(សៀមរាប)៖ លោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំផ្ទាល់ នៃដំណើរទស្សនកិច្ចរបស់លោក Dennis Warner ប្រធានស្ថាប័នប្រដាល់សេរីពិភពលោក (WCK) និងប្រតិភូគុនខ្មែរសហរដ្ឋអាមេរិក ក្នុងការទស្សនាសិលាចារឹក នៅតាមជញ្ជាំងប្រាសាទបុរាណបន្សល់ទុកដោយបុព្វបុរសដូនតាខ្មែរ ដូចជាប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម និងប្រាសាទអង្គរវត្តជាដើម ដែលជាការបង្ហាញនូវតឹកតាងយ៉ាងច្បាស់អំពីប្រវត្តិគុនខ្មែរ។
ដំណើរទស្សនកិច្ចនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសដ៏រីករាយ និងអនុស្សាវរីយ៍ល្អៗជាច្រើន បន្ទាប់ពីមានការធ្វើបទបង្ហាញ តាមរយៈសិលាចារឹកដោយអ្នកជំនាញ អំពីដើមកំណើនគុនខ្មែរ ដែលមានពាក់ព័ន្ធនឹងប្រវត្តិកកើតនូវចក្រភពអង្គរ និងបានផ្សារភ្ជាប់ជាមួយក្បាច់គុនខ្មែរបុរាណ ។ អ្វីដែលពិសេស គឺភាពអស្ចារ្យនៃសម្បត្តិបេតិកភណ្ឌពិភពលោកលើទឹកដីអច្ឆរិយៈអង្គរផ្ទាល់តែម្ដង ដែលធ្វើឲ្យធ្វើឲ្យមានភ្ញាក់ផ្អើលជាខ្លាំង ពិសេសលោក Dennis Warner ប្រធានស្ថាប័ន WCK ដែលលោកប៉ុនប៉ងមកទស្សនាកម្សាន្ដប្រាសាទអង្គរវត្ដជាយូរមកហើយ។
លោក Dennis Warner បង្ហាញអារម្មណ៍ផ្ទាល់ ទៅកាន់លោកទេសរដ្ឋមន្ដ្រី ថោង ខុន ថា «ដំណើរទស្សនកិច្ចនេះ ពិតជាធ្វើឲ្យពួកយើង ព្រមទាំងប្រតិភូ និងកីឡាករគុនខ្មែរសហរដ្ឋអាមេរិកទាំងអស់ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានស្ដាប់ និងស្វែងយល់អំពីសាវតានៃការកើតក្បាច់គុនខ្មែរបុរាណ ពិសេសគុនខ្មែរ និងភាពអស្ចារ្យប្រាង្គប្រសាទបុរាណខ្មែរ ។ ខ្ញុំពិតជាសប្បាយរីករាយ ហើយខ្ញុំនឹងបន្ដលើកិច្ចសហការជាមួយកម្ពុជា លើការគាំទ្រ និងផ្សព្វផ្សាយគុនខ្មែរ ទៅកាន់សហរដ្ឋអាមេរិក និងពិភពលោកបន្ថែមទៀត»។
សូមបញ្ជាក់ថា ក្នុងឱកាសដំណើរទស្សនកិច្ចខាងលើ ក្រៅពីការទទួលស្វាគមន៍ដ៏កក់ក្ដៅ លោកបណ្ឌិត ថោង ខុន ក៏បានរំឮកនូវប្រវត្តិក្បាច់គុនបុរាណខ្មែរ ដល់ថ្នាក់ដឹកនាំស្ថាប័ន WCK និងប្រតិភូគុនខ្មែរសហអាមេរិកថា «គុនខ្មែរមានប្រវត្តិដ៏យូរអង្វែង ដែលមានអាយុកាលរាប់ពាន់មកហើយ។ អ្នកអាចស្រាវជ្រាវស្វែងយល់ពីប្រវត្តិបន្ថែម តាមរយៈការទស្សនាប្រាសាទអង្គរវត្ត ក៏ដូចជាចម្លាក់នៅតាមប្រាសាទបាយ័ន។
មុនឆ្នាំ១៩៧០ គុនខ្មែរមានភាពល្បីល្បាញ និងមានឥទ្ធិពលខ្លាំងនៅក្នុងតំបន់។ ចាប់ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ប្រទេសកម្ពុជាបានរងគ្រោះដោយសារសង្រ្គាមស៊ីវិល បន្ទាប់មកដោយរបបប្រល័យពូជសាសន៍ពីឆ្នាំ១៩៧៥ ដែលមានរយៈពេលជាង ៣ ឆ្នាំ។ ក្នុងអំឡុងពេលនេះ បញ្ញវន្ត អ្នកជំនាញ អត្តពលិក និងគ្រូបង្វឹកជាច្រើនបានបាត់បង់ជីវិត ។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បន្ទាប់ពីប្រទេសជាតិត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ យើងខិតខំ ប្រមែប្រមូលអត្តពលិក និងគ្រូបង្វឹក ដែលនៅរស់រានមានជីវិត។ ប៉ុន្តែដោយសារសង្គ្រាមស៊ីវិលកំពុងបន្ត និងការចាប់ផ្តើមថ្មី វាមានភាពពិបាកក្នុងការស្តារវិស័យកីឡាឡើងវិញ» លោកទេសរដ្ឋមន្ដ្រីបន្ថែមថា «សូមអរគុណសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្រាប់នយោបាយឈ្នះ ឈ្នះ បានធ្វើឲ្យកម្ពុជាទទួលបានសុខសន្តិភាពពេញលេញចាប់ពីឆ្នាំ១៩៩៨។ គ្រប់ផ្នែកនៃវិស័យសេដ្ឋកិច្ច សង្គម រួមទាំងវិស័យកីឡាបានរីកចម្រើន ហើយយុទ្ធគុនខ្មែរបុរាណ ត្រូវបានផ្សព្វផ្សាយអស់រយៈពេល ២៧ឆ្នាំ ដោយមានការគាំទ្រខ្លាំងទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសតាមរយៈការប្តេជ្ញាចិត្តដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី។
នៅឆ្នាំ២០២៣ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ យុទ្ធគុនខ្មែរបុរាណ ជាពិសេសគុនខ្មែរទទួលបានភាពជោគជ័យដ៏ត្រចះត្រចង់ ដោយដណ្ដើមបានមេដាយមាសជាច្រើនគ្រឿង។ សម្រាប់អាណត្តិថ្មី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននឹងកំពុងបន្តគាំទ្រ យ៉ាងខ្លាំងខ្លាចំពោះការអភិវឌ្ឍវិស័យកីឡា រួមទាំងយុទ្ធគុនខ្មែរបុរាណ ពិសេសគឺគុនខ្មែរ»៕