(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់បោះអង្គុយជនពិការជើងឯកអាស៊ី លើកទី១ ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធពិធីបើកការប្រកួតជាផ្លូវការ នៅល្ងាចថ្ងៃទី២៨ ខែមីនានេះ នៅមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន ក្រោមវត្តមានលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។
យោងតាមរបាការណ៍លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា(NPCC) ព្រឹត្តិការណ៍បាល់បោះអង្គុយជនពិការជើងឯកអាស៊ី ដែលជាប្រភេទកីឡាថ្មី និងជាការចាប់ផ្ដើមលើកដំបូងពីប្រទេសកម្ពុជានេះ គឺមានអត្តពលិកចូលរួម ៦ប្រទេស រួមមានម្ចាស់ផ្ទះកម្ពុជា ថៃ ម៉ាឡេស៊ី ឥណ្ឌា នេប៉ាល់ និងស្រីលង្ការ ។ ការប្រកួតមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨-៣០ ខែមីនា ឆ្នាំ២០២៥ លើ ២វិញ្ញាសា គឺវិញ្ញាបាល់បោះបុរស និងនារី។
ជាមួយគ្នានោះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ NPCC និងអង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់រហូតទទួលបានលទ្ធផលជាមោទនភាពសម្រាប់ជាតិ ជាពិសេសសហព័ន្ធកីឡាបាល់បោះពិភពលោក ដែលបានសហការយ៉ាងជិតស្និទ្ធ ជាមួយ NPCC ក្នុងការរៀបចំការប្រកួតជើងឯកកីឡាបាល់បោះជនពិការអាស៊ី លើកទី១ នេះឡើង។
លើសពីនេះ លោកបលើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ដែលបានចូលរួមក្នុងការប្រកួតនេះឲ្យបន្តខិតខំប្រឹងប្រែង ដើម្បីបង្ហាញអំពីសមត្ថភាពរបស់ខ្លួន ពិសេសដើម្បីលើកកម្ពស់នូវសិទ្ធិសេរីភាពក្នុងការរស់នៅ ដោយទោះបីជាបងប្អូនមានពិការភាពក្តី ក៏ប៉ុន្តែស្មារតីកីឡានៅតែបង្ហាញឆន្ទៈដ៏មោះមុត និងភាពជាគំរូដ៏ល្អសម្រាប់ជនពិការដទៃទៀតនៅទូទាំងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់អាស៊ី ព្រមទាំងបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមទស្សនា និងគាំទ្រដល់កីឡាបាល់បោះជនពិការតាមគ្រប់មធ្យោបាយ និងនៅគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជាឲ្យបានច្រើនកុះករផងដែរ។
សម្រាប់ពិធីបើកការប្រកួតកីឡាបាល់បោះអង្គុយជនពិការជើងឯកអាស៊ី លើកទី១ ឆ្នាំ២០២៥ ក៏មានការចូលរួមពីលោក Shaharuddin Bin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី, លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា និងលោកស្រី Nimala Rawit ប្រធានសហព័ន្ធកីឡាបាល់បោះជនពិការពិភពលោក ។ ជាមួយគ្នា លោកឧបនាយករដ្ឋមន្ដ្រី ក៏បានបំពាក់គ្រឿងឥស្សរិយស ចំនួ ន២គ្រឿង ជូនលោក Albert Premkumar អគ្គលេខាធិការ និងលោកស្រី Nimala Rawat ប្រធានសហព័ន្ធកីឡាបាល់បោះជនពិការពិភពលោកផងដែរ៕