(រីយ៉ូ)៖ ប្រេស៊ីល បានឈានដល់ការបញ្ចប់តួនាទីគ្រូបង្វឹក លោក Dorival Junior ជាផ្លូវការហើយ គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅពេលដឹកនាំលេងសរុប ១៦ប្រកួត និងចាញ់តែ ៣ដងប៉ុណ្ណោះ។
ក្រុមរហស្សនាម «សាំបា» មួយនេះបានចាញ់ក្រុមម្ចាស់ផ្ទះអាហ្សង់ទីន ៤-១ ក្នុងជើងទី២ កាលពីដើមសប្តាហ៍នេះ នៃវគ្គជម្រុះ World Cup 2026 ប្រចាំតំបន់អាមេរិកឡាទីន។
ឆ្លងតាមលទ្ធផលនេះ បានញាំងឱ្យអតីតជើងឯក World Cup ៥សម័យបន្តឈរនៅលេខរៀងទី៤ ក្នុងចំណោម ១០ប្រទេស (ក្រុម) ក្នុងតំបន់ មុនឈានដល់ការសម្រេចដកតំណែងគ្រូបង្វឹកវ័យ ៦២ឆ្នាំ Dorival ដែលបានតែងតាំងដឹកនាំនាអំឡុងខែមករា ឆ្នាំ២០២៤ មក។
លោក Dorival ដែលពុំធ្លាប់លេងឱ្យជម្រើសជាតិសាំបាប្រេស៊ីល កាលនៅជាកីឡាករនោះ បានដឹកនាំក្លិបអាជីព Flamengo ឈ្នះជើងឯកប្រចាំតំបន់ Copa Libertadores កាលឆ្នាំ២០២២ ដែលជាពានធំក្នុងអាជីពគ្រូបង្វឹករបស់លោក។
បើយោងតាមការចេញផ្សាយដោយ The Athletic កាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា សហព័ន្ធបាល់ទាត់ប្រេស៊ីល CBF បានកំពុងពិភាក្សាជាមួយលោក Carlo Ancelotti សញ្ជាតិអ៉ីតាលី ដែលកំពុងដឹកនាំក្លិប Real Madrid មកជំនួសលោក Dorival ដើម្បីលេង World Cup 2026៕