(បរទេស)៖ ក្រុមហ៊ុន Toyota Motor បានប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះថា ផលិតកម្មសកលរបស់ខ្លួនបានកើនឡើងជាលើកទីពីរក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ដែលជំរុញដោយទិន្នផលខ្ពស់ និងការលក់មានសន្ទុះខ្លាំងនៅក្នុងប្រទេសជប៉ុន។ ខណៈការកើនឡើងនេះ ត្រូវបានគេមើលឃើញថាគឺជាការងើបឡើងវិញពីរឿងអាស្រូវវិញ្ញាបនប័ត្រកាលពីឆ្នាំមុននៅក្នុងទីផ្សារក្នុងស្រុករបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

Toyota គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោក តាមរយៈរបាយការណ៍ចេញផ្សាយនេះបានបង្ហាញទិន្នផលសកលរបស់ក្រុមហ៊ុនយក្សក្នុងខែកុម្ភៈ បានកើនឡើង ៦% ដល់ចំនួន ៧៧៩,៧៩០ គ្រឿងពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងផលិតកម្មក្នុងស្រុកបានកើនឡើង ១៦% ហើយនៅប្រទេសផ្សេងទៀតបានកើនឡើងតិចជាង ១%។ ដោយឡែកចំពោះប្រាក់ចំណូលសកលវិញបានកើនឡើង ៦% ដែលទទួលបានការគាំទ្រដោយការលក់ក្នុងស្រុកកើនឡើង ២៨% និង នៅក្រៅប្រទេសកើនឡើង ២%។

គួរជម្រាបថា នេះគឺជាលទ្ធវិជ្ជមានគួរឱ្យកត់សម្គាល់សម្រាប់ក្រុមហ៊ុនផលិតរថយន្តយក្សជប៉ុន បន្ទាប់​ពី​មាន​បញ្ហា​ប្រឈម​មុនៗ រួម​ទាំង​ការ​ផ្អាក​ផលិតកម្ម និង​ការ​ប្រមូល​រថយន្ត​មក​វិញ​នៅ​ឆ្នាំ២០២៤។​ ទោះបីជាមានការលំបាកទាំងនេះក៏ដោយ Toyota រំពឹងថានឹងអាចលក់រថយន្តបានលើសពី ១០ លានគ្រឿងនៅក្នុងផលិតកម្មសកលសម្រាប់ឆ្នាំ ២០២៥ ដោយបញ្ជាក់ពីជំហររបស់ខ្លួនជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេ៕