(បរទេស)៖ កំពូលមហាសេដ្ឋីលោក Elon Musk បានប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះថា ក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត xAI របស់លោកបានទិញប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោកដែលពីមុនហៅថា Twitter ក្នុងកិច្ចព្រមព្រៀងភាគហ៊ុនទាំងអស់។ ការទិញលក់នេះ នឹងច្របាច់ក្រុមហ៊ុនទាំងពីរចូលគ្នាជាអង្គភាពតែមួយ ដោយតម្លៃប្រតិបត្តិការរបស់ xAI មានចំនួន ៨០ ពាន់លានដុល្លារ និង X មានចំនួន ៣៣ ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNBC នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥។

Musk បានបង្ហោះសារនៅលើបណ្តាញផ្សព្វផ្សាយសង្គម X ថា «អនាគតរបស់ xAI និង X មានភាពជាប់ទាក់ទងគ្នា»។ «ថ្ងៃនេះ យើងចាត់វិធានការជាផ្លូវការដើម្បីបញ្ចូលគ្នានូវទិន្នន័យ​ ម៉ូដែល ការគណនា ការចែកចាយ និងទេពកោសល្យ»។ លោកបានបន្ថែមថា ការរួមបញ្ចូលគ្នានេះនឹង «ដោះសោសក្តានុពលដ៏ធំសម្បើមដោយការបញ្ចូលគ្នានូវសមត្ថភាព និងជំនាញ AI កម្រិតខ្ពស់របស់ xAI ជាមួយនឹងលទ្ធភាពដ៏ធំរបស់ X»។ Musk បានសង្កត់ធ្ងន់ថា X នឹងឈានដល់តម្លៃសរុបចំនួន ៤៥ ពាន់លានដុល្លារ នៅពេលរាប់បញ្ចូលទាំងបំណុលចំនួន ១២ ពាន់លានដុល្លារ។ ខណៈដើមឡើយ Musk បានទិញ Twitter​ (បច្ចុប្បន្ន X) ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារក្នុងឆ្នាំ២០២២។

គួរជម្រាបថា ​ ការទិញយកនេះឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្ររបស់ Musk ដើម្បីបង្កើនការរួមបញ្ចូល AI នៅលើ X ដោយសារ xAI បានចូលរួមចំណែកដល់ X តាមរយៈ chatbot របស់ខ្លួនរួចហើយគឺ Grok។ ទោះបីជាមានបញ្ហាប្រឈមដោយ X ចាប់តាំងពីការកាន់កាប់របស់ Musk រួមទាំងការធ្លាក់ចុះនៃប្រាក់ចំណូល និងអ្នកផ្សាយពាណិជ្ជកម្ម ការរួមបញ្ចូលគ្នានេះអាចបង្ហាញពីការផ្លាស់ប្តូរដ៏ធំមិនធ្លាប់មានសម្រាប់វេទិកានេះ។ ជាងនេះទៅទៀត កិច្ចព្រមព្រៀងនេះក៏ត្រូវបានគេមើលឃើញថា មានគោលបំណងការពារវិនិយោគិនដែលបានគាំទ្រដល់ការទិញយក X របស់ Musk ដោយធានាថាពួកគេមិនមានការខាតបង់ច្រើនទេ ដោយសារក្រុមហ៊ុនទាំងពីរត្រូវបានគ្រប់គ្រងដោយឯកជន និងគ្រប់គ្រងដោយ Musk៕