(សៀមរាប)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានសម្ដែងនូវការអរគុណ ចំពោះថ្នាក់ដឹកនាំស្ថាប័នប្រដាល់សេរីពិភពលោក(WCK) និងស្ថាប័ន International Professional Combat Council (IPCC) ដែលបានទទួលស្គាល់ និងគាំទ្រគុនខ្មែរ ជាសម្បត្តិក្បាច់គុនអត្តសញ្ញាណជាតិរបស់កម្ពុជា។
នេះបើតាមការបញ្ជាក់ក្នុងឱកាសលោកទេសរដ្ឋមន្ដ្រី បានអញ្ជើញជាអធិបតី ក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ-សហរដ្ឋអាមេរិក (KUN KHMER X USA) និងការប្រកួតដណ្ដើមខ្សែក្រវាត់តេជោសន្ដិភាព លើកទី៣ នៅខេត្តសៀមរាប កាលពីរាត្រីថ្ងៃទី២៨ ខែមីនាកន្លងទៅ ដែលទទួលបានការគាំទ្រយ៉ាងច្រើនកុះករ គ្រាដែលកីឡាករជួរមុខកម្ពុជា ធឿន ធារ៉ា បានគ្រងខ្សែក្រវាត់តេជោសន្ដិភាព លើកទី៣ ក្រោយយកឈ្នះកីឡាករអាមេរិក Max Cruz ដោយពិន្ទុ។
ឆ្លៀតឱកាសនោះ តាងនាមរាជរដ្ឋាភិបាល ក៏ដូចជាសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធគុនខ្មែរអន្ដរជាតិ ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស លោកបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះប្រតិភូ និងកីឡាករគុនខ្មែរអាមេរិក ដែលបានមកទស្សនកិច្ច និងចូលរួមព្រឹត្តិការណ៍ប្រកួតគុនខ្មែរមិត្តភាពអន្ដរជាតិកម្ពុជា-អាមេរិក និងដណ្ដើមខ្សែក្រវាត់ «តេជោសន្ដិភាព» លើកទី៣ ដែលរៀបចំដោយទូរទស្សន៍ថោន នៅអង្គរបេតិកភណ្ឌពិភពលោកនៃព្រះរាជាណាចក្រអច្ឆរិយៈ ដែលជាទឹកដីកំណើតរបស់គុនខ្មែរ ។
លោកបណ្ឌិត ថោង ខុន បន្ដថា «ខ្ញុំសូមថ្លែងអំណរគុណដល់ស្ថាប័ន WCK និងស្ថាប័ន IPCC ដែលបានទទួលស្គាល់គុនខ្មែរ និងសហការជាមួយសហព័ន្ធប្រដាល់គុនខ្មែរ ស្ថានីយទូរស្សន៍ថោន ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរមិត្តភាពអន្តរជាតិកម្ពុជាអាម៉េរិក និងដណ្តើមខ្សែក្រវ៉ាត់ “តេជោសន្តិភាព” លើកទី៣ ដ៏មហោឡារិក នាពេលនេះ»។
គុនខ្មែរមានប្រវត្តិដ៏យូរលង់ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ហើយនៅថ្ងៃទី២៩ ខែមីនានេះ គណៈប្រតិភូប្រដាល់គុនខ្មែរសហរដ្ឋអាមេរិក នឹងបានទស្សនាសិលាចារឹកផ្ទាល់ នៅតាមជញ្ជាំងប្រាសាទបុរាណបន្សល់ទុកដោយបុព្វបុរសដូនតាខ្មែរ ដូចជាប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ប្រាសាទអង្គរវត្ត ដែលជាការបង្ហាញនូវតឹកតាងយ៉ាងច្បាស់អំពីប្រវត្តិគុនខ្មែរ។
លោកទេសរដ្ឋមន្ដ្រីបន្ថែមថា «ព្រឹត្តិការណ៍ប្រកួតគុនខ្មែរដណ្តើមខ្សែក្រវាត់តេជោសន្តិភាព លើកទី៣នេះ រៀបចំឡើង ក្នុងគោលបំណងសម្តែងនូវការដឹងគុណដល់សម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលសម្តេចបានធ្វើពលិកម្មដ៏ធំធេងក្នុងប្រវត្តិសាស្រ្ត ដើម្បីរំដោះប្រទេសជាតិចេញផុតពីរបបប្រល័យពូជសាសន៍ និងបាននាំមកនូវសុខសន្តិភាព ពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យជូនប្រទេសជាតិ និងប្រជាជន»។
«ជាមួយនេះ យើងខ្ញុំសូមសម្តែងនូវការគាំទ្រ និងកោតសរសើរដ៏ស្មោះ ចំពោះរាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបន្តធ្វើសកម្មភាពយ៉ាងក្លៀវក្លាប្រកបដោយការ ប្តេជ្ញាចិត្តខ្ពស់បំផុត ពោរពេញដោយថាមពលស្វាហាប់ និងទទួលបានលទ្ធផលផ្លែផ្កាយ៉ាងឆាប់រហ័ស ដែល ជាក្តីសង្ឃឹមយ៉ាងពិតប្រាកដរបស់ប្រជាពលរដ្ឋ»។
លើសពីនេះ លោកបណ្ឌិត ថោង ខុន ក៏បានសម្ដែងនូវការថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅ និងខ្ពង់ខ្ពស់បំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេ តែងយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកស្ទួយវិស័យគុនខ្មែរ រហូតមានការគាំទ្រយ៉ាងខ្លាំងខ្លាទាំងលើឆាកជាតិ និងអន្តរជាតិ ព្រមទាំងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្ដេចបានបន្តយកចិត្តទុកដាក់ដឹកនាំផ្ទាល់ជាប្រចាំក្នុងការលើកស្ទួយដល់ការអភិរក្ស និងអភិវឌ្ឍយុទ្ធគុនខ្មែរបុរាណពិសេសគុនខ្មែរ ក្នុងទិសដៅ “រួមគ្នាក្នុងធ្លុងមហាសាមគ្គីជាតិខ្មែរ”៕