុកធ្វើយ៉ាងណាឲ្យមានការសាមគ្គីភាពគ្នាក្នុងការរៀបចំកីឡាករ រៀបចំផែនការហ្វឹកហាត់ រៀបចំផែនការប្រកួតប្រជែងនៅក្នុងស៊ីហ្គេមនេះឲ្យបានល្អប្រសើរ»។ លោក វ៉ាត់ ចំរើន បន្ថែម។
គួរដឹងថា ស៊ីហ្គេម លើកទី៣៣ នៅថៃ នឹងប្រព្រឹត្តទៅពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ដោយម្ចាស់ផ្ទះថៃ បានសម្រេចកំណត់យកកីឡាចំនួន ៥០ប្រភេទ សម្រាប់ធ្វើការប្រកួតប្រជែង។ កាលពីស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា អត្តពលិកកម្ពុជា ដណ្ដើមបានមេដាយសរុប ២៨២គ្រឿង (មាស ៨១, ប្រាក់ ៧៤ និងសំរឹទ្ធ ១២៧) ដែលជាសមិទ្ធផលជោគជ័យដ៏ត្រចះត្រចង់ក្នុងប្រវត្តិសាស្ដ្រ នៃព្រឹត្តិការណ៍ប្រចាំតំបន់ ២ឆ្នាំម្ដងនេះ៕